ចិន និងរុស្ស៊ី រួមគ្នាប្រឆាំងបដិវត្តន៍ពណ៌ ការពារកម្លាំងពីខាងក្រៅដែលអុកឡុកប្រទេសកាហ្សាក់ស្ថាន

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី11 ខែមករា ឆ្នាំ2022 ម៉ោង 6:59 នាទី ល្ងាច

ប្រភព GETTY IMAGES

ដោយ សូរ្យសែង

ព័ត៌មាន​ពី​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី ១១ មករា​ថា លោក ហ្វាង យី រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិនបានសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺរហ្គេ ឡាវរ៉ូវ (Sergei Lavrov) ដោយបានលទ្ធផលថា រដ្ឋាភិបាល​ចិន យល់ស្របជាមួយប្រធានាធិបតី កាស្ស៊ីម ចូម៉ាត តូកាយ៉េវ មេដឹកនាំកាហ្សាក់ស្ថាន អំពីស្ថានការណ៍វឹកវរ និង ប្រើហិង្សា រហូតមានការបង្ហូរឈាមក្នុងប្រទេស ដែលបណ្តាលមកពី«សកម្មភាពភេរវកម្ម» ។

ទន្ទឹម​នឹង​នោះ លោក ហ្វាង បាន​និយាយ​ដូច្នេះថា ចិន និងរុស្ស៊ី «នឹងធ្វើការរួមគ្នាប្រឆាំងនឹងការអន្តរាគមន៍ពីកម្លាំងខាងក្រៅ ដែលចង់ធ្វើឱ្យប្រទេសអាស៊ីកណ្តាលមានអស្ថិរភាព» រួមជាមួយនឹង «ការការពារបដិវត្តន៍ពណ៌» និងការពារ «កម្លាំងអាក្រក់បីភាគី» ដូចដែលនិយមន័យរបស់ចិនហៅថា គំនិតជ្រុលនិយមខាងសាសនា ការ​បំបែក​ខ្លួន និង​«​ភេរវកម្ម​ជ្រុល​និយម​» ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចាត់​ទុកជាកត្តានៅពីក្រោយភាពចលាចលនៅក្នុងតំបន់ស្វយ័ត ស៊ិន​ជៀង អុយហ្គ័រ (Xinjiang Uygur) ផងដែរ ។

ប្រធានាធិបតីចិន ហ្ស៊ី ជិនពីង បានសន្ទនាតាមទូរស័ព្ទជាមួយលោក តូខាយ៉េវ​ កាលពីសប្តាហ៍មុន ថាគាំទ្ររដ្ឋាភិបាល​កាហ្សាក់ស្ថាន ដែលប្រើវិធានការដាច់ខាត ដើម្បីស្តារភាពស្ងប់ស្ងាត់ឲ្យត្រឡប់មករកសភាពដើមឲ្យឆាប់បំផុត ហើយរដ្ឋាភិបាលក្រុងប៉េកាំង គាំទ្រ​ការ​ទទួល​ខុស​ត្រូវ​របស់លោក តូខាយ៉េវ ក្នុងនាមជាអ្នកដឹកនាំប្រទេស និងបានសន្និដ្ឋានថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ត្រៀម​ជួយ​បើចាំបាច់​ដល់​កាហ្សាក់ស្ថាន ដើម្បីជម្នះស្ថានភាពដ៏លំបាកនេះ ។

ចំណែកប្រធានាធិបតីកាហ្សាក់ស្ថាន កាស្ស៊ីម ចូម៉ាត តូកាយ៉េវ បាននិយាយកាលពីថ្ងៃទី ១០ មករាថាស្ថានការណ៍បង្ហូរឈាមក្នុងប្រទេសរបស់ខ្លួន ជាការព្យាយាមធ្វើរដ្ឋប្រហារ ។

ការតវ៉ាប្រឆាំងនឹងការឡើងថ្លៃប្រេង វាបានចាប់ផ្តើមប្រហែលមួយសប្តាហ៍មុន ហើយចាប់តាំងពីពេលនោះមកបានរីក​រាលដាលទៅជាការតវ៉ាយ៉ាងទូលំទូលាយប្រឆាំងនឹងរដ្ឋាភិបាល និងបណ្តេញលោក តូកាយ៉េវ ចេញពីតំណែង ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ស្ថានការណ៍នៅកាហ្សាក់ស្ថាន គឺជាលទ្ធផលនៃការខំប្រឹងប្រែងបំផ្លិចបំផ្លាញ «ទាំង​ក្នុង​និង​ខាង​ក្រៅ» ​ទោះ​បី​ជា​ការ​តវ៉ាលើក​នេះ​បង្ក​ឡើង​ដោយ​ការ​មិន​ពេញ​ចិត្ត​របស់​ប្រជាពលរដ្ឋ​ចំពោះតម្លៃប្រេងឥន្ធនៈឡើងខ្ពស់ក៏ដោយ ប៉ុន្តែកម្លាំងខ្លះបានឆ្លៀតឱកាស «ដើម្បីសម្រេចបាននូវគោលដៅផ្សេងគ្នា» ហើយសង្កត់ធ្ងន់ថា អង្គការសន្ធិសញ្ញាសន្តិសុខរួម (CSTO) ដែលដឹកនាំដោយរុស្ស៊ី «មានភាពយុត្តិធម៌» ដើម្បីចូលរួមក្នុងបេសកកម្មកាហ្សាក់ស្ថាន ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម