ក្រុមអ្នកអភិរក្សនៃក្រសួងបរិស្ថាន បានរកឃើញ ថាសម្បុកសត្វស្លាបទឹកជាច្រើនប្រភេទមានចំនួន​កើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ ២០២១ នេះ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី15 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 11:22 នាទី ព្រឹក

ក្រុមអ្នកអភិរក្សនៃក្រសួងបរិស្ថាន និងអង្គការជីវិតសត្វស្លាបអន្តរជាតិ អង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការ WWT ដែលកំពុងធ្វើការរួមគ្នាក្នុងការការពារ និងអភិរក្សតំបន់ការពារទេសភាពបឹងព្រែកល្ពៅក្នុងភូមិសាស្ត្រខេត្តតាកែវ បានរកឃើញ ថាសម្បុកសត្វស្លាបទឹកជាច្រើនប្រភេទមានចំនួន​កើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ ២០២១ នេះ។
ក្រុមអ្នកអភិរក្សបានរកឃើញថា ការជំរឿនសំបុកសត្វស្លាបជាសកម្មភាពអង្កេតតាមដានថ្មី ដែលត្រូវបានអនុវត្តន៍នៅទីតាំងពងកូននៃសត្វស្លាបទឹកក្នុងតំបន់ការពារទេស​ភាពបឹងព្រែកល្ពៅ​ក្នុងឆ្នាំ២០២០និង២០២១។ នៅក្នុងឆ្នាំ ២០២១នេះ សម្បុកសត្វស្លាបទឹកចំនួន ០៦ ប្រភេទត្រូវបានកត់ត្រាដែលក្នុងនោះរួមមាន៖ សំបុកសត្វចង្កៀលខ្យងចំនួន២៩៣១ សម្បុក ក្អែកទឹកតូចចំនួន ២៨៥ សំបុក សត្វខ្វែក ១៨០ សំបុក សត្វស្មោញ៣២ សំបុក ក្រសារប្រផេះ៣០ សំបុក សាធ្នង់២២ សំបុក។ បើប្រៀបធៀបនឹងឆ្នាំ២០២០ កន្លងមក ក្រុមអភិរក្សបានសង្កេតឃើញថា សំបុកសត្វទាំងនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ដែលបានបង្ហាញថា បឹងព្រែកល្ពៅ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សត្វស្លាបទឹករស់នៅនិងពងកូន។

256229942_4581968691826119_2745821846675198152_n
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអភិរក្សរវាងមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន និងអង្គការ អង្គការជីវិតស្លាបអន្តរជាតិអង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការ WWT។ លោកបានថ្លែងថា កំណើនឡើងប្រភេទសត្វស្លាបទឹកទាំងនេះ គឺជាដំណឹងដ៏រីករាយបំផុតសម្រាប់រដ្ឋាភិបាល និងសម្រាប់ក្រុមអភិរក្សដែលបានបង្ហាញឱ្យឃើញពីភាពប្រសើរឡើងនៅក្នុងការងារការពារនិងអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ និងប្រសិទ្ធភាពខ្ពស់ក្នុងការអភិរក្ស។
ជាមួយគ្នានេះ លោកប៊ូ វរសក្ស នាយកអង្គការ BirdLife in Cambodia បានមានប្រសាសន័ថា«តំបន់ការពារទេសភាពបឹងព្រែកល្ពៅជាតំបន់ដីសើមដ៏សំខាន់​ស្ថិតនៅតំបន់ដីសណ្តទន្លេមេគង្គនៃប្រទេសកម្ពុជា។ តំបន់នេះគាំទ្រដល់ការរស់នៅរបស់សត្វស្លាបជាច្រើនប្រភេទក្នុងនោះមានសត្វស្លាប់កម្រនិងជិតផុតពូជដូចជា ចាបព្រៃវែង ត្រដក់ធំ និងក្រៀលជាដើម។ បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់តំបន់នេះជាតំបន់អភិរក្សចាប់តាំងពីឆ្នាំ២០០៧មក យើងឃើញថាចំនួនសត្វស្លាបទឹក​មួយចំនួនមានការកើនឡើង ជាពិសេសចាប់ពីឆ្នាំ២០២០សត្វស្លាបទឹកជាច្រើនប្រភេទដូចចង្កៀលខ្យង ស្មោញ ជាដើមបានកាច់សំបុកពងកូននៅតំបន់នេះ​កាន់តែច្រើនឡើងៗ នេះជាសញ្ញាដ៏ល្អដែលកើតចេញពីកិច្ចសហការប្រឹងប្រែងគ្រប់គ្រង​និងអភិរក្សតំបន់ដីសើមនេះដែលដឹកនាំដោយក្រសួងបរិស្ថាន»។

257579594_4589090401113948_4299141085828280846_n
លោក នេត្រ ភក្រ្តា បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាននិងកំពុងសិក្សារៀបចំកំណត់តំបន់ និងបោះបង្គោលព្រំតំបន់ការពារធម្មជាតិនៅទូទាំងប្រទេស ក្នុងនោះក៏មានប៊តំបន់ការពារគម្រោងអភិរក្ស និងគ្រប់គ្រងតំបន់ដីសើមបឹងព្រែកល្ពៅ ស្ថិតក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន (ដែលមានមន្ទីរបរិស្ថានខេត្តតាកែវ ជាសេនាធិការ) អង្គការជីវិតសត្វស្លាបអន្តរជាតិ អង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការWWT។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅមានផ្ទៃដីទំហំ ៨៣០៥ ហិកតាស្ថិតនៅក្នុងភូមិសាស្ត្រខេត្តតាកែវ៕

254975414_4589089824447339_8824963615459350944_n

256622848_4589090084447313_619613773871448499_n

256529857_4589090274447294_5765841428639620457_n

256416391_4589090347780620_357980129293708691_n

255378717_4589090154447306_5609931544256805196_n


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម