ឧត្តមសេនីយ៍ ប្រាយុទ្ធ ច្រានចោលពាក្យចចាមអារាម ធ្វើរដ្ឋប្រហារ!!

ពាក្យចចាមអារាមធ្វើរដ្ឋប្រហារត្រូវបានអណ្តែតលើអនឡាញប្រទេសថៃ ថានឹងកើតឡើងដោយកងទ័ព ។ នៅពេលត្រូវបានអ្នកយកព័ត៌មានសួរអំពីរដ្ឋប្រហារដែលអាចកើតមាន នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូឆា បានច្រានចោល ដោយហៅពាក្យចចាមអារាមនេះ​ថា មិនសមហេតុផល និងគ្មានមូលដ្ឋាន ។

អ្នកខ្លះនិយាយថា កងទ័ពកំពុងត្រៀមធ្វើរដ្ឋប្រហារដោយចល័តកម្លាំង និងឧបករណ៍របស់ខ្លួន ។ អ្នកនាំពាក្យកងទ័ពនិយាយថា នេះមិនមែនជាការពិតទេ ហើយហៅពាក្យចចាមអារាមនេះថា ជាការបំប្លែងព័ត៌មាន ។

ទីប្រឹក្សាពិសេសរបស់កងទ័ពនិយាយថា កងទ័ពនឹងប្រាប់អោយដឹង មុនពេលដែលពួកគេចល័តកម្លាំង ដោយធ្វើឱ្យប្រាកដថា ពួក​គេ​មិនបណ្តាលឱ្យនរណាម្នាក់នៅក្នុងតំបន់មានការភិតភ័យឡើយ ។ លោកនិយាយថា មេបញ្ជាការកងទ័ពបានព្រមានគ្រប់អង្គភាពទាំងអស់ ឱ្យមានការប្រុងប្រយ័ត្ន ដោយសារតែពាក្យចចាមអារាមទាំងនេះ ហើយបានស្នើឱ្យពួកគេទាក់ទងជាមួយសាធារណជនដើម្បី​បញ្ចប់ការសង្ស័យណាមួយ ។

មេបញ្ជាការកងទ័ពលោក អាពីរ៉ាត់ គង់សំពុង (Apirat Kongsompong) ក៏បានច្រានចោលពាក្យចចាមអារាមអំពីរដ្ឋប្រហារនេះដែរ នៅពេលអ្នកយកព័ត៌មានរបស់កាសែតបាងកកប៉ុស្តិ៍សួរ លោកឆ្លើយថា កុំបារម្ភអី… មិនកើតឡើងម្តងទៀតទេ» ។

 រដ្ឋប្រហារចុងក្រោយឆ្នាំ ២០១៤ នៅពេលដែលលោក ប្រាយុទ្ធ ជាមេបញ្ជាការកងទ័ព ។ មានរដ្ឋប្រហារជាច្រើននៅក្នុងប្រទេសថៃចាប់តាំងពីរដ្ឋប្រហារដំបូងក្នុងឆ្នាំ ១៩៣២ ដែលបញ្ចប់ដោយរបបរាជានិយមផ្តាច់ការជិត ៨០០ឆ្នាំ ហើយបានគ្រប់គ្រងសភាបែបប្រជាធិបតេយ្យ ។ រដ្ឋប្រហារចុងក្រោយមួយចំនួនត្រូវបានបង្កឡើងដោយនយោបាយ ។

បើក្រឡេកទៅមើលស្រមោលនៅឆ្នាំ ២០១៤ នៅ​ប្រទេស​ថៃ មួយ​ថ្ងៃ​ក្រោយ​រដ្ឋប្រហារ​យោធា​ក្នុង​ថ្ងៃទី២២ ឧសភា មេទ័ព ​ប្រាយុទ្ធ ចាន់អូចា ​ដែល​ជា​តួអង្គ​ធ្វើ​រដ្ឋប្រហារ​ បាន​ប្រកាស​ចូល​កាន់​តំណែង​នាយករដ្ឋមន្រ្តី​ជា​ផ្លូវការ ។ របប​យោធា​ថ្មី​ក្នុង​ទីក្រុង​បាងកក​បាន​ប្រកាស​ហាម​ឥស្សរជន​នយោបាយ​ចំនួន ១៥៥នាក់​មិន​ឲ្យ​ចាកចេញ​ពី​ប្រទេស​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ។ ទន្ទឹម​គ្នា​នេះ របប​សឹក​​ក៏​បាន​កោះហៅ​ឥស្សរជន​នយោបាយ​ទំាង​ពីរ​គណបក្ស ព្រម​ទំាង​សមាជិក​មួយ​ចំនួន​របស់​ក្រុមគ្រួសារ​ត្រកូល​ ថាក់ស៊ីន ​ដែល​សរុប​ទំាង​អស់​មាន​គ្នា ១១៤នាក់។ តំាង​ពី​ថ្ងៃ​ទី២២ ឧសភា​មក មនុស្សខ្លំាង​ ប្រាយុទ្ធ ​បាន​ប្រកាស​បញ្ចប់​តំណែង​រដ្ឋាភិបាល​ស៊ីវិល​ចំាផ្ទះ និង​ប្រកាស​ព្យួរ​រដ្ឋធម្មនុញ្ញ ព្រម​ទំាង​ចាត់​វិធានការ​មួយ​ចំនួន មាន​ដូច​ជា​ហាម​មិន​ឲ្យ​មាន​ការ​ជួបជុំ​លើស​ពី ៥នាក់​នៅ​តាម​ទីធ្លា​សាធារណៈ ឬ​មួយ​ក៏​បិទខ្ទប់​បណ្តាញសង្គម ​ជា​ដើម ។

គេនៅចាំបានថា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ Bangkok Post បានផ្សាយថា ក្រុមតំណាងរាស្ត្របក្សប្រឆាំងថៃ «ស្នើបង្កើតគណៈ​កម្មាធិការពិសេស ទប់ស្កាត់រដ្ឋប្រហារ» និងចង់ឲ្យលោក ប្រាយុទ្ធ ចាន់អូឆា ធ្វើជាប្រធានតែម្តង ។

សំណើបង្កើតគណៈកម្មាធិការពិសេសខាងលើ ធ្វើឡើងដោយអគ្គលេខាធិការគណបក្សអនាគតថ្មី លោក ភីយ៉ាបុត្រ សែងកាណុតគុល (Piyabutr Saengkanokkul)។ លោក Piyabutr បានលើកឡើងថា «កងទ័ពបានធ្វើរដ្ឋប្រហាររដ្ឋាភិបាលជាញឹកញាប់ រហូតដល់អ្នកខ្លះចាត់ទុកថា ពួកគេគឺជាថ្នាំព្យាបាលជំងឺនយោបាយជាប់គាំង… ដូច្នេះសមាជិកសភាទាំងអស់ គួរតែធ្វើការងាររួមគ្នាបង្កើតវិធានការរារាំងកុំឱ្យមានរដ្ឋប្រហារ អាចកើតឡើងនៅពេលអនាគត តាមរយៈការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ»។

បន្ថែមពីលើនេះ លោក សាសឹមសាន មីធីប (Kasemsan Mithip) ដែលជាសមាជិកសភាគណបក្សអនាគតថ្មី ក៏បានប្រាប់សភាថៃដែរថា លោក ប្រាយុទ្ធ ចាន់អូឆា គួរតែត្រូវបានអញ្ជើញឱ្យដឹកនាំគណៈកម្មាធិការពិសេសមួយនេះ ដោយសម្អាងថា «គ្មាននរណាម្នាក់ស្គាល់ ឬដឹងច្បាស់ពីការធ្វើរដ្ឋប្រហារ ជាងមេដឹកនាំធ្លាប់ធ្វើរដ្ឋប្រហារនោះទេ»។

បើតាមលោក Piyabutr ប្រទេសថៃបានឆ្លងកាត់រដ្ឋប្រហារ ១៣លើកមកហើយ ក្នុងរយៈពេល ៨៨ឆ្នាំមកនេះ ឬគិតជាមធ្យមរដ្ឋប្រហារតែងតែកើតឡើងជារៀងរាល់ ៦ឆ្នាំម្ដង រីឯយោធាត្រូវបានគេមើលឃើញថា គឺជាអ្នកទទួលផលចំណេញ ពីការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល ៕

ប្រភព Bangkok Post , Nation, Thailand, Wikapedia

ដោយ សុកាន