ហ្វីលីពីន លុបចោលកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រយោធាពីរុស្ស៉ី ព្រោះខ្លាចទណ្ឌកម្មអាមេរិក

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី27 ខែកក្កដា ឆ្នាំ2022 ម៉ោង 6:27 នាទី ល្ងាច

ម៉ានីល៖ មន្រ្តីហ្វីលីពីនមួយរូបបានឲ្យដឹងថា ហ្វីលីពីនបានសម្រេចលុបចោលកិច្ចព្រមព្រៀង ទិញឧទ្ធម្ភាគចក្រយោធា ចំនួន១៦គ្រឿង ពីរុស្ស៉ី ដោយសារតែការភ័យខ្លាចទណ្ឌកម្ម របស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២។

មន្រ្តីហ្វីលីពីនខាងលើគឺ លោក ដេហ្វីន ឡូរិនហ្សាណា (Delfin Lorenzana) ដែលធ្លាប់កាន់តំណែងជា រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ផងដែរនោះ បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា កិច្ចព្រមព្រៀងដែលមានតម្លៃ ២២៧លានដុល្លារ ដើម្បីទទួលបានឧទ្ធម្ភាចក្រ Mi-17 របស់រុស្ស៉ី ត្រូវបានលុបចោល។ លោក ឡូរិនហ្សាណា បានគូសបញ្ជាក់ថា «យើងអាចប្រឈមនឹងការដាក់ទណ្ឌកម្ម»។ បើតាមលោក ឡូរិនហ្សាណា មន្រ្តីសន្តិសុខសហរដ្ឋអាមេរិក ក៏បានឲ្យដឹងពីការសម្រេចនេះដែរ ហើយអាចនឹងផ្តល់ ឧទ្ធម្ភាគចក្រធុនធ្ងន់ស្រដៀងគ្នានេះ មកឲ្យហ្វីលីពីនថែមទៀតផង។ យ៉ាងនេះក្តី ជុំវិញការលើកឡើងនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយ ពីរដ្ឋាភិបាលហ្វីលីពីននៅឡើយទេ។

គួរបញ្ជាក់ថា ការសម្រេចចិត្តទិញឧទ្ធម្ភាគចក្រខាងលើនេះ ត្រូវបានអនុម័តកាលពីខែមុន ដោយអតីតប្រធានាធិបតីហ្វលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) មុនពេលអាណត្តិរបស់លោកត្រូវបានបញ្ចប់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២៕

213

1_5


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម