លុយជាអ្វី?

ចំណេះដឹងទូទៅថ្ងៃសៅរ៍ ទី21 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 3:56 នាទី ល្ងាច

មកទល់នឹងពេលនេះ លុយនៅតែជាប្រធានបទដែលក្តៅកគុកដដែលអំពីតម្លៃ និងសារសំខាន់របស់វា។  អ្នកខ្លះថា ប្រសិនបើអ្នកមានលុយ អ្នកនឹងមានអ្វីគ្រប់យ៉ាង តែបើគ្មានលុយទេអ្នកនឹងគ្មានអ្វីៗទាំងអស់។ ប៉ុន្តែផ្ទុយទៅវិញទស្សនៈមួយចំនួនបែរជាគិតថា លុយសំខាន់ណាស់នៅក្នុងលោក ប៉ុន្តែពិតជាមិនអាចទិញរបស់គ្រប់យ៉ាងបានឡើយ។ ដូច្នេះតើមានរបស់អ្វីខ្លះដែលលុយមិនអាចទិញបាន។

សូមលើកបង្ហាញពីរឿងសំខាន់ៗមួយដែលលុយមិនអាចទិញបានបើទោះបីជាអ្នកមានលុយច្រើនប៉ុណ្ណាក៏ដោយ ដែលរឿងទាំងនោះរួមមានដូចខាងក្រោម៖

១. ចំណេះដឹង និងបទពិសោធន៍

លុយរបស់អ្នកអាចទិញសៀវភៅបានរាប់លានក្បាល ប៉ុន្តែវាមិនអាចទិញចំណេះដឹងបានឡើយសូម្បីតែបន្តិចបើអ្នកមិនព្រមសិក្សាស្វែងយល់នោះទេ។ មិនត្រឹមតែអ្នកអាចទិញសៀវភៅបានទេ អ្នកក៏អាចប្រើប្រាស់វាដើម្បីបង្កើតលទ្ធភាពសិក្សានៅសកលវិទ្យាល័យថ្លៃៗជាងគេក្នុងលោក ហើយអាចជួលគ្រូបង្រៀនល្អៗរាប់រយនាក់ក៏បាន ប៉ុន្តែទាស់ត្រង់ថាតើអ្នកអាចប្រើប្រាស់លុយនេះទិញចំណេះដឹង ឬបទពិសោធន៍មួយគីឡូ ឬមួយថង់បានទេ? ចម្លើយគឺមិនអាចឡើយ។

២. ការគោរព និងភាពស្មោះត្រង់

លុយអាចទិញតំណែង តួនាទីបានគ្រប់ជាន់ថ្នាក់ ប៉ុន្តែមិនអាចទិញការគោរពនិងភាពស្មោះត្រង់ពីមនុស្សផងទាំងពួននោះឡើយ។ ពេលខ្លះវាគ្រាន់តែធ្វើឲ្យនរណាម្នាក់គោរពអ្នកជាកាយវិការ ឬជារូបភាពខាងក្រៅបែបបំភ័ណតែប៉ុណ្ណោះ តែសម្រាប់ការគោរពចេញពីចិត្តនិងក្រអៅបេះដូងប្រហែលជាគ្មានឡើយ។

៣. ការពេញចិត្ត និងជំនឿជាក់

ការពេញចិត្តទៅលើអ្វីមួយ  ឬការជឿជាក់ទៅលើអ្វីមួយគឺកើតចេញពីអារម្មណ៍ពិតៗដែលអ្នកបានទទួល។ អ្នកមិនអាចប្រើប្រាស់លុយធ្វើឲ្យនរណាម្នាក់ពេញចិត្ត ឬមានជំនឿចិត្តមកលើអ្នក ឬក្រុមហ៊ុនរបស់អ្នកឡើយ។

៤. សុខភាព និងសុវត្តិភាព

លុយអាចទិញថ្នាំ និងអាហារបំប៉នបានរាល់លានមុខ ប៉ុន្តែមិនអាចទិញសុខភាពរបស់អ្នកបានឡើយប្រសិនបើអ្នកមិនយកចិត្តទុកដាក់ចំពោះសុខភាពខ្លួនឯងទៅការទទួលទាន ការសម្រាក ការហាត់ប្រាណជាដើម នោះអ្នកនឹងគ្មានសុខភាពល្អឡើយ។

៥. មិត្តភក្តិល្អ

លុយអាចជួយឲ្យអ្នកមានឱកាសបង្កើនមិត្តភក្តិបានច្រើន ប៉ុន្តែលុយមិនអាចទិញការរាប់អានពិតប្រាកដ ឬមិត្តស្មោះត្រង់បានឡើយ។ ជាទូទៅមិត្តល្អមិនបានឲ្យតម្លៃទៅលើលុយរបស់អ្នកឡើយ ហើយក៏មិនមែនដោយសារអ្នកមានលុយ មានឡានទំនើប មានវីឡា មានទូរស័ព្ទទំនើបទាន់សម័យទើបអ្នកមានមិត្តល្អឡើយ។

៦. ក្តីស្រលាញ់ និងការយកចិត្តទុកដាក់

ការយកចិត្តទុកដាក់ និងក្តីស្រលាញ់មិនអាចទិញឬទទួលបានដោយសារអំណាយ ឬទឹកប្រាក់នោះទេ។ លុយគ្រាន់តែអាចជួល ឬទិញម៉ាស៊ីនត្រជាក់ ឬម៉ាស៊ីនកម្តៅ ប៉ុន្តែលុយមិនអាចទិញក្តីស្រលាញ់ ការយកចិត្តទុកដាក់ ការបារម្មណ៍ពិតប្រាកដនោះឡើយ។

៧. សុភមង្គលគ្រួសារ ឬគ្រួសារដ៏រីករាយ

លុយអាចឲ្យគ្រួសាររបស់អ្នកដើរលេងជុំវិញពិភពលោកបាន និងទិញរបស់របរដែលសមាជិកគ្រួសារពេញចិត្ត ប៉ុន្តែលុយមិនអាចទិញសុភមង្គលសម្រាប់គ្រួសាររបស់អ្នកបានឡើយ។

៨. សន្តិភាពផ្លូវចិត្ត

លុយមិនអាចធ្វើឲ្យអ្នកមានសន្តិភាព ឬសេចក្តីស្ងប់ក្នុងចិត្តបានឡើយ ស្របពេលដែលមហាសេដ្ឋីស្ទើតែគ្រប់រូបហាក់នឹងកំពុងវិលវល់ខ្លាំងជាមួយនឹងមុខជំនួញ និងភាពមានបានរបស់ខ្លួន។ បើពួកគាត់ចង់យកលុយមួយផ្នែករបស់ពួកគាត់ទៅទិញសន្តិភាពផ្លូវចិត្ត ពិតជាមិនអាចទៅរួចឡើយ។

៩. ពេលវេលា

លុយគ្រាន់តែអាចទិញនាឡិការ ប៉ុន្តែមិនអាចទិញពេលវេលាបានឡើយ។ ពេលវេលាដែលកន្លងហួសទៅហើយពិតជាមិនអាចត្រឡប់វិញឡើយ សូម្បីតែអ្នកចង់ចំណាយលុយរាប់កោតដុល្លារសម្រាប់ទិញវាត្រឡប់មកវិញឡើយ។

១០. សេចក្តីសុខ និងស្នាមញញឹម

នរណាក៏ចង់បានសេចក្តីសុខ និងសុភមង្គលសម្រាប់ខ្លួនដែរ។ គេអាចប្រើប្រាស់លុយ ទិញស្រាហូប ទិញម្ហូបឆ្ងាញ ទិញឡាន និងទិញរបស់ដែលជាតម្រូវការផ្សេងៗរបស់ពួកគេបាន។  ប៉ុន្តែលុយទោះបីជានៅក្នុងទំហំណាក៏ដោយមិនអាចទិញសេចក្តីសុខសម្រាប់គេបានឡើយ។ អ្នកអាចមានរបស់នេះ តែខ្វះរបស់នោះ អ្នកមិនអាចបង្ខំឲ្យនរណាម្នាក់សើចដាក់អ្នក មិនអាចទិញការអោបពីមិត្តភក្តិលើកលែងតែពួកគេធ្វើសម្រាប់អ្នកដោយសុខចិត្តគឺមិនអាចដោយសារតែលុយនោះទេ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល

លុយជាអ្វី?
លុយជាអ្វី?
1 សប្ដាហ៍មុន

ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម