រកឃើញវិជ្ជមានកូវីដ-១៩ម្នាក់នៅក្នុងឃុំព្រះដាក់ឈ្មោះ រ៉ូន រាន់ ដែលទើបវិលត្រលប់មកពីភ្នំពេញ ប៉ុន្តែមិនមានប៉ះពាល់ជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍នោះទេ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី08 ខែឩសភា ឆ្នាំ2021 ម៉ោង 10:57 នាទី ព្រឹក
 
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ថា ប្រជាពលរដ្ឋម្នាក់នៅក្នុងឃុំព្រះដាក់ឈ្មោះ រ៉ូន រាន់ ដែលទើបវិលត្រលប់មកពីភ្នំពេញ ត្រូវបានរកឃើញមានផ្ទុកវិជ្ជមានកូវីដ១៩ ប៉ុន្តែមិនមានប៉ះពាល់ជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍នោះទេ និងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកនៅក្នុងមណ្ឌលចត្តាឡីស័ករបស់ស្រុកបន្ទាយស្រី ខេត្តសៀមរាបតាំងពីថ្ងៃមកដល់ដំបូង។
 
ក្រោយពីទទួលបានការរាយការណ៍ពីសំណាក់ភរិយាលោក រ៉ូន រាន់ ដែលជាប្រជាពលរដ្ឋរស់នៅក្នុងភូមិថ្នល់បណ្តោយនៃឃុំព្រះដាក់ ថាប្តីរបស់ខ្លួននិងមិត្តភ័ក្តិដែលបានទៅធ្វើការនៅភ្នំពេញមួយនាក់ទៀតនឹងធ្វើដំណើរតាមរយៈក្រុមហ៊ុនណារីតាវិលត្រលប់ចូលមកដល់ក្នុងមូលដ្ឋានវិញនៅល្ងាចថ្ងៃ៦ឧសភារួចមក ក្រុមការងារគ្រប់គ្រងកូវីដ១៩របស់ស្រុកបន្ទាយស្រីបានតម្រូវឱ្យក្រុមគ្រួសារលោករ៉ូន រាន់ រៀបចំម៉ូតូ២គ្រឿង ដើម្បីទៅទទួលយកពីចំណុចស្វាយធំនៃស្រុកបាគង ហើយបន្តដំណើរចូលទៅក្នុងមណ្ឌលចត្តាឡីស័កផ្ទាល់តែម្តង ដើម្បីត្រួតពិនិត្យសុខភាព ដោយបានគោរពតាមវិធានការសុវត្ថិភាព មិនមានប៉ះពាល់គ្នា និងប្រើប្រាស់ម៉ូតូដាច់ដោយឡែករៀងៗខ្លួន។ ដោយពិនិត្យឃើញមានរោគសញ្ញាគួរឱ្យសង្ស័យទៅលើឈ្មោះ រ៉ូន រាន់ ក្រុមការងារបានសម្រេចបញ្ជូនបន្តទៅយកសំណាក និងទទួលបានលទ្ធផលវិជ្ជមានកាលពីយប់ថ្ងៃ៧ ខែឧសភា។
 
ជាវិធានការបន្ថែម និងបន្ទាន់ រដ្ឋបាលស្រុកបានជូនដំណឹងភ្លាមៗទាំងយប់ដល់ក្រុមគ្រួសារអ្នកវិជ្ជមាន និងអ្នកនៅក្នុងមណ្ឌលចត្តាឡីស័កទាំងអស់ ព្រមទាំងសម្រេចធ្វើចត្តាឡីស័កនៅនឹងផ្ទះទៅលើភរិយាលោករ៉ូន រាន់ និងបន្តចត្តាឡីស័កអ្នកនៅក្នុងមណ្ឌលស្រាប់ទាំង១៣នាក់រយៈពេល១៤ថ្ងៃបន្ថែមទៀត ដើម្បីក្តោបឱ្យអស់អ្នកពាក់ព័ន្ធ និងធានាឱ្យបានថាមិនមានការឆ្លងបន្តចូលទៅក្នុងសហគមន៍។ មិត្តភ័ក្តិរួមដំណើរជាមួយលោក រ៉ូន រាន់ មកពីភ្នំពេញ ក៏ត្រូវបានបញ្ជូនទៅធ្វើតេស្តយកសំណាកនៅក្នុងព្រឹកនេះផងដែរ ហើយរដ្ឋបាលស្រុកនឹងធ្វើការជូនដំណឹងពីលទ្ធផលនៅពេលក្រោយទៀត។
 
លោក អភិបាលស្រុក បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ស្រុកបន្ទាយស្រីធ្លាប់មានការពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាច្រើនករណីរួចមកហើយ ប៉ុន្តែមិនទាន់មានការឆ្លងបន្តចូលទៅក្នុងសហគមន៍នៅឡើយទេ។ រដ្ឋបាលស្រុកសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកទាំងអស់នឹងនៅតែបន្តចូលរួមសហការជាមួយក្រុមការងារគ្រប់គ្រងកូវីដ រាយការណ៍ឱ្យបានទាន់ពេលវេលា និងបន្តប្រុងប្រយ័ត្នចូលរួមអនុវត្តវិធានការការពារ”៣ការពារ-៣កុំ” ក៏ដូចជាអនុវត្តកាតព្វកិច្ចពាក់ម៉ាស រក្សាគម្លាត ដើម្បីថែរក្សាឱ្យស្រុកបន្ទាយស្រីរបស់យើងអាចឆ្លងផុតពីមេរោគកូវីដ១៩។
 
182295617_1493575550995128_8754273776477273200_n
 
182151199_1493575570995126_5139589355604910052_n
 
181505427_1493575447661805_690674553985504180_n
 
181882757_1493575474328469_7655366874483075401_n
 
181114740_1493575417661808_1840028541439187049_n
 
 

ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម