លោកស្រីអ៊ុង សានស៊ូជី រងការចោទប្រកាន់មួយករណីផ្សេងទៀត បន្ទាប់ពីយោធាបានធ្វើការបិទប្រព័ន្ធអ៊ិនធ័រណែតជាបន្តបន្ទាប់ ក្នុងរយៈពេលមួយយប់

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី16 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 9:58 នាទី ល្ងាច

រ៉ង់ហ្គូន ៖ មេដឹកនាំដែលត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ពីតំណែង លោកស្រីអ៊ុង សានស៊ូជី នៅថ្ងៃអង្គារ ទី១៦ ខែកុម្ភៈនេះ បានរងការចោទប្រកាន់មួយករណីផ្សេងទៀត បន្ទាប់ពីយោធាបានធ្វើការបិទប្រព័ន្ធអ៊ិនធ័រណែតជាបន្តបន្ទាប់ ក្នុងរយៈពេលមួយយប់ ក្នុងគោលបំណងដើម្បីបង្ក្រាបការបះបោរប្រឆាំងនឹងរដ្ឋប្រហារ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។

ក្នុងរយៈពេលជាងពីរសប្តាហ៍ ចាប់តាំងពីពួកឧត្តមសេនីយ៍ បានទំលាក់លោកស្រីអ៊ុង សានស៊ូជី ចេញពីតំណែង និងបានដាក់មេដឹកនាំស៊ីវិលដទៃទៀត ឲ្យស្ថិតនៅក្រោមការឃុំឃាំងក្នុងផ្ទះ នៅឯរដ្ឋធានីណៃពិដោរួចមក ទីក្រុងធំៗ ព្រមទាំងសហគមន៍ភូមិដាច់ស្រយាល បានធ្វើការបះបោរប្រឆាំងទង្វើរដ្ឋប្រហារនេះទាំងបើកចំហ។

0

ក្រុមយោធាបានលើកឡើងពីហេតុផល ដែលនាំឲ្យខ្លួនរឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី សានស៊ូជី ក៏ព្រោះតែដំណើរការបោះឆ្នោត កាលពីពេលកន្លងទៅនេះ ពោពេញដោយការលួចបន្លំ និងមិនមានភាពយុត្តិធម៌ទេ ដោយបានធានាថា ខ្លួនរៀបចំការបោះឆ្នោតឡើងវិញ និងប្រគល់អំណាចទៅដល់បក្ស ដែលឈ្នះយ៉ាងពិតប្រាកដ។

គួេបញ្ជាក់ថា បន្ទាប់ពីការចាប់ឃុំខ្លួនលោកស្រីអ៊ុង សានស៊ូជី នៅក្នុងប្រតិបត្តិការវាយឆ្មក់មួយកាលព្រឹកថ្ងៃទី១ ខែកុម្ភៈដែលជាថ្ងៃធ្វើរដ្ឋប្រហារ អតីតជ័យលាភីណូប៊ែលសន្តិភាពរូបនេះ ត្រូវបានយោធាចោទប្រកាន់ក្រោមច្បាប់នាំចូលនិងនាំចេញ របស់ប្រទេស។

20210201a_(3)

ដោយឡែក នៅថ្ងៃអង្គារនេះ មេធាវីរបស់លោកស្រី លោក Maung Zaw បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា លោកស្រីត្រូវបានគេចោទប្រកាន់ពីបទរំលោភលើច្បាប់គ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសនេះ បន្ថែមមួយករណីទៀត។

Maung Zaw បាននិយាយយ៉ាងដូច្នេះថា «លោកស្រី(រីអ៊ុង សានស៊ូជី) ត្រូវបានចោទប្រកាន់ តាមមាត្រា៨ នៃច្បាប់នាំចូលនិងនាំចេញ និងមាត្រា២៥ នៃច្បាប់គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិផងដែរ»៕

fn-2021-02-08-18-06-17-0


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម