អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុល បណ្ណាល័យខាងត្បូង ប្រាសាទព្រះខ័ន

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី14 ខែមិថុនា ឆ្នាំ2021 ម៉ោង 5:43 នាទី ល្ងាច

សៀមរាប៖ លោក ជា សារិទ្ធ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងជួសជុល បណ្ណាល័យខាងត្បូង នៃប្រាសាទព្រះខ័ន បានបញ្ជាក់ថា បណ្ណាល័យខាងត្បូងនៃប្រាសាទព្រះខ័ន បានបញ្ជប់ការជួលជុលរួចហើយកាលពីខែឧសភា ឆ្នាំ២០២១មកម្ល៉េះ។

កន្លងមក បណ្ណាល័យនេះ មានសភាពទ្រុឌទ្រោម ហើយទ្រេតខ្លាំងទៅជ្រុងខាងត្បូង ដោយសារគ្រឹះចុះខ្សោយ និងដើមស្ពង់ធំដុះពីលើដំបូលធ្វើឱ្យប្រេះស្រាំ បើកចំហរធំចាប់ពីផ្នែកដំបូលរហូតដល់ខឿនដែលអាចប្រឈមនឹងការដួលរលំ។

បុរាណវិទូរូបនេះ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះទៀតថា ចាប់តាំងពីខែសីហា ឆ្នាំ២០២០ រហូតដល់ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរា បានសហការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក World Monuments Fund (WMF) ធ្វើសម្រង់ប្លង់ និងសិក្សាយ៉ាងម៉ត់ចត់ ពីស្ថានភាពគ្រោះថ្នាក់ រួមទាំងការធ្វើកំណាយបុរាណវិទ្យា ដើម្បីពិនិត្យស្ថានភាពគ្រឹះរបស់ប្រាសាទ។ គម្រោងនេះប្រើរយៈពេលប្រហែល១៥ខែ ត្រូវរុះរើថ្ម ជួសជុលពង្រឹងគ្រឹះ និងរៀបផ្គុំតាមផ្នែកដែលខូចខាតឡើងវិញ។

លោក ជា សារិទ្ធ បានបន្ថែមថា ក្រោយពេលបញ្ចប់ការជួសជុលបណ្ណាល័យខាងត្បូង នៃប្រាសាទព្រះខ័នរួចរាល់ អាជ្ញាធរជាតិអប្សរា មានផែនការជួសជុលខ្លោងទ្វារ ខាងកើតនៃអាគារព្រះឥសូរ និងជួសជុលកំពង់ទឹកនៅខាងកើតព្រះខ័ន។

លោកបានបន្ថែមទៀតថា ក្រៅពីនោះអាជ្ញាធរជាតិអប្សរា ក៏បានសហការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក លើគម្រោងធ្វើផែនទីហានិភ័យ ដើម្បីកំណត់ទីតាំង ដែលប្រឈមនឹងគ្រោះថ្នាក់ និងកំណត់គោលដៅជួសជុលនៅកន្លែងអាទិភាព៕

fn-2021-06-14-16-42-00-0

fn-2021-06-14-16-42-00-1

fn-2021-06-14-16-42-01-6

fn-2021-06-14-16-42-01-4

fn-2021-06-14-16-42-01-5

fn-2021-06-14-16-42-00-2

fn-2021-06-14-16-42-01-3


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម