កូរ៉េខាងជើងបាញ់សាកល្បងអាវុធថ្មី ព្រមានអាមេរិក!

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី26 ខែមិីនា ឆ្នាំ2021 ម៉ោង 10:45 នាទី ព្រឹក

ដោយ សុកាន៖

កូរ៉េខាងជើងបានបញ្ជាក់ថា ខ្លួនទើបតែបានបាញ់មីស៊ីលបាលីស្ទីកយុទ្ធសាស្ត្រថ្មីចំនួនពីរ គឺសកម្មភាពដែលអាមេរិក ចោទប្រកាន់ថា រំលោភលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ។

ទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើងបានរាយការណ៍នៅព្រឹកនេះថា អាវុធមីស៊ីលដែលបានបាញ់បង្ហោះកាលពីថ្ងៃទី ២៥ ខែមីនា ត្រូវបានអភិវឌ្ឍពីបច្ចេកវិទ្យាដែលមានស្រាប់ ជាមួយនឹងការកែលម្អដែលអាចផ្ទុកក្បាលគ្រាប់ធុនធ្ងន់រហូតដល់ ២ ទៅ ៥ តោន ។

KCNA បាននិយាយទៀតថា បណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិកូរ៉េប្រាប់ថា បានដំណើរការ «ជោគជ័យ» ។  មីស៊ីលទាំងពីរនេះបាន«បាញ់ចំគោលដៅ»នៅសមុទ្រចម្ងាយប្រមាណ ៦០០ គីឡូម៉ែត្រពីទីតាំងបាញ់ ។

KCNA បានដកស្រង់សម្តីលោក Ri Pyong Chol មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងថា«ការអភិវឌ្ឍប្រព័ន្ធអាវុធនេះដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពយោធារបស់ប្រទេសកូរ៉េខាងជើង និងការពាររាល់ការគំរាមកំហែងផ្នែកយោធាពីខាងក្រៅ ។

ក្រុមអ្នកសង្កេតការណ៍និយាយថា ប្រទេសកូរ៉េខាងជើងប្រហែលជាបានសាកល្បងមីស៊ីល KN-23 ស៊េរីថ្មីដែលបានបង្ហាញខ្លួនអំឡុងពេលព្យុហយាត្រានៅទីក្រុងព្យុងយ៉ាង កាលពីខែមករា និងស្រដៀងទៅនឹងមីស៊ីល Iskander របស់រុស្ស៊ី ។  មីស៊ីលនេះមានរយៈចម្ងាយពី ៤០០ ទៅ ៦០០ គីឡូម៉ែត្រ។

នេះជាការសាកល្បងមីស៊ីលលើកដំបូងរបស់កូរ៉េខាងជើងក្នុងរយៈពេលជិតមួយឆ្នាំ ហើយក៏ជាការសាកល្បងលើកដំបូង ចាប់តាំងពីលោកប្រធានាធិបតីអាមេរិក ចូ បៃដេន (Joe Biden) បានចូលកាន់តំណែងកាលពីខែមករា ។

ការបាញ់មីស៊ីល ២ លើកជាប់គ្នារបស់កូរ៉េខាងជើង ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ លោកប្រធានាធិបតី បៃដេន បាននិយាយថា ការសាកល្បងរបស់កូរ៉េខាងជើងបានរំលោភលើដំណោះស្រាយរបស់ អ. ស.ប ហើយបានព្រមាននឹងចាត់វិធានការ ប្រសិនបើព្យុងយ៉ាងនៅតែបន្តសាកល្បងមីស៊ីលផ្លោង ។ លោក បៃដេន ថា«យើងនឹងពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្ត និងដៃគូ ហើយនឹងចាត់វិធានការសកម្មភាព ប្រសិនបើពួកគេជ្រើសរើសធ្វើឱ្យស្ថានការណ៍កើនឡើង យើងនឹងឆ្លើយតបឱ្យបានគ្រប់គ្រាន់» ។  លោកបានបន្ថែមថា រដ្ឋាភិបាលរបស់លោកបានរៀបចំដំណោះស្រាយការទូត ចំពោះបញ្ហាកូរ៉េខាងជើង ប៉ុន្តែដោយឈរលើលក្ខខ័ណ្ឌដើម្បីសម្រេចគោលដៅនៃការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ។

Theo Reuters

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម