លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមសូត្រមន្តក្នុងវេនកាន់បិណ្ឌវេនទី១៤ នៅវត្តសំរោងអណ្តែត

លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិ​ការកិច្ច បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី១៤ នៅវត្តសំរោងអណ្តែត ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នារសៀលថ្ងៃអង្គារ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ មហាឧបាសិកា តាំង បាក់ហៀង លោកឧកញ៉ា ផែ ហុកឈួន និងលោកជំទាវឧកញ៉ា អ៉ឹង ស៊ីស្រ៊ន លោកឧកញ៉ា សុខ ឆេង រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត បានបូជាទៀនធូបផា្កភ្ញីចំពោះព្រះរតន:ត្រៃ សមាទានសិល ធ្វើកិច្ចនមស្សការថ្វាយបង្គំព្រះ ព្រមទាំងបាននាំយកនូវបច្ច័យ ទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើជាច្រើនមុខ ទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃជូនទៅដល់វិញ្ញានក្ខ័ន្ធបុព្វការីជនមានមាតាបិតាជីដូនជីតាញាតិការទាំង៧សណ្ដាន ។

លោកជំទាវ កិត្តិសង្គហបណ្ឌិត ក៏បានបួងសួង បួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា  ថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។

ជាមួយគ្នានេះដែរ លោកជំទាវ ក៏បានអំពាវនាវឲ្យប្រជាពុទ្ឋបរិស័ទ ក្នុងឱកាសដែលពិធីភ្ជុំបិណ្ឌនឹងខិតជិតមកដល់នាពេលខាងមុខ សូមចូលរួមគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍រក្សាអនាម័យឲ្យបានល្អ រួមជាមួយនឹងវិធានការនានា ដែលបានកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺដ៏កាចសាហាវមួយនេះ ជាពិសេស ត្រូវរួមគ្នាប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ ចូលរួមគោរពច្បាប់ចរាចរណ៍ ត្រូវចេះគោរព និងអធ្យាស្រ័យគ្នាដោយស្មារតីទទួលខុសត្រូវខ្ពស់ ជៀសផុតពីការប្រើប្រាស់គ្រឿងញៀន និងជាតិស្រវឹង ដើម្បីធានាឲ្យបានភូមិឃុំមានសុវត្ថិភាព ៕