សមាជិកសភារុស្ស៉ីជាន់ខ្ពស់ម្នាក់ ចោទថាសហរដ្ឋអាមេរិកកំពុងលូកដៃដោយផ្ទាល់ ក្នុងសង្រ្គាមអ៊ុយក្រែន

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី08 ខែឩសភា ឆ្នាំ2022 ម៉ោង 3:31 នាទី ល្ងាច

(កៀវ)៖ សមាជិកសភាជាន់ខ្ពស់រុស្ស៉ី លោក វីយ៉ាឆេសស្លាវ វ៉ូឡូឌីន (Vyacheslav Volodin) បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាកំពុង សម្របសម្រួលប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែន ដែលនេះត្រូវបានលោកផ្ទាល់ថាចាត់ទុកថាសហរដ្ឋអាមេរិកបានចូលរួមដោយផ្ទាល់ នៅក្នុងសកម្មភាពយោធាប្រឆាំងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៨ ខែឧសភា ឆ្នាំ២០២២។

ថ្លែងនៅក្នុងសារមួយបង្ហោះលើឆាណែល Telegram នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ លោក Volodin ដែលជាប្រធានសភាជាន់ទាបរុស្ស៉ី បានគូសបញ្ជាក់ដូច្នេះថា «ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការសម្របសម្រួលប្រតិបត្តិការយោធា ដែលនេះជាការចូលរួមដោយផ្ទាល់ក្នុងសកម្មភាព យោធាប្រឆាំងនឹងប្រទេសរបស់យើង»។

លោក Volodin មិនបានផ្ដល់ភស្តុតាង ឬព័ត៌មានលម្អិតអ្វីបន្ថែមលើសពីនេះទេ ប៉ុន្តែការអត្ថាធិប្បាយខាងលើរបស់លោកកើតមានឡើង បន្ទាប់ពី មានសេចក្ដីរាយការណ៍ថាចារកម្មអាមេរិកបានផ្ដល់ព័ត៌មានសម្ងាត់ ដើម្បីជួយអ៊ុយក្រែនសម្លាប់ឧត្តមសេនីយ៍រុស្ស៉ីជាច្រើននាក់ នៅក្នុងសង្រ្គាម អ៊ុយក្រែន។ មន្ទីរបញ្ចកោណច្រានចោលការអះអាងបែបនេះ ដោយបញ្ជាក់ថាខ្លួនពិតជាបានចែករំលែកព័ត៌មានសម្ងាត់មែន តែអ៊ុយក្រែន គឺជាអ្នកសម្រេចចិត្ត និងធ្វើសកម្មភាពដោយខ្លួនឯង។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួនជាសមាជិក NATO បានផ្គត់ផ្គង់អាវុធយ៉ាងច្រើនសន្ធាប់ឱ្យទីក្រុងកៀវ ដោយបានជួយ ពួកគេទប់ទល់នឹងការវាយលុកពីសំណាក់កងទ័ពរុស្ស៉ី ដែលកំពុងកាន់កាប់ទឹកដីមួយផ្នែកនៃភាគខាងកើត និងភាគខាងត្បូងប្រទេសអ៊ុយក្រែន តែមិនអាចវាយកាន់កាប់ទីក្រុងកៀវ។ តែទោះជាបែបនេះក្ដី, សហរដ្ឋអាមេរិក និង NATO បានអះអាងម្ដងហើយម្ដងទៀតថានឹងមិនចូលរួម ក្នុងជម្លោះដោយផ្ទាល់ជាមួយរុស្ស៉ីទេ ដើម្បីបញ្ចៀសសង្រ្គាមលោកលើកទី៣៕

22


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម