រដ្ឋមន្ត្រីការបរទេសកម្ពុជា-ឥណ្ឌា មានទស្សនៈដូចគ្នាអំពីតួនាទីដ៏សំខាន់របស់អាស៊ានក្នុងការជួយមីយ៉ាន់ម៉ា

ព័ត៌មានសង្គមថ្ងៃពុធ ទី12 ខែមករា ឆ្នាំ2022 ម៉ោង 11:50 នាទី ព្រឹក

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់កម្ពុជាជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ បន្ទាប់ពីបានតាមដានពីស្ថានការណ៍នៃប្រទេសមីយ៉ាន់ម៉ា និងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ។

ក្រសួងការបរទេសបានឱ្យដឹងក្នុងជំនួបតាមទូរសព្ទរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក ស៊ូ ប្រាម៉ានយ៉ាំ ចៃហ្សានកា កាលពីថ្ងៃទី១០ ខែមករា ថាភាគីទាំងពីរលើកឡើងពីទស្សនៈដូចគ្នាអំពីតួនាទីដ៏សំខាន់របស់អាស៊ានក្នុងការជួយមីយ៉ាន់ម៉ាស្វែងរកដំណោះស្រាយចំពោះវិបត្តិដោយសន្ដិវិធី តាមរយៈការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចដោយប្រសិទ្ធិភាព។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា បានផ្លាស់ប្តូរយោបល់គ្នា អំពី ការវិវឌ្ឍបច្ចុប្បន្ននៅមីយ៉ាន់ម៉ា និងមានទស្សនៈដូចគ្នាអំពីតួនាទីដ៏សំខាន់របស់អាស៊ានក្នុងការជួយមីយ៉ាន់ម៉ាស្វែងរកដំណោះស្រាយចំពោះវិបត្តិនេះដោយសន្តិវិធី តាមរយៈការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចប្រកបដោយប្រសិទិ្ធភាព។

11321

លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូន លោករដ្ឋមន្រ្តីការបរទេសឥណ្ឌា អំពីលទ្ធផល វិជ្ជមាននៃដំណើរទស្សនកិច្ចការងាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២។

លោកបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា បានមានប្រសាសន៍ថា ក្នុងនាមជាប្រទេសជិតខាងជាមួយមីយ៉ាន់ម៉ា ឥណ្ឌាបាន និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់កម្ពុជាជាប្រធានអាស៊ាននៅឆ្នាំនេះ។

ប្រទេសមីយ៉ាន់ម៉ា មានព្រំទល់ជាប់ប្រទេសឥណ្ឌាចំនួន ១ ៣៣១ គីឡូម៉ែត្រ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ាដើម្បីជួបមេដឹកនាំយោធា មីន អោងលាំង នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ដោយថាដើម្បី ជួយរកដំណោះស្រាយភាពជាប់គាំងនៅក្នុងប្រទេសនេះ ក៏ដូចជានាំប្រទេសមីយ៉ាន់ម៉ាត្រលប់មកអាស៊ានវិញផងដែរ។ ក្នុងជំនួបមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អោងលាំង បានសន្យានឹងសម្ដេចតេជោ ហ៊ុន សែន ថារដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានឹងពន្យាបទឈប់បាញ់រហូតដល់ដំណាច់ឆ្នាំ២០២២ សម្រួលដំណើរការទទួលយកជំនួយពីអាស៊ាន ព្រមទាំងសម្របសម្រួលឱ្យប្រេសិតពិសេសអាស៊ានក្នុងដំណើរទស្សនកិច្ចមកមីយ៉ាន់ម៉ាឱ្យបានទៅជួបជាមួយភាគីពាក់ព័ន្ធទាំងអស់នៃជម្លោះក្នុងប្រទេសរួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិចផងដែរ៕

007

EAC-NEWS-2022-01-11_1_1

EAC-NEWS-2022-01-11_6


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម