អូស្រ្តាលីចេញវិធានការស្តារវិស័យទេសចរណ៍

ទេសចរណ៍ថ្ងៃព្រហស្បត្តិ៍ ទី11 ខែមិីនា ឆ្នាំ2021 ម៉ោង 10:07 នាទី ព្រឹក

ពីវេបសាយ dailynews៖

ដោយ សូរ្យសែង៖

នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន បានប្រកាសផែនការនៅថ្ងៃព្រហស្បតិ៍ ទី ១១ មីនា ឆ្នាំ ២០២១ស្តីពីរដ្ឋាភិបាលនឹងឧបត្ថម្ភមូលធនដល់ជើងហោះហើរដឹកអ្នកដំណើរក្នុងស្រុកចំនួន ៨០០.០០០ ជើងហោះហើរ និងផ្តល់ប្រាក់កម្ចីការប្រាក់ទាប សម្រាប់ប្រតិបត្តិករអាជីវកម្មទេសចរណ៍ខ្នាតតូច ជាផ្នែកមួយនៃវិធានការធ្វើឱ្យឧស្សាហកម្មទេសចរណ៍មានភាពប្រសើរឡើងវិញ ដែលមានតម្លៃ ១.២០០ លានដុល្លារអូស្រ្តាលី ។

វិស័យទេសចរណ៍របស់ប្រទេសអូស្ត្រាលី ជាផ្នែកមួយនៃឧស្សាហកម្មធុនធំ ដែលធ្លាប់បានបង្កើតចំណូលបានក្នុងមួយឆ្នាំៗជាមធ្យម ៦០.០០០ លានដុល្លារអូស្ត្រាលី និងជួយកម្លាំងពលកម្មប្រមាណ ៥% នៃពលកម្មទាំងអស់ក្នុងប្រទេស ប៉ុន្តែឧបសគ្គកើតមានឡើងក្រោយមេរោគកូវីដ-១៩ រាតត្បាត និងបិទប្រទេស តាំងពីខែមីនា ឆ្នាំ ២០២០ បណ្តាលឲ្យមនុស្សអត់ការងារធ្វើជាច្រើនម៉ឺននាក់ និងត្រូវបានទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល (wage-subsidy scheme) ។

 រដ្ឋាភិបាលអូស្ត្រាលីបានរៀបចំផែនការគាំទ្រ បន្ទាប់ពីកម្មវិធីឧបត្ថម្ភប្រាក់ឈ្នួលបញ្ចប់នៅខែនេះ ។ លោកនាយករដ្ឋមន្រ្តី ស្កុត ម៉ូរីសុន នឹងប្រកាសពីផែនការជំរុញមួយផ្សេងទៀត សម្រាប់ឧស្សាហកម្មទេសចរណ៍ សំបុត្រគម្រោងស្តារប្រាក់(ticket to recovery) បានឧបត្ថម្ភដល់ជើងហោះហើរក្នុងស្រុកចំនួន ៨០០.០០០ ជើង ចាប់ពីថ្ងៃទី ១ ខែមេសាដល់ថ្ងៃទី ៣១ ខែកក្កដា ស្របពេលវិធានការបិទព្រំដែនអន្តរជាតិនៅតែចូលជាធរមានដដែល ។

រដ្ឋាភិបាលអូស្រ្តាលីនឹងសន្សំ ៥០% ឬពាក់កណ្តាលនៃថ្លៃសំបុត្រធ្វើដំណើរ សម្រាប់ជើងហោះហើរទៅកាន់គោលដៅនៃទីក្រុងចំនួន ១៣ នៅក្នុងប្រទេស និងក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗ យល់ព្រមបន្ថែមជើងហោះហើរទៅកាន់ទីក្រុងគោលដៅទាំងនេះ «នេះគឺជាសំបុត្រធ្វើដំណើរដើម្បីស្តារ, តម្លៃសំបុត្រពាក់កណ្តាល ៨០០.០០០ ជើង ដើម្បីធ្វើឱ្យប្រជាជនអូស្ត្រាលីបានធ្វើដំណើរ» ។

រដ្ឋាភិបាលទីក្រុងកង់បេរ៉ា ក៏នឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្រុមហ៊ុនអាកាសចរណ៍ធំៗពីររបស់ប្រទេសគឺ Qantas និង Virgin Airways ចាប់ពីថ្ងៃទី ១ ខែមេសាដល់ថ្ងៃទី ៣១ ខែតុលាផងដែរ ដោយគ្រោងនឹងបើកព្រំដែន ផ្តល់ជើងហោះហើរអន្តរជាតិ អាចហោះហើរចូលនិងចេញពីទឹកដីកង់ហ្គូរូបាន ។ លើសពីនេះ រដ្ឋាភិបាលនឹងផ្តល់ប្រាក់កម្ចីមានការប្រាក់ទាបមិនលើស ៥ លានដុល្លារអូស្រ្តាលី ដល់អាជីវកម្មទេសចរណ៍ ដូចជាទីភ្នាក់ងារទេសចរណ៍ ក្នុងនោះអ្នកខ្ចីមិនចាំបាច់សងបំណុលក្នុងរយៈពេល ២ ឆ្នាំដំបូងឡើយ ។

រដ្ឋមន្រ្តីពាណិជ្ជកម្មអូស្រ្តាលីលោក ដេន ធីហាន (Dan Theehan) បាននិយាយថា រដ្ឋាភិបាលត្រូវការអោយប្រជាជនអូស្ត្រាលីដើរតួជាអ្នកស្នេហាជាតិ និងលក់សំបុត្រសម្រាប់ការធ្វើដំណើរនៅឆ្នាំនេះ ៕

 

រូបភាព  Business Traveller,Getty Images, REUTERS

ឃ្លីប –  Sky News Australia


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម