លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន : ទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម ក្នុងរយៈពេល៥៥ ឆ្នាំកន្លងទៅ បានបំពេញលក្ខ័ន្ធជាមិត្តដ៏ស្និទ្ធស្នាល អ្នកជិតខាងដ៏ល្អ និងស្មោះត្រង់

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី25 ខែមិថុនា ឆ្នាំ2022 ម៉ោង 10:32 នាទី ព្រឹក

អ្នកនាំពាក្យ: ថ្លែងក្នុងពិធីមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ ថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម នៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី២៤ មិថុនា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា ក្នុងរយៈពេល៥៥ ឆ្នាំកន្លងមក (២៤ មិថុនា ១៩៦៧-២០២២ ) ប្រទេសយើងទាំងពីរតែងតែជាមិត្តដ៏ស្និទ្ធស្នាល និងអ្នកជិតខាងដ៏ល្អ និងស្មោះត្រង់។ យើងបានកសាងចំណងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការជាប្រពៃណីយ៉ាងជិតស្និទ្ធ និងបានរួមសុខរួមទុក្ខជាមួយគ្នា ក្នុងនាមជាបងប្អូនផង ជាយុទ្ធមិត្តផង និងជាអ្នកជិតខាងផង ដោយសម្រេច បានជោគជ័យយ៉ាងធំធេងក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ពិសេសកាលពីសម័យសង្គ្រាម ប្រទេសយើងទាំងពីរបានកៀកស្មាគ្នា ប្រយុទ្ធតស៊ូ និងជួយឧបត្ថម្ភ គាំទ្រគ្នាទៅ វិញទៅមក ក្នុងបុព្វហេតុរំដោះប្រទេសជាតិពីនឹមអាណានិគមនិយម ដោយជោគជ័យ និងទទួលបាន ឯករាជ្យភាព អធិបតេយ្យភាព សេរីភាព និងការបង្រួបបង្រួមជាតិទាំងស្រុង។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តថា: បច្ចុប្បន្ន ប្រទេសយើងទាំងពីរបានឈានចូលទំព័រថ្មី នៃប្រវត្តិសាស្ត្រ ដោយសម្រេចបានសន្តិភាព បូរណភាពទឹកដី វឌ្ឍនភាព ការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសលើវិស័យការទូត ការពារជាតិ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។

អ្វីដែលសំខាន់ទៅទៀតនោះ ប្រជាជនយើងទាំងពីរ បានធ្វើដំណើរទៅមក ផ្លាស់ប្ដូរទំនិញ និងការប្រាស្រ័យទាក់ ទងគ្នា ជាពិសេស នៅតាមតំបន់ជាប់ព្រំដែនកាន់តែមានភាពមមាញឹក និងស្និទ្ធស្នាល ដោយសារយើងបាន លើកលែងទិដ្ឋាការ និងការតភ្ជាប់ផ្លូវគមនាគមន៍តាមគ្រប់រូបភាព រួមមានផ្លូវ ស្ពាន ផ្លូវទឹក និងផ្លូវអាកាស។

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ក្នុងឱកាសខួបលើកទី ៥៥ឆ្នាំ ប្រទេសយើងទាំងពីរបានរួមគ្នាធ្វើសកម្មភាពច្រើនណាស់ រួមមាន ការផ្លាស់ប្តូទស្សនកិច្ចថ្នាក់ដឹកនាំកំពូល ការធ្វើមិទ្ទិញ ដូចជាថ្ងៃនេះ ការបំពាក់គ្រឿងឥស្សរិយយសជូនគ្នាទៅ វិញទៅមក ការសម្ដែងសិល្បៈរួម ការចាក់ផ្សាយខ្លឹមសារពីទំនាក់ទំនងមិត្តភាពកម្ពុជា វៀតណាម តាមប្រព័ន្ធ ផ្សព្វផ្សាយ និងបណ្តាញសង្គម។

លោកជំទាវបន្តថា កាលពីថ្ងៃទី ២០ មិថុនាកន្លងទៅនេះ ប្រមុខរដ្ឋាភិបាលទាំងពីរ គឺសម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម ផាម មិញជិញ បានជួបគ្នា នៅតំបន់ប្រវត្តិសាស្ត្រតេជោកោះថ្ម X16 នៅតំបន់ព្រំដែន ក្នុងស្រុក មេមត់ ខេត្តត្បូងឃ្មុំ ដើម្បីប្រារព្ធខួបលើកទី ៤៥ ទិវានៃការចងចាំ ដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ ដែលពេលនោះសម្តេចតេជោ បានប្រថុយជីវិត ឆ្លងកាត់ឧបសគ្គធ្វើដំណើរចូលទៅប្រទេសវៀតណាម ដើម្បីសុំ ការគាំទ្រពីថ្នាក់ដឹកនាំវៀតណាម រៀបចំកសាងកម្លាំងប្រដាប់អាវុធធ្វើចលនាតស៊ូរំដោះកម្ពុជា ពីរបបប្រល័យ ពូជសាសន៍ប៉ុលពត។ ក្នុងពេលនោះ ឯកឧត្តម ផាម មិញជិញ និងសម្តេចតេជោ ហ៊ុន សែន បាន ថ្លែងសន្ទរកថា ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅពីទំនាក់ទំនងមិត្តភាព រវាងប្រទេសយើងទាំងពីរ ដោយ សង្កត់ធ្ងន់លើការតស៊ូរួមគ្នា ការជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីបុព្វហេតុរំដោះប្រទេសជាតិពីអាណានិគម និយម និងបង្រួបបង្រួមជាតិ។

ក្នុឧ៌កាសនោះដែរ លោកជំទាវក៏បានសម្តែងនូវការគោរពដឹងគុណដ៏ស្មោះស្ម័គ្រ និងជ្រាលជ្រៅបំផុត ចំពោះ គុណូបការៈដ៏ធំធេងរបស់បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាមដែលតែងតែជួយឧបត្ថម្ភគាំទ្រកម្ពុជា និងរួម សុខរួមទុក្ខជាមួយកម្ពុជា។ ការគាំទ្រនិងការជួយទំនុកបំរុងរបស់វៀតណាម បានរួមចំណែកធ្វើឲ្យកម្ពុជាមាន ការវិវត្តន៍ ពីប្រទេសមួយដែលពោរពេញទៅដោយសង្គ្រាម ទុក្ខខ្លោចផ្សា និងវិនាសកម្ម ទៅជាប្រទេសមួយ ដែលមានសន្តិភាពពេញលេញ ការអភិវឌ្ឍន៍លើគ្រប់វិស័យ ឈានឡើងជាប្រទេសមានចំណូលមធ្យមកំរិតទាប និងឯកភាពជាតិ។
លោកជំទាវ ម៉ែន សំអនក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកពិធីជួបជុំនាពេលនេះ គឺជាសក្ខីភាពមួយបង្ហាញឲ្យឃើញពីការពូនជ្រុំបន្តពង្រឹង និង ពង្រីកប្រពៃណីសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ជាពិសេសក្នុងស្រទាប់យុវជនឲ្យកាន់តែទូលំទូលាយ រឹងមាំ និងគង់វង្ស ស្ថិតស្ថេរយូរអង្វែងតទៅ៕

photo_2022-06-25_08-55-22

photo_2022-06-24_10-18-17 (2)

photo_2022-06-25_09-02-44

photo_2022-06-25_09-02-42

photo_2022-06-24_09-29-11

photo_2022-06-24_10-18-17

photo_2022-06-24_09-26-20

photo_2022-06-24_09-26-21


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម