រដ្ឋបាលខេត្តសៀមរាប សម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្ន ប៊ូទិច សាយនីង អង្គរ និងរកឃើញអ្នកវិជ្ជមានកូវីដថ្មី ២នាក់

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី13 ខែឩសភា ឆ្នាំ2021 ម៉ោង 9:41 នាទី ព្រឹក

រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ដូចមានរាយនាមខាងក្រោម៖


១- ឈ្មោះ រឿន គឹមសាក់ ភេទស្រី អាយុ៣០ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកត្រាច ឃុំខ្នាត ស្រុកពួក ជាករណីពាក់ព័ន្ធជាមួយឈ្មោះ លីស ជី អ្នកវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។ សូមបញ្ជាក់ថាឈ្មោះ រឿន គឹមសាក់ បានអនុវត្តចត្តាឡីស័កដោយខ្លួនឯង ក្រោយពេលដឹងថាខ្លួនមានពាក់ព័ន្ធដោយផ្ទាល់ជាមួយឈ្មោះ លីស ជី។ តែអំឡុងពេលនៃការស្រាវជ្រាវរកអ្នកពាក់ព័ន្ធជាមួយអ្នកវិជ្ជមាន ដែលបម្រើការងារនៅមន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II គឺអ្នកវិជ្ជមានឈ្មោះ លីស ជី ក៏ដូចជាអ្នកគ្រប់គ្រងមន្ទីរសម្រាកព្យាបាលនេះ ពុំបានបង្ហាញអត្តសញ្ញាណ បុគ្គលវិជ្ជមានថ្មីនេះឡើយ។

២- ឈ្មោះ កៅ ពិភព ភេទប្រុស អាយុ២៤ឆ្នាំ មានអាសយដ្ឋាននៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប ធ្វើដំណើរមកពីរាជធានីភ្នំពេញ មកដល់ខេត្តសៀមរាប នៅវេលាម៉ោងប្រហែល១៥៖០០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។ ចំពោះអ្នករួមដំណើរជាមួយឈ្មោះ កៅ ពិភព ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណ និងត្រូវបានក្រុមគ្រូពេទ្យណែនាំឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាពបន្ត បន្ទាប់ពីយកសំណាកទទួលបានលទ្ធផលអវិជ្ជមាន។

ពាក់ព័ន្ធករណីទីមួយនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្ន ប៊ូទិច សាយនីង អង្គរ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ដែលជាកន្លែងបម្រើការងាររបស់អ្នកវិជ្ជមានជំងឺកូវីដ-១៩ រឿន គឹមសាក់។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៨នាក់ បានព្យាបាលជាសះ-ស្បើយចំនួន២០នាក់ ស្លាប់១នាក់ និង៥៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុង-ប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយណាប្រព្រឹត្តល្មើសនឹងវិធានការនេះ នឹងប្រឈមការពិន័យអន្តរការណ៍ ឬផ្តន្ទាទោសតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមាន ឬធ្លាប់បានចេញ-ចូល ប៊ូទិច សានីង អង្គរ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល។

184420270_2768445893466710_5659712489111477308_n

185230670_2768445946800038_6884641626893443753_n

183549815_2768446046800028_1404493957942722831_n

183758106_2768445903466709_1496283079610563576_n

183128468_2768445993466700_5301566952484899627_n


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម