គណបក្សកាន់អំណាចកម្ពុជាឈ្នះភ្លូកទឹកភ្លូកដីលើការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២

ព័ត៌មានសង្គមថ្ងៃសុក្រ ទី24 ខែមិថុនា ឆ្នាំ2022 ម៉ោង 2:50 នាទី ល្ងាច

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចបានទទួលជ័យជម្នះក្នុងការបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសព័ត៌មានស្ដីពីលទ្ធផលផ្លូវការនៅថ្ងៃសុក្រ ទី២៤ ខែមិថុនានេះ។

គ.ជ.ប បានបង្ហាញថាគណបក្សប្រជាជនកម្ពុជាបានគ្រប់គ្រងអាសនៈឃុំ/សង្កាត់ច្រើនជាងគេដែលមានអ្នកគាំទ្ររហូតដល់ជាង ៩ពាន់អាសនៈ តាមពីក្រោយដោយគណបក្សភ្លើងទៀនដែលមានជាង២ពាន់អាសនៈ។

ក្នុងចំណោមគណបក្សដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ គណបក្សចំនួន១៧ គឺមានតែគណបក្សចំនួន៩ ប៉ុណ្ណោះដែលទទួលបានអាសនៈក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងនោះគណបក្សប្រជាជនទទួលបាន ៩ ៣៧៦អាសនៈ គណបក្សភ្លើងទៀនចំនួន ២ ១៩៨អាសនៈ គណបក្សហ៊្វុនស៊ិនប៉ិចចំនួន ១៩អាសនៈ គណបក្សខ្មែររួបរួមជាតិចំនួន ១៣អាសនៈ គណបក្សប្រជាធិបតេយ្យមូលដ្ឋានចំនួន ៦អាសនៈ គណបក្សខ្មែរស្រឡាញ់ជាតិចំនួន ៥អាសនៈ គណបក្សយុវជនកម្ពុជាចំនួន ៣អាសនៈ គណបក្សកម្ពុជានិយមចំនួន ១អាសនៈ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យចំនួន ១អាសនៈ។

ឃុំ /សង្កាត់ ជាផ្នែករដ្ឋបាលថ្នាក់ក្រោមជាតិរបស់ប្រទេសកម្ពុជាប៉ុន្តែការបោះឆ្នោតត្រូវបានគេមើលឃើញថាជាការសំខាន់ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រដែលនឹងត្រូវធ្វើនៅឆ្នាំ២០២៣ខាងមុខ។

មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទាន លោក សុន ឆ័យ បានប្រកាសកាលពីថ្ងៃទី៦ ខែមិថុនា ថាគណបក្សនឹងទទួលយកកៅអីក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ បើទោះបីមិនពេញចិត្តចំពោះលទ្ធផលនិងលើកឡើងថាការបោះឆ្នោតមិនសេរី និងអយុត្តិធម៌ក៏ដោយ។

គណបក្សភ្លើងទៀន ត្រូវបានគេដឹងថាកើតចេញអតីតគណបក្សសមរង្ស៊ី ជាមេដឹកនាំបក្សប្រឆាំងយូរឆ្នាំ និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសនៅប្រទេសបារាំង ប៉ុន្តែនៅតែរក្សាបានការគាំទ្រពោលគឺទទួលបាន ២ ១៩៨អាសនៈ បន្ទាប់ពីបានត្រឡប់មកឆាកនយោបាយវិញ។ នៅឆ្នាំ២០១២ គណបក្សសម រង្ស៉ី បានបញ្ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ដើម្បីបង្កើតគណបក្សសង្គ្រោះជាតិ។

ថ្លែងនៅក្រោយកិច្ចប្រជុំជាមួយការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) លោក កែវ រ៉េមី ថានៅក្នុងតួលេខលទ្ធផលឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នេះគឺឆ្លើយតបនឹងភាពត្រឹមត្រូវមួយ (Logic) ដោយសារតែលទ្ធផលនៃការគាំទ្ររបស់គណបក្សប្រជាជនកម្ពុជាទទួលបានជាង ៥លាន ហើយគណបក្សភ្លើងទៀនទទួលបាន ១លាន ៦សែន។

លោកបានពន្យល់ថា៖ «បើយើងប្រៀបធៀបសំលេងឆ្នោតគាំទ្រ ២០១៧ កន្លងមក គឺគណបក្សប្រជាជនកម្ពុជាទទួលបានសំលេង ៣ លានកន្លះ គណបក្សសង្រ្គោះជាតិដែលមានបក្សសិទ្ធិមនុស្ស និងភ្លើងទៀនរួមចូលគ្នា បាន ៣លាន ចឹងនៅពេលដែលគាត់បាត់ដៃគូរគាត់មួយ អត់មានគណបក្សសិទ្ធិចូលរួមព្រោះ ខាងលោក កឹម សុខា គាត់អត់ចូលរួមបោះឆ្នោត ចឹងវាបាត់ពាក់កណ្តាលមែនជា logic ចឹងសំលេងដែលគណបក្សភ្លើងទៀនទទួលបាន ១លាន ៦សែន ស្នើរពាក់កណ្តាលវាឆ្លើយតបហើយ logic។ យើងកំណើនប្រជាជនហើយកើនការគាំទ្រទៅលើគណបក្សប្រជាជន Swing Vote កើន ៥លានជាង នេះជាតួលេខត្រឹមត្រូវ»។

លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិមិនបានទៅបោះឆ្នោតក្នុងការជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះទេ ខណៈព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចដែលជាគណបក្សរាជានិយមក៏មិនបានទៅចូលរួមបោះឆ្នោតផងដែរដោយសារព្រះអង្គមិនបានចុះឈ្មោះបោះឆ្នោត។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ត្រូវបានពិភពលោកហៅថាជាមេដឹកនាំចាស់វស្សាឬយូរជាងគេមួយ បច្ចុប្បន្នកំពុងកាន់អំណាចដឹកនាំរាជរដ្ឋាភិបាល ដោយពិតប្រាកដដោយគណបក្សប្រជាជនកម្ពុជា(CPP)។

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ បានធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ដើម្បីជ្រើសរើសតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២អាសនៈ ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២។ លទ្ធផលផ្លូវការរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្ហាញថាមានពលរដ្ឋប្រមាណជាង ៧លាន៣សែននាក់ ដែលស្មើជាង ៨០ភាគរយបានចេញទៅបោះឆ្នោត ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណជាង ៩លាន ២សែននាក់៕

EAC-NEWS-2022-06-24_1

EAC-NEWS-2022-06-24

fn-2022-06-09-01-37-07-0_1

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម