កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ លោក ឈឹម វុទ្ធា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក រួមនឹងប្រធាន អនុប្រធាន គណៈកម្មាធិការស្រុក បានជួបសំណេះសំណាលសាកសួរសុខទុក្ខដល់គ្រួសារកុមាររងគ្រោះ ចំនួន ០៥គ្រួសារ រស់នៅភូមិត្រពាំងភ្នៅ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលបានដុតគីង្គក់ហូបបណ្តាលឱ្យពុលចំនួន ០៥ នាក់ ក្នុងនោះដែរកុមារចំនួន ១នាក់បានស្លាប់ដោយសារហូបគីង្គក់ត្រូវបានអនុសាខាស្រុកនាំយកអំណោយចូលរួមបុណ្យសពនៅភូមិត្រពាំងភ្នៅ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះលោក ឈឹម វុទ្ធា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូន និងបានផ្តល់អំណោយជាសម្ភារ និងជូនថវិកាដល់ប្រជាពលរដ្ឋចំនួន ០៥គ្រួសារ ទទួលបាន៖ អង្ករ ៣០គីឡូក្រាម, ត្រីខ ១យួរ (១០កំប៉ុង), មី ១កេស, ទឹកត្រឡាច ៦កំប៉ុង ,ទឹកដោះគោឆៅ ១យួរ និងថវិកាចំនួន ៣ម៉ឺនរៀល ក្នុងនោះគ្រួសារសពទទួលបានៈ អង្ករ ៣០គីឡូក្រាម, ត្រីខ ១យួរ (១០កំប៉ុង), មី ១កេស, ឃីត ១កញ្ចប់ (មុង ១ ភួយ ១ សារុង ១ និង ក្រមា ១ ), ទឹកត្រី ១យួរ ,ទឹកស៊ីអ៉ីវ ១យួរ និងថវិកាអនុសាខាចំនួន ១០ម៉ឺនរៀល ថវិកាសប្បុរសជនចំនួន ៤ម៉ឺន សរុប១៤ម៉ឺនរៀល។
លោក ឈឹម វុទ្ធា ក៏បានធ្វើការសំណូមពរដល់បងប្អូនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ សូមចូលរួមការពារកុំឱ្យមានការផ្ទុះនៃការរីករាលដាលនៃជម្ងឺកូវីដ១៩ ក្នុងសហគមន៍របស់យើង ដោយយើងត្រូវរួមគ្នាបន្ត អនុវត្តតាមវិធានការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងគោលការរណែនាំរបស់ក្រសួងសុខាភិបាល។ ការបង្ការ ការពារបានគឺត្រូវផ្តើមពីយើងម្នាក់ៗ ខ្លួនយើង គ្រួសារយើង សហគមន៍យើង និងសង្គមជាតិយើង ៕