សត្វរញីប្រផេះជាប្រភេទសត្វរងការគំរាមកំហែងបន្តធ្លាក់ចុះនៅលើពិភពលោក

ព័ត៌មានសង្គមថ្ងៃពុធ ទី10 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 8:56 នាទី ល្ងាច

សត្វរញីមានពីរប្រភេទគឺរញីប្រផេះ និងរញីភ្លើង។ សត្វរញីពីរប្រភេទនេះត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទងាយរងគ្រោះថ្នាក់។ គ្រោះថ្នាក់ដោយសារតែវាកំពុងរងគ្រោះដោយសារតែការបរបាញ់ ទាក់ចាប់និងការធ្វើអាជីវកម្ម។

ពលរដ្ឋមួយចំនួនមានជំនឿថារញីជាប្រភេទសត្វយកមកត្រាំស្រា ធ្វើជាថ្នាំកែរោគផ្សេងៗ ប៉ុន្តែតាមអ្នកជំនាញវេជ្ជសាស្ត្រ សត្វព្រៃដទៃទៀតពុំមានលក្ខណៈវេជ្ជសាស្រ្ត ឬវិទ្យាសាស្រ្តណាមួយអះអាងនោះទេថា អាចផ្សំ ឬលាយជាមួយអ្វីមួយដើម្បីចេញជាថ្នាំព្យាបាល ថ្នាំបង្កើនសុខភាព ឬជំនួយសុខភាពនោះទេ ប៉ុន្តែវាអាចជាប្រភពចម្លងជំងឺពីសត្វនោះមកមនុស្សទៅវិញទេ។ អ្វីដែលគេបានអនុវត្តពីមុនមកនោះ គឺជាការជឿតៗគ្នា ដែលគ្មានលក្ខណៈវិទ្យាសាស្រ្តទាល់តែសោះ។

តាមការស្រាវជ្រាវកន្លងមក មានក្រុមជនខិលខូចមួយចំនួនបានយកសត្វឆ្មាដែលមានរូបរាងដូចនឹងសត្វរញី មកក្លែងបន្លំធ្វើជាសត្វរញីឆ្អើរដាក់លក់នៅតាមទីតាំងឧសថបុរាណមួយចំនួន ឬដើរលក់តាមភូមិនានា។

រហូតមកទល់ពេលនេះ មិនមានទិន្នន័យណាមួយបញ្ជាក់ពីចំនួនសត្វរញីនៅលើពិភពលោកពិតប្រាកដឡើយ។ សម្រាប់ប្រទេសកម្ពុជា សត្វរញីប្រផេះជាប្រភេទសត្វកម្រនិងស្ថិតនៅក្នុងបញ្ជីឧបសម្ព័ន្ធ ១ នៃអនុសញ្ញាសាយតេសដែលមានរស់នៅក្នុងតំបន់ការពារធម្មជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។ សត្វរញីប្រផេះមាននិន្នាការធ្លាក់ចុះនៅលើពិភពលោករួមទាំងនៅកម្ពុជាផងដែរ។

រញីប្រផេះជាទូទៅវាមានពណ៌ផ្សេងៗគ្នាចាប់ពីត្នោត ប្រផេះ ព្រលែត ទៅក្រហម ត្នោត និងមានឆ្នូតពណ៌ ត្នោតចាប់ពីក្បាលរហូតដល់ពាក់កណ្តាលខ្នង ឬដល់គល់កន្ទុយ និងមានលក្ខណៈស្រដៀងគ្នាទៅនឹងរញី ភ្លើងដែរ។ វាមានពណ៌ត្នោតចាស់ពទ្ធ័ជុំវិញរង្វង់ភ្នែកទាំងពីរ និងមានរោមឆ្នូតពណ៌សតាមបណ្តោយខ្ទង់ច្រមុះ។

លក្ខណៈជីវសាស្ត្រ៖ រញីប្រផេះជាសត្វរាត្រីចររស់នៅនិងរកស៊ីនៅពេលយប់នៅតាមដើមឈើតំបន់ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងអាចមានវត្តមាននៅតាមចម្ការផងដែរ។ អាហាររបស់វាមានសត្វល្អិត សត្វស្លាប និងផ្លែឈើ។ រញីប្រផេះជាសត្វចូលចិត្តរស់នៅឯកឯង ហើយធ្វើចលនាបម្លាស់ទីយឺតៗមិនសូវ រហ័សរហួន ដូចសត្វដទៃ។ រញីប្រផេះអាចរស់នៅបានរហូតដល់អាយុ១៤ឆ្នាំ។

រប៉ាយរស់នៅ៖ រញីប្រផេះមានវត្តមានស្ទើរគ្រប់ទីកន្លែងនៃប្រទេសកម្ពុជាពិសេសវត្តមានវាសម្បូរនៅតំបន់ខាងលិចទន្លេមេគង្គ នៅប្រទេសឥណ្ឌាភាគឦសាន្ត រហូតដល់ប្រទេស ភូមា ភាគខាងត្បូងនៃប្រទេសចិន និងប្រទេសថៃ។

ក្រសួងបរិស្ថានបន្តយកចិត្តទុកដាក់លើកិច្ចការពារនិងអភិរក្សសត្វកម្រទាំងនេះជាមួយអង្គការដៃគូនានាដែលបាននិងកំពូងផ្តល់ជំនួយបច្ចេកទេសក្នុងការងារអភិរក្សតំបន់ការពារធម្មជាតិដែលជាទីជម្រក និងកន្លែងរកចំណីអាហាររបស់សត្វព្រៃ។ ជាមួយគ្នានេះ ដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ក្រសួងបរិស្ថានបន្តបង្ក្រាបរាល់បទល្មើសធនធានធម្មជាតិ និងការជួញដូរសត្វព្រៃគ្រប់ប្រភេទ ហើយមន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិ បានខិតខំដោះអន្ទាក់ចេញពីតំបន់ការពារធម្មជាតិដើម្បីសង្គ្រោះសត្វព្រៃ នៅពេលចុះល្បាត។

photo_2021-11-10_20-54-04

photo_2021-11-10_20-54-03

photo_2021-11-10_20-54-02

photo_2021-11-10_20-54-01

photo_2021-11-10_20-54-00


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម