អាមេរិកដកហូតទិដ្ឋាការពីនិស្សិតចិន ១.០០០ នាក់ សង្ស័យពាក់ព័ន្ធនឹងយោធាចិន

សហរដ្ឋអាមេរិកបានដកហូតទិដ្ឋការជាង ១.០០០ ពីពលរដ្ឋចិន ដែលគេសង្ស័យថាមានទំនាក់ទំនងជាមួយយោធាចិន ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២០ បានចេញបទបញ្ជាយ៉ាងកំហិតចំពោះនិស្សិតចិនមួយចំនួន ដែលសង្ស័យថាពួកគេជាផ្នែកមួយនៃយុទ្ធនាការរបស់ក្រុងប៉េកាំង ដើម្បីប្រមូលកម្មសិទ្ធិបញ្ញា និងបច្ចេកវិជ្ជាបញ្ញារបស់អាមេរិក ។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចាប់ផ្តើមអនុវត្តសេចក្តីណែនាំនេះចាប់តាំងពីថ្ងៃទី ១ ខែមិថុនា ។

«គិតត្រឹមថ្ងៃទី ៨ ខែកញ្ញា ក្រសួងការបរទេសអាមេរិកបានដកហូតទិដ្ឋាការជាង ១.០០០ ដែលចេញឱ្យជនជាតិចិន ទាំងនេះគឺជាអ្នកដែលយើងបានរកឃើញ ។ ទោះយ៉ាងណាអ្នកនាំពាក្យមិនបានបញ្ជាក់ពីអត្តសញ្ញាណរបស់ពលរដ្ឋចិន ដែលត្រូវបានគេដកហូតទិដ្ឋាការឡើយ ។

មុននេះនិស្សិតចិនរាប់សិបនាក់ដែលបានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យអាមេរិកបាននិយាយថា ពួកគេបានទទួលអ៊ីមែលពីស្ថានទូតអាមេរិកនៅទីក្រុងប៉េកាំង ដោយនិយាយថា ទិដ្ឋាការរបស់ពួកគេត្រូវបានលុបចោល ។

បច្ចុប្បន្នមាននិស្សិតចិនប្រមាណ ៣៦ ម៉ឺននាក់កំពុងសិក្សានៅសាកលវិទ្យាល័យ និងមហាវិទ្យាល័យអាមេរិកដោយនាំមកនូវប្រាក់ចំណូលប្រហែល ១៤ ពាន់លានដុល្លារសម្រាប់សេដ្ឋកិច្ចអាមេរិក ។ មន្ត្រីអាមេរិកបានបញ្ជាក់ថា ការរឹតត្បិតទិដ្ឋាការនេះប៉ះពាល់តែផ្នែកតូចមួយប៉ុណ្ណោះ ៕

ពី The Reuters

ដោយ សុកាន