ភោជនីយដ្ឋានភូមាក្នុងទីក្រុងបាងកក បើកឲ្យហូប ​Free  តែសុំត្រឹមតែប្រឆាំងរដ្ឋប្រហារយោធា

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី06 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 12:21 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

ថ្ងៃទី ៥ កុម្ភៈ វេបសាយ វ៉ាយ ដតខម រាយការណ៍ថា ភោជនីយដ្ឋានឈ្មោះ ម៉ាន់ថាឡេ ហ្វូតហស ជាហាងអាហាររបស់ជនជាតិមីយ៉ាន់ម៉ាដែលបើករកស៊ីនៅក្នុងទីក្រុងបាងកក ប្រទេសថៃ បានបើកឲ្យភ្ញៀវចូលបរិភោគមិនគិតថ្លៃ ដើម្បីគោលបំណងតស៊ូជាមួយរដ្ឋប្រហាររបស់យោធានៅស្រុកកំណើតរបស់ខ្លួន ដោយមិនគិតពីខាតបង់ចំណូលឡើយ តែបើមានសទ្ធាចូលជាវិភាគទានសម្រាប់ប្រឆាំងរបបផ្តាច់ការ គិតអនាគតប្រទេសជាតិ ។

សៃ ឡៅ ម៉ៃ ម្ចាស់ភោជនីយដ្ឋានខាងលើ បានផ្តល់សម្ភាសថា ក្រោយពីមានរដ្ឋប្រហារនៅក្នុងប្រទេសរបស់ខ្លួន ខ្ញុំមិនចង់លក់ដូរបន្តទៅទៀតឡើយ ពេលនេះខ្ញុំចង់បង្កើតមូលនិធិដើម្បីគាំទ្រគ្រប់វិធីដែលអាចធ្វើបាន ។

ហាងរបស់គាត់បានបិទរូបថតលោកស្រី អ៊ុង សានស៊ឃ្យី ទីប្រឹក្សារដ្ឋភូមា នៅនឹងមុខហាងតែម្តង ដើម្បីសម្តែងឲ្យឃើញថា ជនជាតិភូមាដែលរស់នៅបរទេស នៅតែគោរពស្រឡាញ់ កោតសរសើរលោកស្រី វ័យ ៧៥ ឆ្នាំ និងគណបក្សរបស់គាត់ ដែលបានគ្រប់គ្រងប្រទេសតាមបែបប្រជាធិបតេយ្យ ១០ ឆ្នាំមក ។

ហាងអាហារនេះបានបើក ៣ ឆ្នាំមកហើយ ដែលមានលក់គុយទាវសាច់មាន់ខ្ទិះ ស៊ុបត្រី (មូហ៊ិងកា) និងគុយទាវតៅហ៊ូ ។ល។ បានតុបតែងពណ៌ចម្រុះ និងរូបថតរបស់លោកស្រី ស៊ូឃ្យី ហើយភ្ញៀវចូលបរិភោគ ភាគច្រើនជាបុគ្គលិកជនជាតិភូមា ។

ក្នុងរយៈពេលតែ ៣ ថ្ងៃ ថវិកាមូលនិធិបានទទួល ១.០០០ ដុល្លារ ហើយម្ចាស់ហាងដែលប្រឆាំងរដ្ឋប្រហារពេញទំហឹង មានសង្ឃឹមថា ថវិកានឹងបាន ២.០០០ ដុល្លារក្នុងរយៈពេល ៥ ថ្ងៃ ។ រដ្ឋប្រហារពីថ្ងៃទី ១ កុម្ភៈ ធ្វើឲ្យជនជាតិភូមាទាំងក្នុង និងក្រៅប្រទេស ដោយឡែកអ្នករស់នៅក្នុងប្រទេសថៃមានប្រមាណ ៣ លាននាក់ មានការក្តុកក្តួលចិត្ត ។

ពួកគេហាក់សង់សង្ឃឹមជាខ្លាំង ជាមួយនឹងការដណ្តើមអំណាចរបស់យោធាថ្មីៗនេះ ទោះជាធ្លាប់រស់ក្នុងរបបគ្រប់គ្រងយោធាពីមុនមកក៏ដោយ ។

មានហាងរបស់ជនជាតិភូមាជាច្រើននៅក្នុងប្រទេសថៃ ប៉ុន្តែមានតែហាងនេះមួយប៉ុណ្ណោះដែលទទួលការបរិច្ចាគថវិកា ជំនួសការបង់ថ្លៃអាហារ ។

ប្រទេសថៃបានបើកទទួលជនអន្តោប្រវេសន៍ភូមា ដែលនីរទេសពីប្រទេសគេចពីយោធាប្រមាណ ៩១.៨០៣ នាក់តាមបណ្តោយព្រំដែនថៃ-ភូមា ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម