ភ្ញៀវទេសចរដែលទៅទស្សនាតំបន់ភ្នំខ្នងផ្សារ គួរតែទៅស្គាល់ និងទស្សនានៅ តំបន់ភ្នំខ្នងក្រពើព្រោះគោលដៅទេសចរណ៍ថ្មីនេះ ស្រស់ស្អាត

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី24 ខែមិថុនា ឆ្នាំ2021 ម៉ោង 10:33 នាទី ព្រឹក

(កំពង់ស្ពឺ)៖ ភ្ញៀវទេសចរដែលទៅទស្សនាតំបន់ភ្នំខ្នងផ្សារ គួរតែទៅស្គាល់ និងទស្សនានៅ «តំបន់ភ្នំខ្នងក្រពើ» ផងដែរ ពីព្រោះគោលដៅទេសចរណ៍ថ្មីនេះ ស្រស់ស្អាតលេចធ្លោមិនចាញ់តំបន់ភ្នំខ្នងផ្សារប៉ុន្មានឡើយ នៅក្នុងសហគមន៍អេកូទេសចរណ៍តាំងបំពង់។

តំបន់ភ្នំខ្នងក្រពើ គឺជាទីប្រជុំរុក្ខគិរីដ៏ស្រស់ត្រកាលមួយស្ថិតនៅក្នុង «ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល» ដែលគ្របដណ្ដប់លើខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់។ ដើម្បីធ្វើដំណើរទៅកាន់គិរីឧទ្យាននេះ ភ្ញៀវទេសចរត្រូវទំនាក់ទំនងជាមួយមគ្គុទ្ទេសក៍សហគមន៍អេកូទេសចរណ៍តាំងបំពង់ជាមុនសិន ដែលស្ថិតនៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីឱ្យពួកគាត់នាំផ្លូវ និងផ្ដល់សេវាសហគមន៍នានា ក្នុងពេលធ្វើដំណើរទៅកាន់ទីនោះ។

ក្នុងដំណើរផ្សងព្រេងនេះដែរ ភ្ញៀវទេសចរត្រូវចំណាយពេលជិះគោយន្តប្រមាណពីរម៉ោង ហើយត្រូវបន្តដំណើរដោយថ្មើរជើងជាងប្រាំមួយម៉ោងទៀត ដើម្បីឡើងទៅកាន់កំពូលបុព្វតាតាមចិត្តនឹកប៉ង។ ទេសភាពធម្មជាតិនៅតាមដងផ្លូវ ពិតជាបានបំប៉ននូវកម្លាំងចិត្តឱ្យយើងខិតខំឡើងទៅកាន់គោលដៅប្រកបដោយភាពពុះពារ។ មិនយូរប៉ុន្មាន ក្រុមអ្នកឡើងភ្នំនឹងបានទៅដល់ផ្ទះស៉ីអាយ ដែលជាជម្រកស្នាក់នៅបណ្ដោះអាសន្នតែមួយគត់នៅតំបន់ភ្នំខ្នងក្រពើនេះ។

ចំណេររាត្រីកាលកន្លងផុតទៅ អង្គព្រះទិនករក៏ដល់វេនបំភ្លឺលោកាសាជាថ្មី រីឯមិត្តអ្នកទេសចរយើងក៏អាចគយគន់ទេសភាពវាលស្មៅនៅតាមជម្រាលភ្នំ ដែលកំពុងរាយឆោមលោមពណ៌បៃតងស្រស់ខ្ចី ក្រាលគ្របពីលើពសុធាដូចទេពនិម្មិត។

ក្រោយពេលទទួលទានអាហារដែលសហគមន៍រៀបចំជូនរួចហើយនោះ ភ្ញៀវទេសចរអាចទៅទស្សនាទឹកធ្លាក់អូរឆាំឆានោះ។ លាក់ឆោមបាំងកាយកណ្ដាលព្រឹក្សព្រៃ ទឹកធ្លាក់អូរឆាំឆាប្រឹងសម្ញែងសម្រស់បង្អួតលក្ខិណា ប្រៀបដូចឧទ្យានសួគ៌គួរឱ្យចង់នែបនិត្យ។

សក្ដានុពលទេសចរណ៍ធម្មជាតិលើដែនបព៌តនេះ មិនទាន់ខ្សត់អស់ត្រឹមការបរិយាយនេះនោះឡើយ ដោយភ្ញៀវទេសចរក៏អាចរីករាយទស្សនាទេសភាពវាលស្មៅ វាលស្រល់ គយគន់សម្រស់បុប្ផាផ្កាព្រៃ ក៏ដូចជាស្ដាប់ការនិទានរឿងរ៉ាវជាច្រើនអំពីភូមិសាស្ត្រភ្នំខ្នងក្រពើ។ មគ្គុទ្ទេសក៍សហគមន៍តាំងបំពង់បានដំណាលឲ្យដឹងថា កាលពីព្រេងនាយ ធ្លាប់មានក្រពើមួយក្បាលអស់បុណ្យជួបភ័យដល់ក្ដីមរណា ក៏បានកឿងជាប់លើខ្នងភ្នំនេះ ហើយក៏ប្រែទៅជាសិលាមានសណ្ឋានដូចទៅនឹងស្រកាខ្នងក្រពើ ទើបក្រោយមកទីនោះក៏ជាប់ឈ្មោះថា «ខ្នងក្រពើ» រហូតដល់ពេលបច្ចុប្ប៕

fn-2021-06-24-09-59-26-2

fn-2021-06-24-09-59-25-0

fn-2021-06-24-09-59-26-1

4

3_1

1_3

2_3


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម