ចិន ព្រមាននាវាចម្បាំងអាមេរិក ដែលឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី11 ខែឩសភា ឆ្នាំ2022 ម៉ោង 12:21 នាទី ល្ងាច

(តៃប៉ិ)៖ យោធាចិន នៅថ្ងៃពុធនេះបាននិយាយថាខ្លួនបានតាមដាន និងបានព្រមាននាវាចម្បាំងអាមេរិកមួយគ្រឿង ដែលបានធ្វើដំណើរឆ្លងកាត់តាម ច្រកសមុទ្រតៃវ៉ាន់ តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីទីក្រុង ប៉េកាំងដឹកនាំការធ្វើសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២។

បើតាមយោធាអាមេរិក, នាវាចម្បាំងប្រដាប់ដោយមីស៊ីល USS Port Royal បានដឹកនាំបេសកកម្មជាទម្លាប់ធម្មតា ក្នុងការធ្វើដំណើរឆ្លងកាត់តាមដែនទឹក អន្តរជាតិ ស្របទៅតាមច្បាប់អន្តរជាតិ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ និងជាលើកទី២ ក្នុងរយៈពេល ២សប្ដាហ៍មកនេះ។ ប៉ុន្តែ នៅក្នុងសេចក្ដីថ្លែងការណ៍ មួយ នៅថ្ងៃពុធនេះ យោធាចិនបានអះអាងថាកងកម្លាំងរបស់ខ្លួនតាមដាន និងបានព្រមាននាវាចម្បាំងអាមេរិក។ សេចក្ដីថ្លែងការណ៍ដដែលបានបន្ថែម ដូច្នេះថា «សហរដ្ឋអាមេរិកតែងតែបង្ករឿង និងបញ្ជូនសារខុសទៅកាន់កម្លាំងដែលចង់ឱ្យកោះតៃវ៉ាន់មានឯករាជ្យភាព ហើយមានចេតនាបង្កើន ភាពតានតឹងនៅទូទាំងតំបន់ច្រកសមុទ្រតៃវ៉ាន់»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ដូចគ្នាទៅនឹងប្រទេសជាច្រើនទៀត មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់នោះទេ ប៉ុន្តែវ៉ាស៊ីនតោនបានផ្ដល់ ការគាំទ្រជាអន្តរជាតិ និងក្លាយជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំឱ្យកោះតៃវ៉ាន់ ដែលនេះបានធ្វើឱ្យទំនាក់ទំនងរវាងទីក្រុង ប៉េកាំង និងទីក្រុង វ៉ាស៉ីនតោន ស្គាល់ ភាពតានតឹងជារឿយៗ៕

OE2QK564LZMFJGXLPGZ3K7XN3M


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម