ក្រសួងដែនដី បង្កើតក្រុមការងារសិក្សាប្លង់គោលក្រុងបានលុង ខេត្តរតនគិរី

អត្ថបទ សូរ្យរិទ្ធ ៖

នៅថ្ងៃទី ៧ កញ្ញាកន្លងទៅនេះ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលចុះហត្ថលេខាដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីសម្រេចមួយ បង្កើតក្រុមការងារគាំទ្របច្ចេកទេសសិក្សាប្លង់គោល ប្រើប្រាស់ដីក្រុងបានលុង ខេត្តរតនគិរី  ។

ក្រុមការងារដែលមាន ឯកឧត្តម  បេងហុង សុជាតិខេមរ៉ូ ជាអគ្គនាយកលំនៅដ្ឋាននៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន និងលោក ភូន ភូមុនីរតន៍ អគ្គនាយករង ជាអនុប្រធាន, លោក លី ចាន់ភក្តី ប្រធាននាយកដ្ឋានបទប្បញ្ញត្តិ ផែនការ និងទំនាក់ទំនងសហប្រតិបត្តិការការងារលំនៅដ្ឋាន ជាអនុប្រធាន រួមទាំងសមាជិក ១២ រូបទៀត នឹងត្រៀមប្រតិបត្តិក្នុងពេលឆាប់ៗនេះ ។

ឯកឧត្តម  បេងហុង សុជាតិខេមរ៉ូ អគ្គនាយកលំនៅដ្ឋាន ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់

ក្រុមការងារនេះ ចាំបាច់មានភារកិច្ច ៦ ដើម្បីអនុវត្តឲ្យបានរលូន គឺជាអ្នកសម្របសម្រួល និងសហការជាមួយគណៈកម្មាធិការដែន ដី និងនគរូបនីយកម្មថ្នាក់ខេត្ត ក្រុង ក្រសួង ស្ថាប័នពាក់ព័ន្ធ, ជាអ្នកគាំទ្របច្ចេកទេសក្នុងការសិក្សាប្លង់គោល, រៀបចំប្រជុំជាមួយអាជ្ញាធរខេត្ត តំណាងសហគមន៍ រួមទាំងតំណាងប្រជាពលរដ្ឋ, សម្របសម្រួលដំណើរការស្នើសុំការអនុម័តប្លង់គោលប្រើប្រាស់ដី, ធ្វើរបាយការណ៍ពីវឌ្ឍនភាពការងារ ជូនថ្នាក់ដឹកនាំក្រសួង និងចុងក្រោយ ត្រូវបំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់របស់ថ្នាក់ដឹក​នាំក្រសួង ។

សង្ឃឹមថា តំបន់ទេសចរណ៍ធម្មជាតិដ៏ប្រណីតរបស់កម្ពុជា ដែលមានចម្ងាយឆ្ងាយជាងគេមួយនេះ នឹងឆក់ទាញភ្ញៀវទេសចរណ៍ ទាំងជាតិ ទាំងបរទេស ឲ្យបានកាន់តែច្រើន បន្ទាប់ពីក្រុមអន្តរការងារអនុវត្តបានជោគជ័យ ។

សេចក្តីសម្រេច សូមអានទាំងស្រុងដូចខាងក្រោម ៖