លោក ហ៊ុន ស៊ីថា និងក្រុមគ្រួសារ ថ្លែងអំណរគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ ដែលបានចូលរួមរំលែកមរណទុក្ខ និងបុណ្យសពកូនប្រសារ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី01 ខែកក្កដា ឆ្នាំ2021 ម៉ោង 11:53 នាទី ព្រឹក

ភ្នំពេញ៖ លោក ហ៊ុន ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារ តាមរយៈអង្គភាពព័ត៌មាន សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារលោកចំពោះមរណភាពកូនប្រសារ។

លោក ហ៊ុន ស៊ីថា និងក្រុមគ្រួសារ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលបានអញ្ជើញចូលរួមបុណ្យសពកូនប្រសាររបស់លោកដោយផ្ទាល់នៅគេហដ្ឋាន។

លោក ហ៊ុន ស៊ីថា និងក្រុមគ្រួសារ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ តាមក្រសួងស្ថាប័ននានា ក៏ដូចជាញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានអញ្ជើញចូលរួមរំលែកមរណទុក្ខកូនប្រសាររបស់លោកតាមរយៈលិខិត និងអញ្ជើញចូលរួមដោយផ្ទាល់។

លោក ហ៊ុន ស៊ីថា និងក្រុមគ្រួសារ បានចាត់ទុកការចូលរួមរំលែកមរណទុក្ខពីសំណាក់សម្តេច លោក លោកស្រីទាំងអស់ជាសមានចិត្តរាប់អានពោរពេញដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះរូបលោក និងក្រុមគ្រួសារ ហើយក៏ជាការផ្តល់នូវកិត្តិយសដ៏ធំធេងដល់សពផងដែរ។

ជាមួយនឹងការថ្លែងអំណរគុណ លោក ហ៊ុន ស៊ីថា និងក្រុមគ្រួសារ ក៏បានគោរពបួងសួងដល់កុសលផលបុណ្យទាំងឡាយ ក៏ដូចជាបុណ្យគុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធក្នុងលោក និងទេវតារក្សាចក្រវាឡតាមអភិបាលប្រោសព្រំ បីបាច់ថែរក្សាសម្តេច អស់លោក លោកស្រី ញាតិមិត្តទាំងអស់ បានជួបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ និងកម្លាំងពលំមាំមួនចៀសផុតពីរោគាព្យាធិ ជំងឺតម្កាត់ទាំងឡាយទាំងពួង។ ជាពិសេសបានជួបនូវពុទ្ធិពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត។

សូមបញ្ជាក់ថា លោក ហ៊ុន ស៊ីថា និងក្រុមគ្រួសារ បានជួបទុក្ខជាទម្ងន់ដោយសារកូនប្រសារ គឺ លោក ចេង ប៊ុនឃាង ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ បានទទួលមរណភាពក្នុងវ័យ ៣៩ឆ្នាំ នៅវេលាម៉ោងប្រមាណ ១២៖៥០នាទី រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ដោយសារខ្យល់គរ។

សពលោក ចេង ប៊ុនឃាង ត្រូវបានរៀបចំពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា និងបានបូជាកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ មរណភាពរបស់លោកបាននាំមកនូវក្តីស្តាយស្រណោះអាឡោះអាល័យពីក្រុមគ្រួសារ ភរិយា កូនៗ និងសាច់ញាតិជិតឆ្ងាយ ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៅតាមក្រសួង ស្ថាប័ននានាផងដែរ៕

fn-2021-07-01-08-36-44-4

fn-2021-07-01-08-36-44-0

fn-2021-07-01-08-36-44-3

fn-2021-07-01-08-36-44-1

fn-2021-07-01-08-36-44-2


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម