ស្រីលង្កាផ្អាកការផ្គត់ផ្គង់ប្រេងឥន្ធនៈ រយៈពេល២សប្តាហ៍ លើកលែងតែសម្រាប់សេវាកម្មសំខាន់ៗ

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី28 ខែមិថុនា ឆ្នាំ2022 ម៉ោង 3:19 នាទី ល្ងាច

(កូឡុំបូ)៖ រដ្ឋាភិបាលស្រីលង្កា កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសពីការផ្អាករយៈពេល២សប្តាហ៍ នូវការផ្គត់ផ្គង់និងការលក់ ប្រេងឥន្ធនៈនៅក្នុងប្រទេស លើកលែងតែសម្រាប់សេវាកម្មសំខាន់ៗ ស្របពេលដែលវិបត្តិសេដ្ឋកិច្ច កាន់តែបន្តធ្ងន់ធ្ងរទៅៗ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នៅថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២។

ខណៈដែលធនធានប្រេងឥន្ធនៈបម្រុង នៅសល់ក្នុងកម្រិតតិចតួចបំផុតនោះ អ្នកនាំពាក្យរដ្ឋាភិបាលស្រីលង្កា លោក បានឌូឡា ហ្គូណាវ៉ាដាណា (Bandula Gunawardana) បានប្រកាសថា ការផ្អាកខាងលើ គឺដើម្បីសន្សំសំចៃប្រេងសាំងនិងម៉ាស៊ូត សម្រាប់ សេវាកម្មសំខាន់ៗ។

អ្នកនាំពាក្យរូបនេះ បាននិយាយយ៉ាងដូច្នេះថា «ចាប់ពីថ្ងៃអង្គារសប្តាហ៍នេះតទៅ នឹងមិនមានការលក់ប្រេងឥន្ធនៈតទៀតឡើយ លើកលែងតែសម្រាប់សេវាកម្មពុំអាចខ្វះបាន ដូចជាវិស័យសុខាភិបាលជាដើម ពីព្រោះយើងចង់សន្សំសំចៃប្រេងឥន្ធនៈតិចតូច ដែលយើងមាន»។ ការផ្អាកនឹងបន្តរហូតដល់ថ្ងៃទី១០ ខែកក្កដា ហើយលោក Gunawardana ថែមទាំងបានទទូចឱ្យវិស័យឯកជន អនុញ្ញាតឱ្យបុគ្គលិកបំពេញការងារពីផ្ទះ និងសុំទោសប្រជាជន ចំពោះបញ្ហាខ្វះខាតប្រេងឥន្ធនៈនេះ ផងដែរ។

កាលពីសប្តាហ៍មុន រដ្ឋាភិបាលស្រីលង្កា បានប្រកាសបិទរាល់សាលារៀនរដ្ឋ នៅតាមទីក្រុងធំៗ ហើយអនុញ្ញាតបុគ្គលិកនៅតាម គ្រឹះស្ថានរដ្ឋាភិបាល ភាគច្រើនអាចធ្វើការពីផ្ទះបាន ដើម្បីកាត់បន្ថយការធ្វើដំណើរ ដែលជាលទ្ធផលជួយសន្សំសំចៃប្រេង។ បច្ចុប្បន្ន ល្រីលង្កាកំពុងព្យាយាមស្វែងរក ការទិញប្រេងក្នុងតម្លៃថោកពីប្រទេសរុស្ស៉ីហើយនិងកាតា។

គួរបញ្ជាក់ថា ដោយសារតែប្រឈមនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ប្រទេសដែនកោះ ដែលមានប្រជាជនជិត ២២លាននាក់មួយនេះ មិនមានសមត្ថភាពចំណាយ សូម្បីតែទៅលើការនាំចូលរបស់សំខាន់ៗ ដូចជាស្បៀងអាហារ ឱសថ និងឥន្ធនៈ ចាប់តាំងតែពីចុងឆ្នាំមុនមកម្ល៉េះ។ ទន្ទឹមគ្នា ស្រីលង្កាក៏កំពុងជួបបញ្ហាអតិផរណាកម្រិតខ្ពស់ខ្លាំង និងការដាច់ភ្លើងច្រើនៗម៉ោងផងដែរ ខណៈទាំងនេះសុទ្ធតែជា មូលហេតុ ដែលនាំឱ្យមានបាតុកម្ម ដើម្បីទាមទារឱ្យប្រធានាធិបតី លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) ចុះចេញពីតំណែង៕

_124781192_tv076048598

fn-2022-06-28-13-47-09-0

001bf885-500


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម