សម្តេចតេជោ ហ៊ុន សែន៖ ការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ មានការចូលរួមដ៏សកម្មពីប្រជាជន និងពីគ្រប់កម្លាំងក្នុងសង្គម ព្រមទាំងការគាំទ្រពីសហគមន៍អន្តរជាតិ កម្ពុជាអាចគ្រប់គ្រង និងដោះស្រាយវិបត្តិកូវីដ១៩ យ៉ាងល្អប្រសើរ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី28 ខែមិថុនា ឆ្នាំ2022 ម៉ោង 3:06 នាទី ល្ងាច

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ មានការចូលរួមដ៏សកម្មពីប្រជាជន និងពីគ្រប់កម្លាំងក្នុងសង្គម ព្រមទាំងការជួយគាំទ្រពីសហគមន៍អន្តរជាតិ កម្ពុជាអាចគ្រប់គ្រង និងដោះស្រាយវិបត្តិកូវីដ១៩ បានយ៉ាងល្អប្រសើរ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ នៅក្នុងពិធីមីទ្ទេញរំឭកខួបទី ៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២២) នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «រយៈពេលជាងពីរឆ្នាំមកនេះ វិបត្តិនៃការផ្ទុះឡើងជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាង ធ្ងន់ធ្ងរដល់ពិភពលោកទាំងមូល ដោយពុំមានប្រទេសណាមួយអាចគេចផុតបានឡើយ ក្នុងនោះព្រះរាជាណាចក្រកម្ពុជាយើងក៏ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែរ។ ប៉ុន្តែដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ មានការចូលរួមដ៏សកម្មពីប្រជាជន និងពីគ្រប់កម្លាំងក្នុង សង្គម ព្រមទាំងការជួយឧបត្ថម្ភគាំទ្រពីសហគមន៍អន្តរជាតិ យើងអាចគ្រប់គ្រង និងដោះ ស្រាយវិបត្តិនេះបានយ៉ាងល្អប្រសើរ ការពារអាយុជីវិតប្រជាជនមិនឱ្យធ្លាក់ក្នុងជ្រោះមរណៈ រក្សាបានលំនឹងសេដ្ឋកិច្ច និងជីវភាពរស់នៅ ហើយបង្កភាពអនុគ្រោះឱ្យយើងអាចដំណើរការ បើកប្រទេសឡើងវិញលើគ្រប់វិស័យបានចាប់ពីចុងឆ្នាំ២០២១មក»។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ដោយហេតុនេះដែរ ក៏ធ្វើឲ្យគណបក្សប្រជាជនកម្ពុជា អាចធ្វើមីទ្ទេញរំឭកខួបទី៧១ របស់គណបក្សបានយ៉ាងឧឡារិកក្នុងបរិវេណន វិមាន ៧មករានេះ ប្រកបដោយសុវត្ថិភាព។ សម្តេចតេជោ បានបង្ហាញការមានជំនឿយ៉ាងមុតមាំថា យើងនឹងអាចជម្នះនូវផលវិបាកផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ទោះបីជំងឺនេះមិនទាន់រលាយសាបសូន្យពីផែនដីនេះក៏ដោយ។

ជាក់ស្ដែង កំណើនសេដ្ឋកិច្ចកម្ពុជាបាន វិលមកកាន់កំណើនវិជ្ជមានវិញ ហើយរំពឹងថានឹងកាន់តែមានភាពប្រសើរឡើងថែមទៀតនៅ ឆ្នាំ២០២២នេះ និងឆ្នាំ២០២៣ខាងមុខ។ ប៉ុន្តែ ដើម្បីបន្តយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន សំណូមពរជនរួមជាតិយកចិត្តទុកដាក់បន្តការពារខ្លួនតាមវិធានការសុវត្ថិភាព ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានដាក់ចេញ ជាពិសេសអញ្ជើញទៅចាក់ វ៉ាក់សាំងដូសទី៣ ដូសទី៤ និងបន្តទៅដូសទី៥ឱ្យបានគ្រប់ៗគ្នា។

ក្នុងនាមប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិនានា ដែលបានរួមវិភាគទានយ៉ាងថ្លៃថ្លាជួយឧបត្ថម្ភគាំទ្រចំពោះបុព្វហេតុដ៏ត្រឹមត្រូវរបស់ប្រជាជនកម្ពុជា និងកំពុងបន្ត ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការល្អប្រកបដោយផ្លែផ្កា ជាមួយព្រះរាជាណាចក្រកម្ពុជា ដែលជាការរួមចំណែកដ៏សំខាន់មិនអាចខ្វះបាន ដើម្បីសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ មានរយៈពេល ៥១ថ្ងៃជាប់គ្នាហើយ ដែលកម្ពុជាមិនមានអ្នកឆ្លងកូវីដ១៩នោះទេ ខណៈអ្នកជំងឺជាសះស្បើយ និងអ្នកស្លាប់ ក៏គ្មានដែរ។ តាំងពីជំងឺផ្ទុះឡើង រហូមកដល់ពេលនេះ កម្ពុជាធ្លាប់មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៦,២៦២នាក់ និងស្លាប់សរុបចំនួន ៣,០៥៦នាក់។

ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានចាក់ដូសទី៣ ទៅទទួលយកវ៉ាក់សាំងដូសទី៣ ទាំងអស់គ្នា ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ១៩ ទោះបីជាស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មានការធូរស្បើយដោយគ្មានអ្នកឆ្លងរយៈពេលជិត ២ខែមកហើយក៏ដោយ៕

fn-2022-06-28-09-39-10-0

fn-2022-06-28-09-39-12-1

fn-2022-06-28-09-39-15-3

fn-2022-06-28-09-39-17-4

fn-2022-06-28-09-39-19-5

fn-2022-06-28-09-39-21-6

fn-2022-06-28-09-39-23-7

fn-2022-06-28-09-39-26-8

fn-2022-06-28-09-39-50-0

fn-2022-06-28-09-39-50-1

fn-2022-06-28-09-39-50-3

fn-2022-06-28-09-39-50-2

fn-2022-06-28-09-40-10-3

fn-2022-06-28-09-40-12-4

fn-2022-06-28-09-40-15-5

fn-2022-06-28-09-40-17-7

fn-2022-06-28-09-40-31-0

fn-2022-06-28-09-40-17-6


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម