ចិនធ្វើសមយុទ្ធទ្រង់ទ្រាយធំ បន្ទាប់ពីយន្តហោះយោធាអាមេរិកមកដល់កោះតៃវ៉ាន់

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី09 ខែមិថុនា ឆ្នាំ2021 ម៉ោង 8:13 នាទី ល្ងាច

យោធាចិនបានធ្វើសមយុទ្ធដ៏ធំនៅក្នុងដែនទឹកក្បែរកោះតៃវ៉ាន់ បន្ទាប់ពីយន្តហោះយោធាមួយដែលដឹកសមាជិកសភាអាមេរិកចំនួន ៣ រូបបានធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់កាលពីចុងសប្តាហ៍ ។

កាសែត South China Morning Post បានចុះផ្សាយនៅលើគណនី Weibo ផ្លូវការនៃតំបន់យោធាភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិននៅថ្ងៃទី ៨ ខែមិថុនាថា កងពល ៧២ របស់ពួកគេបានធ្វើសមយុទ្ធកងនាវាចរនៅក្នុងដែនទឹកភាគខាងត្បូងនៃខេត្តហ្វូជានទល់មុខកោះតៃវ៉ាន់ ។

យោងតាមខ្សែវីដេអូ ដែលត្រូវបានចេញផ្សាយដោយការិយាល័យយោធាភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានឲ្យដឹងថា ក្នុងពេលធ្វើសមយុទ្ធនេះ រថពាសដែកពាសវាលពាសកាល បានធ្វើដំណើរទៅលើនាវាវាយលុក ដែលបន្ទាប់មកផ្លាស់ទីទៅដែនទឹកគោលដៅសម្រាប់រថយន្តពាសដែកចុះចតនៅលើឆ្នេរសមុទ្រ។ 

មុននេះសេចក្តីរាយការណ៍ព័ត៌មានពី CCTVC(ចិន) បាននិយាយថា នៅក្នុងសមយុទ្ធនេះកងពលលេខ ៧២ របស់កងទ័ព បានអនុវត្តយុទ្ធសាស្រ្តនៃការប្រមូលផ្តុំបន្ទាន់ការដឹកជញ្ជូនចម្ងាយឆ្ងាយ និងការវាយលុកនៅក្នុងស្ថានភាពស្មុគស្មាញដើម្បីបង្កើនសមត្ថភាពក្នុងការគាំទ្រដល់សង្រ្គាមដ៏មហិមា ។ CCTVC បាននិយាយថា ក្នុងពេលធ្វើសមយុទ្ធនាវាបានដឹកឧបករណ៍ជាច្រើនប្រភេទ ដូចជា រថពាសដែក រថយន្ដគ្រប់ប្រភេទ និងរថយន្ដដឹកទំនិញ ។

តំបន់យោធាភាគខាងកើតនៃយោធាចិន មានភារកិច្ចចម្បងក្នុងការដោះស្រាយបញ្ហាបន្ទាន់ទាក់ទងនឹងកោះតៃវ៉ាន់។  យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ យោធាចិនបានបង្កើនសកម្មភាពបណ្តុះបណ្តាលកងទ័ពជើងទឹក ហើយតំបន់យោធាភាគខាងកើតបានធ្វើសមយុទ្ធកងទ័ពជើងទឹកជាធាតុសមយុទ្ធចាំបាច់ចាប់តាំងពីខែកញ្ញា ឆ្នាំមុន ។

ព័ត៌មាននេះកើតឡើងនៅក្នុងបរិបទនៃ«ទឹកមុខក្តៅ» របស់ប្រទេសចិន ជាមួយនឹងដំណើរទស្សនកិច្ចរបស់សមាជិកសភាអាមេរិកទៅកាន់កោះតៃវ៉ាន់ ។ កាលពីថ្ងៃទី ៦ ខែមិថុនាយន្តហោះដឹកជញ្ជូនយោធាអាមេរិកបានដឹកសមាជិកព្រឹទ្ធសភាអាមេរិកចំនួន ៣ រូប រួមជាមួយវ៉ាក់សាំង Covid-19 ចំនួន ៧៥០,០០០ ដូស ដើម្បីគាំទ្រដល់កោះនេះដើម្បីទប់ទល់នឹង«ជំងឺរាតត្បាត Covid-19» ។

ឆ្លើយតបនឹងដំណើរទស្សនកិច្ចនេះ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បាននិយាយនៅថ្ងៃទី ៨ ខែមិថុនាថា«កងទ័ពរំដោះប្រជាជនចិននឹងឆ្លើយតបដោយប្តេជ្ញាការពារឯកភាពជាតិ និងបូរណភាពទឹកដីជាមួយរាល់ការចំណាយ ប្រសិនបើនរណាម្នាក់ហ៊ានបំបែកកោះតៃវ៉ាន់ចេញពីប្រទេសចិន» ។  លោក Wu បាននិយាយថាដំណើរទស្សនកិច្ចរបស់សមាជិកសភាអាមេរិក បានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់គ្រឹះទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន ក៏ដូចជាស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ។

មុននេះអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian ក៏បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមិនគួរបញ្ជូនសញ្ញាខុសទៅកងកម្លាំងឯករាជ្យនៅតៃវ៉ាន់ទេ ហើយគួរតែបញ្ឈប់រាល់សកម្មភាពផ្លាស់ប្តូរការដោះដូរជាផ្លូវការជាមួយកោះនេះ ។

ប្រទេសចិនតែងតែចាត់ទុកកោះតៃវ៉ាន់ជាទឹកដីដែលមិនអាចបំបែកបាន ហើយបានប្រកាសត្រៀមខ្លួនជាស្រេច ដោយមិនគិតថ្លៃរួមទាំងកម្លាំង ។  ទីក្រុងប៉េកាំងបានចាត់ទុកថាវាជា«ខ្សែរក្រហម» ដែលទីក្រុងវ៉ាស៊ីនតោនមិនគួរឆ្លងកាត់ និងប្រឆាំងរាល់ទំនាក់ទំនងកម្រិតខ្ពស់ណាមួយរវាងទីក្រុងវ៉ាស៊ីនតោន និងកោះតៃវ៉ាន់ឡើយ ។

សហរដ្ឋអាមេរិកមិនមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ទេ ចាប់តាំងពីឆ្នាំ ១៩៧៩ ប៉ុន្តែនៅតែជាដៃគូពាណិជ្ជកម្មនិងយោធាដ៏សំខាន់របស់កោះនេះអស់រយៈពេលជាច្រើនឆ្នាំ ។  ប្រទេសចិនបានទទូចម្តងហើយម្តងទៀតដល់សហរដ្ឋអាមេរិក ឲ្យគោរពគោលការណ៍«ចិនតែមួយ» បញ្ឈប់ការលក់អាវុធទៅឲ្យកោះតៃវ៉ាន់ ហើយដោះស្រាយឱ្យបានត្រឹមត្រូវ និងដោយប្រុងប្រយ័ត្ននូវបញ្ហាដែលទាក់ទងនឹងកោះនេះ ៕

ប្រភព Theo SCMP

ដោយ លោកស្រី សុកាន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម