សម្ដេចតេជោ បញ្ជាក់ពីប្រវត្តិនៃការចាប់ខ្លួនលោក ប៉ែន សុវណ្ណ និងមរណភាពរបស់លោក ចាន់ ស៊ី

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី16 ខែមករា ឆ្នាំ2022 ម៉ោង 1:14 នាទី ល្ងាច

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញមករំលឹកពីប្រវត្តិសាស្ត្រនៃការចាប់ខ្លួន និងមរណភាពរបស់អតីតនាយករដ្ឋមន្ត្រី២រូបក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា គឺលោក ប៉ែន សុវណ្ណ ត្រូវបានចាប់ខ្លួនដោយសារអំពើក្បត់និងមិនចេះសាមគ្គីភាព ហើយលោក ចាន់ ស៊ី បានស្លាប់ដោយសារជំងឺមហារីកឈាម មិនមែនជាដោយសារការប្រកួតប្រជែងរវាងវៀតណាមនិងសូវៀតលើការតែងតាំងមនុស្សនោះទេ។

ការបញ្ជាក់របស់សម្ដេចតេជោ គឺបន្ទាប់ពីសម្ដេចបានឃើញអ្នកអត្ថាធិប្បាយតាមបណ្ដាញសង្គមម្នាក់បានរៀបរាប់ពីប្រវត្តិសាស្ត្រទាំងនេះមិនត្រូវតាមប្រវត្តិជាក់ស្ដែងដែលសម្ដេចបានឆ្លងកាត់ផ្ទាល់។

សម្ដេចតេជោ ហ៊ុន សែន ផ្ញើរសារជាសំឡេងក្នុងក្រុមតេឡេក្រាមដោយរំលឹកពីប្រវត្តិសាស្ត្រនៃការកកើតចលនាតស៊ូរំដោះជាតិរបស់រណស្សិរសាមគ្គីសង្គ្រោះជាតិ ថាបានកើតចេញពីកម្លាំងចំនួន៥ភាគី ដែលក្នុងនោះមាន៤ភាគីបានចេញមុខរួមមានភាគីរបស់សម្ដេច ហេង សំរិន ភាគីរបស់សម្ដេច ហ៊ុន សែន ភាគីរបស់លោក ប៊ុន មី និងភាគីរបស់លោក ជា សុទ្ធ ដែលមកពីវៀតណាម។

ក្រុមទាំង៤នេះជួបជុំគ្នាធ្វើសន្និបាតរៀបចំរណសិរ្សសង្គ្រោះជាតិកម្ពុជា ដោយយកមូលដ្ឋាននៃកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលសម្ដេចបានកសាងឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។

សម្ដេចតេជោបានបញ្ជាក់បន្ថែមថា ក្រោយពីវាយផ្ដួលរំលំរបបខ្មែរក្រហមដណ្ដើមបានរាជធានីភ្នំពេញនៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ក្រោយមកនៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ ក៏បានបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយដែលហៅថាក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ដែលមាន សម្ដេច ហេង សំរិន ជាប្រមុខរដ្ឋនិងជានាយករដ្ឋមន្ត្រី លោក ប៉ែន សុវណ្ណ ជាអនុប្រធានក្រុមប្រឹក្សានិងទទួលបន្ទុកកិច្ចការពារជាតិ សម្ដេច ហ៊ុន សែន ជាសមាជិកទទួលបន្ទុកការបរទេស សម្ដេច ជា ស៊ីម ជាសមាជិកទទួលបន្ទុកមហាផ្ទៃ លោក ចាន់ វ៉ែន ទទួលបន្ទុកអប់រំ លោក មុខ សុគន្ធ ទទួលបន្ទុកសេដ្ឋកិច្ចនិងជីវភាព លោក កែវ ចិន្តា ទទួលបន្ទុកឃោសនាការវប្បធម៌ និង នូ បេង ទទួលបន្ទុកសុខាភិបាល។

ក្រោយមកនៅឆ្នាំ១៩៨១ គណបក្សបានធ្វើមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររៀបចំរដ្ឋាភិបាលថ្មីដោយបានជ្រើសតាំងលោក ប៉ែន សុវណ្ណ ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី(នាយករដ្ឋមន្ត្រី) ក៏ប៉ុន្ដែដោយសារអំពើក្បត់និងមិនចេះសាមគ្គីទើបគណបក្សបង្ខំចិត្តចាប់ខ្លួនលោកបញ្ជូនទៅវៀតណាមព្រោះលោក ប៉ែន សុវណ្ណ មានក្រុមគ្រួសារជាជនជាតិវៀតណាមស្រាប់ និងបានតែងតាំងលោក ចាន់ ស៊ី ដែលជារដ្ឋមន្ត្រីការពារជាតិជានាយករដ្ឋមន្ត្រីបន្ត។

សម្ដេចតេជោបានគូសបញ្ជាក់ពីការចាប់ខ្លួនលោក ប៉ែន សុវណ្ណ យ៉ាងដូច្នេះថា៖ «នៅដើមខែធ្នូឆ្នាំ១៩៨១ ប៉ែន សុវណ្ណ ត្រូវបានចាប់ខ្លួនយើងមិនអាចទុក ប៉ែន សុវណ្ណ បានទេព្រោះពេលនោះ ប៉ែន សុវណ្ណ បានធ្វើកំហុសជាច្រើនតាំងពីឆ្នាំ១៩៧៩ រហូតការឆែកផ្ទះបង ជា ស៊ីម ឆែកផ្ទះបង ហេងសំរិន និងត្រៀមមកឆែកផ្ទះខ្ញុំ។ បើសិនជាមកឆែកផ្ទះខ្ញុំប្រាកដជាមានការផ្ទុះអាវុធវ៉ៃគ្នាពេញកណ្ដាលក្រុងហ្នឹង ហើយមិនអាចឈ្នះខ្ញុំបានទេដោយសារខ្ញុំមាន៤កងវរសេនាតូចរបស់ខ្ញុំ ទោះបីខ្ញុំមិនធ្វើរដ្ឋមន្ត្រីការពារជាតិ តែអ្នកទាំងនោះគឺស្មោះស្ម័គ្រចំពោះខ្ញុំ។ អញ្ចឹង ប៉ែន សុវណ្ណ ធ្វើកំហុសច្រើនពេក យើងបង្ខំចិត្តចាប់ ប៉ែន សុវណ្ណ។ ប៉ែន សុវណ្ណ អះអាងថាទៅជាប់គុកងងឹតមិនត្រឹមត្រូវទេ! ត្រលប់មកវិញនេះខ្ញុំទិញផ្ទះ ប្រគល់ទាំងឡានប្រគល់ទាំងអីឱ្យ តែគេមិនអស់ចិត្ត ឥឡូវដល់ស្លាប់ទីក្លាយជាខ្មោចអនាថាដែលពួកសង្គ្រោះជាតិគេយកមកធ្វើជានយោបាយនៅវត្តថាន់វត្តអី ឥឡូវ ប៉ែន សុវណ្ណ បាត់មុខទៅជាខ្មោចអនាថាដោយសារអំពើគេកេងចំណេញនយោបាយ សព្វថ្ងៃគ្មានអ្នកណាធ្វើបុណ្យឱ្យប៉ែនសុវណ្ណទេទៅជាខ្មោចអនាថា» ។

សម្ដេចតេជោ បានរៀបរាប់បន្ថែមទៀតថាលោក ចាន់ ស៊ី បានកាន់តំណែងជានាយករដ្ឋមន្ត្រីពីឆ្នាំ១៩៨២ រហូតដល់ឆ្នាំ១៩៨៤ ដោយពេលនោះលោកបានធ្លាក់ខ្លួនឈឺមហារីកឈាមនិងត្រូវបញ្ជូនទៅព្យាបាលនៅសហភាពសូវៀត និងបានស្លាប់នៅទីនោះតែម្ដងមិនមែនជាការធ្វើឃាតដោយសហភាពសូវៀតនោះទេ។

សម្ដេចតេជោបញ្ជាក់ថា៖ «ចាន់ស៊ីមិនមែនស្លាប់ដោយសូវៀតសម្លាប់ទេ! ហើយក៏មិនមែនជាការប្រកួតប្រជែងរវាងវៀតណាមនិងសូវៀតលើការតែងតាំងមនុស្សដែរ។ គឺយើងកុំអះអាងរឿងប្រវត្តិសាស្ត្រឱ្យមានការខុសឆ្គង ប៉ែន សុវណ្ណ ប្រព្រឹតិ្តកំហុសគឺផ្ទៃក្នុងបក្សប្រជាជនប្រជុំហើយចាប់ ប៉ែន សុវណ្ណ ហើយយើងមិនដឹងឃុំ ប៉ែន សុវណ្ណ នៅឯណា? គឺសុំឱ្យវៀតណាមជួយទទួល ហើយបង ចាន់ ស៊ី គឺគាត់ទទួលមរណាភាពដោយសារមហារីកឈាមរបស់គាត់ដែលមិនអាចមើលបាន។ ដោយសារការខិតខំរបស់គាត់ក្នុងការកែទម្រង់ក្នុងវិស័យឧស្សាហកម្មតូចនិងសិប្បកម្មពេលនោះ ព្រោះខ្ញុំជាអ្នកចូលរួមដោយផ្ទាល់ហើយធ្វើការដោយផ្ទាល់ជាមួយបងៗក្នុងរឿងទាំងអស់នេះ»។

ក្រោយការចាប់ខ្លួនលោក ប៉ែន សុវណ្ណ និងមរណភាពរបស់លោក ចាន់ ស៊ី ក្នុងឆ្នាំក្នុងឆ្នាំ១៩៨៤ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីជាបណ្ដោះអាសន្ននៅអំឡុងខែ៩ ឆ្នាំ១៩៨៤ និងត្រូវបានបោះឆ្នោតពេញសិទ្ធិជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីនៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ និងបានកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាចាប់តាំងពីពេលនោះរហូតមកដល់បច្ចុប្បន្ន៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម