ទន្លេមេគង្គសមរភូមិជម្លោះថ្មី រវាងចិននិងអាមេរិក

admin សូរ្យសែង៖

ស្ថានីយ៍ទូរទស្សន៍ VTV របស់វៀតណាម បានរាយការណ៍ពីការអះអាង​របស់រដ្ឋមន្ត្រីក្រសួងការបរទេស​សហរដ្ឋអាមេរិកថា ជាផ្លូវការសហរដ្ឋអាមេរិកនឹងត្រៀមថវិកាយ៉ាងតិច ១៥៣ លានដុល្លារ ផ្តល់ប្រយោជន៍​ដល់ក្រុមប្រទេសទន្លេមេគង្គ សម្រាប់អភិវឌ្ឍក្នុងភូមិភាគរួមគ្នា  ។

ទឹកប្រាក់គាំទ្រចំនួននេះ ត្រូវបានប្រើដើម្បីលើកកម្ពស់ការចែកចាយធនធានទឹក, គម្រោងគ្រប់គ្រងគ្រោះមហន្តរាយ និងគម្រោងការពារឧក្រិដ្ឋកម្មនៅតាមព្រំដែន។

ការប្តេជ្ញាចិត្តនេះត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំភាពជាដៃគូមេគង្គ- អាមេរិកលើកដំបូង ដែលជាកិច្ចសហការរវាងសហរដ្ឋអាមេរិកនិងប្រទេសនៅតាមដងទន្លេមេគង្គក្រោម រួមមាន មីយ៉ាន់ម៉ា លាវ ថៃ កម្ពុជា និងវៀតណាម។

ក្នុងស្ថានភាពបែបនេះ ទន្លេមេគង្គក្លាយជាសមរភូមិជម្លោះថ្មី រវាងសហរដ្ឋអាមេរិកជាមួយចិន ដោយចិនប្រជែងជាមួយសហរដ្ឋអាមេរិកក្នុងឥទ្ធិពល ដោយគ្របដណ្តប់លើបណ្តាប្រទេសខ្សែទឹកខាងក្រោមដោយគ្រប់គ្រងចរន្តទឹកទន្លេមេគង្គ ។

ទាំងសហរដ្ឋអាមេរិកនិងចិន បានអះអាងពីការស្រាវជ្រាវផលប៉ះពាល់នៃទំនប់នៅលើដងទន្លេមេគង្គ ទៅលើកម្រិតទឹកដែលមានទំនាស់ ដោយភាគីអាមេរិក ចោទប្រទេសចិនថាស្តុកទឹកទុកចំនួន ៤៧.០០០ លានម៉ែត្រគូបរហូតដល់កង្វះខាតនៅផ្នែកខាងក្រោម ។ សេចក្តីរាយការណ៍ពីភាគីចិនបាននិយាយថា ទំនប់ទាំងនេះបានជួយកាត់បន្ថយគ្រោះរាំងស្ងួតនៅក្នុងតំបន់មេគង្គ ៕