ផ្តើមចេញពីចេកពងមាន់៤គុម្ព ពង្រីកការដាំដុះរហូតដល់ ១៣ហិកតា ក្នុងរយៈពេលជាង ៣ឆ្នាំ ជួយឲ្យកសិករម្នាក់នៅខេត្តប៉ៃលិន មានជីវភាពធូរធា

ចំណេះដឹងទូទៅថ្ងៃពុធ ទី10 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 1:07 នាទី ល្ងាច

ប៉ៃលិន៖ រហូតមកដល់ដើមខែកុម្ភៈ ឆ្នាំ២០២១ គេសង្កេតឃើញប្រជាកសិករម្នាក់ ឈ្មោះ ហ៉ឹម នេត្រា ហៅពេទ្យ អាយុ៥៨ឆ្នាំ រស់នៅភូមិថ្នល់ទទឹង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានប្រកបមុខរបរដាំដើមចេកពងមាន់ ចំនួន ១៣ហិកតា តាំងពីឆ្នាំ២០១៨។ មកដល់បច្ចុប្បន្ន គាត់បានទទួលផល ដោយកាត់លក់ជារៀងរាល់ ១អាទិត្យម្តង និងបានប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃយ៉ាងធូរធា។

fn-2021-02-09-17-50-40-11

ថ្លែងប្រាប់ភ្នាក់ងារយកព័ត៌មាន បានរៀបរាប់ឱ្យដឹងថា ការដាំចេកពងមាន់នៅក្នុងដីរបស់ខ្លួន ដែលមានទំហំប្រមាណ ១៣ហិកតានេះ គឺមានគម្លាតពីគ្នាប្រវែង ៣ម៉ែត្របួនជ្រុង ហើយផ្ទៃដីចំនួន ១៣ហិកតានេះ គាត់ដាំបានសរុបចំនួន ២៩,០០០គុម្ព។

លោកបន្តទៀតថា ការដាំចេកពងមាន់នេះ គឺសុំពូជពីគេ ដោយដំបូងមានត្រឹមតែ ៤គុម្ពប៉ុណ្ណោះ។ លុះក្រោយមកក៏ចេះតែពង្រីកបន្ថែម រហូតដល់អាចដាំបានច្រើនគុម្ពតែម្តង។

fn-2021-02-09-17-50-40-8

កសិករខាងលើបន្ថែមថា ចំពោះការប្រមូលផលផ្លែចេកនេះ គឺគាត់លក់ ១គីឡូក្រាម តម្លៃចាប់ ៣០០០រៀល ទៅ ៣៥០០រៀល តែបើនៅរដូវបុណ្យទានវិញ ដូចជាចូលឆ្នាំចិនជាដើម ការលក់ដូររបស់គាត់ឡើងថ្លៃបន្តិច ដោយ ១គីឡូក្រាម ចាប់ពី៤០០០រៀល ទៅ៤៥០០រៀល។ ម្យ៉ាងវិញទៀត ការប្រមូលផលចេកពងមាន់នេះ សរុបក្នុង១ខែ គឺអាចកាត់យកទៅលក់ដូរប្រហែល៨ ទៅ៩តោន ដោយគាត់ដឹកខ្លួនឯង យកទៅលក់ដូរនៅតូប ដែលជួលនៅក្នុងផ្សារប៉ុមពុយ ខេត្តបាត់ដំបង។

ចំណែកការលក់ដូរចេក នៅក្នុងខេត្តប៉ៃលិនវិញ លោក ហ៉ឹម នេត្រា បញ្ជាក់ថា អត់សូវមានទីផ្សារនោះទេ ព្រោះប្រជាពលរដ្ឋទទួលទិញ ត្រឹមតែ ២០០ ទៅ ៣០០គីឡូក្រាមប៉ុណ្ណោះ ក្នុង១ខែ។ ដូច្នេះ ដោយសារតែចេករបស់ខ្លួនច្រើន ទើបសុខចិត្តកាត់ដឹកយកទៅលក់ដូរនៅខេត្តបាត់ដំបងវិញ។

fn-2021-02-09-17-50-41-14

លោកបញ្ជាក់ទៀតថា មិនត្រឹមតែប៉ុណ្ណោះ ចេករបស់គាត់ ក៏មានជនជាតិថៃ ចូលមកកុម្មង់ទិញ វេចខ្ចប់ ដោយយកទៅលក់បន្តនៅប្រទេសចិន លុះជាប់គាំងនឹងបញ្ហាវិបត្តិកូវីដ១៩ ក៏ផ្អាក ដោយមានតែទីផ្សារខ្មែរប៉ុណ្ណោះ។ សម្រាប់ចេករបស់គាត់ មានការខ្ចប់ច្រកថង់ទាំងស្ទងតាំងពីចេកនៅខ្ចី ដើម្បីឱ្យពណ៌សម្បុរថ្លាល្អ ងាយស្រួលក្នុងការលក់ដូរទៀតផង។

លោក ហ៉ឹម នេត្រា បានថ្លែងអំណរគុណដល់មន្ទីរកសិកម្មខេត្តប៉ៃលិន ដែលបានចំណាយពេលវេលាចុះទៅដល់ចម្ការផ្ទាល់ ដើម្បីជួយពន្យល់ ពីរបៀបដាំ របៀបថែទាំចេកពងមាន់របស់ខ្លួនឱ្យបានល្អប្រសើរផងដែរ។

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន បានបញ្ជាក់បន្ថែមដែរថា នៅទូទាំងខេត្តប៉ៃលិន មានការដាំដំណាំជារួម ជាង៧០,០០០ហិកតា ក្នុងនោះមានដំណាំពោតក្រហម ដំឡូងមី តាង៉ែន ហៅមៀនប៉ៃលិន ស្វាយកែវរមៀត និងដំណាំផ្សេងៗ មួយចំនួនទៀត។ តែក៏មានប្រជាកសិករ ដាំចេកពងមាន់ ចំនួន ៣កន្លែងប៉ុណ្ណោះ នៅទូទាំងខេត្តប៉ៃលិន។

fn-2021-02-09-17-50-40-12

លោកបន្តទៀតថា ខាងមន្ទីរកសិកម្មខេត្ត ក៏មានការបង្ហាត់បង្រៀន ដល់កសិករឱ្យយល់ដឹងពីរបៀបថែទាំ និងនាំក្រុមហ៊ុនពីខាងក្រៅ ឱ្យចូលមកទាក់ទង ដើម្បីទិញចេកយកទៅលក់ដូរនៅប្រទេសថៃផងដែរ។ ជាក់ស្តែងនៅក្នុងចម្ការរបស់កសិករម្នាក់ ឈ្មោះ ហ៉ឹម នេត្រា ដែលបានផលិតចេកពងមាន់ អាចទទួលបានផលជាប្រាក់ចំណេញគួរឱ្យកត់សម្គាល់ ដោយគាត់អាចផលិតលក់នៅក្នុងខេត្តប៉ៃលិន និងលក់ដូររហូតដល់ខេត្តបាត់ដំបងផងដែរ។

ខាងមន្ទីរកសិកម្មខេត្ត ក៏បាននាំយកនូវថ្នាំកសិកម្មមួយចំនួន ដើម្បីឱ្យម្ចាស់ចម្ការបាញ់ ស្រោចទៅលើដំណាំចេក សម្រាប់ការពារ និងកំចាត់សត្វល្អិត កុំឱ្យស៉ីបំផ្លាញផ្លែចេក ហើយគោលបំណងរបស់មន្ទីរកសិកម្ម គឺចង់ឱ្យម្ចាស់ចម្ការខាងលើ និង ប្រជាពលរដ្ឋពង្រីកការដាំដុះដំណាំចេកឱ្យកាន់តែច្រើន តាមស្តង់ដារ ដើម្បីនាំចេញទៅលក់ដូរនៅក្រៅប្រទេសផងដែរ។ នេះបើតាមលោក សាយ សុផាត៕

fn-2021-02-09-17-50-40-5

fn-2021-02-09-17-50-40-4


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម