កងទ័ពអាកាសចិនបញ្ចេញវីដេអូដ៏រសើបមួយ ដែលទំនងជាបានយកកោះហ្គាំរបស់អាមេរិក ធ្វើជាគោលដៅហាត់សមទម្លាក់គ្រាប់បែក

កងទ័ពអាកាសចិនបញ្ចេញវីដេអូដ៏រសើបមួយ ដែលទំនងជាបានយកកោះហ្គាំរបស់អាមេរិក ធ្វើជាគោលដៅហាត់សមទម្លាក់គ្រាប់បែក មានវីដេអូ


(ប៉េកាំង)៖ កងទ័ពអាកាសចិនបានបញ្ចេញវីដេអូមួយ បង្ហាញពីយន្ដហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ H-6 របស់ខ្លួន បើកការវាយប្រហារលើគោលដៅក្លែងក្លាយមួយដែលត្រូវបានរៀបចំឡើង ខណៈភាពតានតឹងនៅក្នុងតំបន់នៅតែបន្តកើនឡើង។ អ្នកតាមដានមួយចំនួនបានអះអាងថា គោលដៅក្លែងក្លាយនោះ មើលទៅដូចជាមូលដ្ឋានទ័ពអាកាសអាមេរិក ស្ថិតនៅលើកោះហ្គាំ (Guam) ភាគនិរតីមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០។


វីដេអូខាងលើត្រូវបានចេញផ្សាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ នៅលើគណនីវៃប៉ូ (Weibo) របស់កងទ័ពអាកាស​នៃកងទ័ពរំដោះប្រជាជនចិន (PLA) ខណៈចិនបង្កើនការធ្វើសមយុទ្ធយោធា​នៅក្បែរកោះតៃវ៉ាន់ ដើម្បីបង្ហាញការខឹងសម្បាររបស់ទីក្រុងប៉េកាំង ចំពោះដំណើរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់ នៃក្រសួងការបរទេសអាមេរិកម្នាក់មកកាន់ទីក្រុងតៃប៉ិ។ កោះហ្គាំប្រៀបបានដូចជាផ្ទះកងទ័ពអាមេរិក ដោយក្នុងនោះរួមមានទាំងមូលដ្ឋានទ័ពអាកាស ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការឆ្លើយតប ទៅនឹងជម្លោះណាមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

នៅក្នុងវីដេអូមួយដែលមានមានរយៈពេល ២នាទី និង ១៥វិនាទីអមជាមួយភ្លេង និងរូបភាពដូចជាឈុតឆាកខ្លីៗនៅក្នុងខ្សែភាពយន្ដ Hollywood បានបង្ហាញពីសកម្មភាពយន្ដហោះទម្លាក់ គ្រាប់បែក H-6 បានហោះចេញពីមូលដ្ឋានក្នុងតំបន់វាលរហោរស្ថានមួយ។ ពីឡុតបានចុចប៉ូតុងទម្លាក់មីស៊ីលទៅលើទីតាំងនៅតំបន់ឆ្នេរមួយ ដែលមិនបានបញ្ជាក់ឈ្មោះ។ ប៉ុន្តែអ្នកជំនាញខាងយោធាអន្តរជាតិបបានអះអាងថា គោលដៅដែលត្រូវបានវាយប្រហារនេះ ទំនងដូចជាមូលដ្ឋានទ័ពអាកាសអាមេរិកអាន់ដឺសិន (Andersen) ស្ថិតនៅលើកោះហ្គាំ និងជាសារមួយដែលយោធាចិនចង់ផ្ញើទៅកាន់សហរដ្ឋអាមេរិក។


គួរជម្រាបថា មកទល់នឹងពេលនេះ ទាំងក្រសួងការពារជាតិចិន និងទីបញ្ជាការយោធាអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយនៅទេ ទៅនឹងវីដេអូខាងលើដែលមានឈ្មោះថា «The god of war H-6K goes on the attack!»។ យន្ដហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ H-6 ក៏បានចូលរួមក្នុងប្រតិបត្តិការ ហោះហើរជុំវិញកោះតៃវ៉ាន់ កាលពីសប្ដាហ៍មុនផងដែរ៕