ភ្នំពេញ: ថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ លោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ និងក្រុមការងារ បានប្រគល់ជូននូវអំណោយ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ព្រមទាំង សប្បុរសជន តាមរយៈ មូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ ជូនដល់ លោកគ្រូ អុឹម សម្បត្តិ ប្រធានសមាគមអភិរក្សសុីក្លូ និងមុខរបរក្រៅប្រពន្ឋ័ ដែលជាម្ចាស់គម្រោង Local4Local (អ្នកមានដាក់ អ្នកខ្វះដក ) ដែលផ្តួចផ្តើមគំនិតដោយលោក តាំង ហុងហាវ។
មតិរបស់ លោកគ្រូ អុឹម សម្បត្តិ ប្រធានសមាគមអភិរក្សសុីក្លូ និងមុខរបរក្រៅប្រព័ន្ធ សូមធ្វើការថ្លែងអំណរគុណដល់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវពេជ ចន្ទមុន្នី ព្រមទាំងសប្បុរសជន តាមរយៈ មូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ មានលោក ហោ សេរីវឌ្ឍន៍ ជាប្រធាន ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខមាលភាពប្រជាពលរដ្ឋគ្រប់រូប និងហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីសុខភាពប្រជាជន អោយជៀសឆ្ងាយពីជំងឺកូវីដ-១៩។ លោកបន្តជម្រាបជូននូវប្រវត្តិនៃការបង្កើតគម្រោង Local4Local "អ្នកមានដាក់ អ្នកខ្វះដក" ដែលចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២១ នេះ ក្នុងគោលបំណងបន្តនិរន្តភាពការងារដល់បងប្អូនជាអ្នកធ្វើអាជីវកម្មសុីក្លូ (អ្នកធាក់សុីក្លូ) ដែលជាអ្នកខិតខំអភិរក្ស និងថែរក្សាអត្តសញ្ញាណជាតិ ធ្វើជាអ្នកទទួលគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់ទូទៅ ពីសម្បុរសជន ដើម្បីចែករំលែកបន្ត ទៅដល់អ្នកដែលខ្វះខាត និងងាយរងផលប៉ៈពាល់យ៉ាងខ្លាំង នៃសម័យវីរុសកូវីដ-១៩។
លោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ បានពាំនាំមតិផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនដល់សមាគម ជាពិសេសបងប្អូនដែលជាអ្នកគាំទ្រគម្រោងដោយផ្ទាល់ (អ្នកដឹកធុងលើសុីក្លូចល័ត) សូមបងប្អូនបន្តថែទាំសុខភាពអោយបានល្អ ធ្វើយ៉ាងណាកុំអោយជំងឺកូវីដ-១៩ ឆ្លងមកដល់បងប្អូន ព្រោះបងប្អូនជាអ្នកប៉ៈផ្ទាល់ជាមួយសម្ភារៈរបស់សប្បុរសជន។ លោកក៏សូមកោតសសើរចំពោះការផ្តួចផ្តើមគំនិតគម្រោង Local4Local របស់សមាគមបង្កើតធុងសហគមចល័ត ក្រោមរូបភាព "អ្នកមានដាក់ អ្នកខ្វះដក" ដែលជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងគ្រាលំបាកនេះ ដល់ប្រជាពលរដ្ឋដែលខ្វះខាត ជាពិសេសទទួលរងប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ។ លោក ហោ សេរីវឌ្ឍន៍ ក៏សូមលើកទឹកចិត្ត និងគាំទ្រដល់សមាគមបន្តគម្រោង Local4Local "អ្នកមានដាក់ អ្នកខ្វះដក" បន្តទៀត ដោយមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ សន្យាថានឹងជួយទ្រទ្រង់តាមលទ្ធភាពដែលអាចធ្វើទៅបាន។ លោកក៏សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះវីរុសបំលែងថ្មី ងាយឆ្លង និងហានិភ័យនៃគ្រោះថ្នាក់ជាងវីរុសធម្មតា ដូចនេះត្រូវអនុវត្ត អោយបានខ្ជាប់ខ្ជួន នូវប្រសាសន៍របស់សម្តេចតេជោ ដែលជាយ័ន្តការពារជំងឺកូវីដ១៩ គឺ "៣កុំ ៣ការពារ"។
មូលនិធិមកម្ពុជាប្រឆាំងកូវីដ១៩ ក៏សូមអំពាវនាវដល់សប្បុរសជនទាំងអស់ដែលមានលទ្ធភាពជួយ តាមលទ្ធភាពជាក់ស្តែង ដាក់ក្នុងធុងចល័តរបស់សមាគម ឬតាមរយៈមូលនិធិក៏បានហើយយើងនឹងនាំយកសម្ភារៈទៅជូនសមាគមដោយផ្ទាល់។
អំណោយដែលបានបរិច្ចាករួមមាន៖
1. ម៉ាស់ចំនួន ១,០០០ ម៉ាស់
2. ថ្នាំឈឺចុកពោះ រាគ ១០០ បន្ទះ
3. ថ្នាំ បង្កើនជាតិទឹក និងកម្លាំង ២០០ កញ្ចប់
4. ថ្នាំ ក្តៅខ្លួន និងចុកចាប់ ១០០ បន្ទះ
5. ថ្នាំ អាលែហ្សុី និងផ្តាសាយ ១០០ បន្ទះ
6. Gel សម្លាប់មេរោគ ២០០ ដបតូច