លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលបានលើកឡើងពីលក្ខខណ្ឌចំនួន ៤ ចំណុច ទើបអ្នកជំងឺកូវីដអាចអនុញ្ញាតិឲ្យសម្រាកតាមផ្ទះបានមានដូចតទៅ៖
-អ្នកជំងឺកូវីដដែលមានរោគសញ្ញាកម្រិតស្រាល និងគ្មានរោគសញ្ញា
-ត្រូវមានបន្ទប់ដាច់ដោយឡែក សម្រាប់ដាក់អ្នកជំងឺ
-ត្រូវមានបុគ្គលជាជំហរម្នាក់ មានសុខភាពល្អអាចមើលថែទាំអ្នកជំងឺបាន
-ផ្ទះមានលំហធំទូលាយ អាចរក្សាគម្លាត រក្សាអនាម័យ សម្រាប់អ្នករស់នៅក្រោមដំបូលតែមួយ
លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញបានឲ្យដឹងដែរថា អាជ្ញាធរនឹងដាក់ស្លាកតាមផ្ទះពេលមានអ្នកជំងឺកំពុងព្យាបាលតាមផ្ទះ ដើម្បីជូនដំណឹងក្រើនរំលឹកដល់អ្នកជុំវិញ ដូច្នេះពលរដ្ឋតាមមូលដ្ឋានអាចចូលរួមតាមដាន រាយការណ៍ដល់អាជ្ញាធរករណីមានអ្នកល្មើស ដើម្បីជាប្រយោជន៍ដល់សុខភាពសាធារណៈ។
លោកបន្តថា សមាជិកគ្រួសារក្នុងដំបូលផ្ទះតែមួយ ហាមចេញដំណើរទៅក្រៅមិនថាប្រកបអាជីវកម្ម ឬការដើរហើរគោលដៅណាមួយ។ ទាំងអ្នកប៉ះពាល់ទាំងអ្នកជំងឺត្រូវដាក់ខ្លួន ១៤ ថ្ងៃ ក្រោយបញ្ចប់ការព្យាបាល។
លោកបន្តថា កន្លងទៅរដ្ឋាភិបាលក៏បានបង្កើតច្បាប់ដាក់ទោសវិន័យ សម្រាប់អ្នកល្មើសទាំងអ្នកជំងឺ និងអ្នកប៉ះពាល់អាចពិន័យជាទឹកប្រាក់និងជាប់ពន្ធនាគារ៕