សពទេវនាដនិម្មិត ឯម ធាយ ត្រូវបានក្រុមគ្រូពេទ្យពិនិត្យឃើញវិជ្ជមានជំងឺកូវីដ១៩

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី15 ខែមិថុនា ឆ្នាំ2021 ម៉ោង 5:51 នាទី ល្ងាច

ភ្នំពេញ៖ ការទទួលមរណភាពរបស់វរព្រឹទ្ធសិល្បការិនី សំនៀងពីរោះគន្ធា ទេវនាដនិមិ្មត ឯម ធាយ ដែលបានអនិច្ចកម្ម កាលពីរំលងអាធ្រាត្រថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ៨៨ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យ និងអាជ្ញាធរពិនិត្យសពរកឃើញវិជ្ជមានកូវីដ-១៩។

លោក យូសុះ អាប់ឌុលឡោះ ចៅសង្កាត់រងទី២ នៃសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានឲ្យដឹង ថា យោងតាមការបញ្ជាក់របស់លោកគ្រូពេទ្យ ដែលបានមកយកសំណាកសពលោកយាយ ឯម ធាយ គឺបង្ហាញថា មានវិជ្ជមានកូវីដ-១៩។ ការពិនិត្យសំណាកនេះ បន្ទាប់ពីលោកយាយបានទទួលមរណភាព បានប៉ុន្មានម៉ោង។

ជាមួយគ្នានេះ ក្រុមគ្រួសារហាក់នៅមិនទាន់អស់ចិត្ត ក៏បានស្នើទៅក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ «ធីតា» ដើម្បីយកសំណាកទៅពិនិត្យម្តងទៀតឲ្យបានច្បាស់ គឺឃើញលទ្ធផលវិជ្ជមានដូចគ្នា។ យ៉ាងណាមិញ ក្រុមគ្រួសាររបស់លោកយាយ ឯម ធាយ រហូតមកទល់នឹងពេលនេះ គឺមានចៅតូចម្នាក់អាយុ៥ឆ្នាំ មានវិជ្ជមានកូវីដ-១៩ដែរ។

គួរបញ្ជាក់ថា ដោយសារតែសពរបស់លោកយាយ ឯម ធាយ មានវិជ្ជមានកូវីដ-១៩ ទើបក្រុមគ្រូពេទ្យបានសម្រេចចិត្តបូជាសពរបស់លោកយាយ នាម៉ោង១រសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ខណៈដែលក្រុមគ្រួសារនៅតែបង្ហាញការសោកស្តាយ ព្រោះតែមិនបានរៀបចំពិធីបុណ្យត្រឹមត្រូវជូនដល់លោកយាយ៕

fn-2021-06-15-17-27-37-0

fn-2021-06-15-17-27-37-2

fn-2021-06-15-17-21-57-1

fn-2021-06-15-17-21-57-0


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម