បើស្ថានភាពអាក្រក់ ប្រធានាធិបតីបេឡារុស សុំ ពូទីន ចូលជួយ…

អត្ថបទ សូរ្យសែង៖

ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀពូទីន បានសារភាពថា គាត់បានរៀបចំអង្គភាពប៉ូលីសបម្រុង ដើម្បីរង់ចាំការបញ្ជូនទៅធ្វើអន្តរាគមន៍ក្នុងស្ថានភាពបេឡារុស្សប្រសិនបើចាំបាច់ ។

តាមរបាយការណ៍ BBC កាលពីថ្ងៃទី ២៧ សីហា លោក ពូទីន បាននិយាយនៅស្ថានីយ៍ទូរស្សន៍ ROSSIYA 1TV របស់រុស្ស៊ីថា លោកប្រធានាធិបតី អាឡិចសាន់ឌើ លូកាសេនកូ សុំឲ្យគាត់រៀបចំត្រៀមកម្លាំងមួយចំនួន  ដែលខ្ញុំបានធ្វើតាម កម្លាំងនេះនឹងមិនត្រូវបានប្រើទេ រហូតទាល់តែស្ថានភាពនៅអាចគ្រប់គ្រងបាន ។

 លោក ពូទីន បាននិយាយថា ប្រទេសរុស្ស៊ីមានកាតព្វកិច្ចជួយដល់សន្តិសុខបេឡារុស ដោយសារជាសម្ព័ន្ធមិត្តជិតស្និទ្ធនៃប្រទេសទាំងពីរ ។ មេដឹកនាំរុស្ស៊ីក៏បានសង្កត់ធ្ងន់ថា កម្លាំងបម្រុងថ្មីនេះនឹងមិនចូលបេឡារុសទេ បើមិនគ្មានពួកជ្រុលនិយមក្បាលរឹងប្រើពាក្យស្លោកនយោបាយ និងពួកគេបានចាប់ផ្តើមប្លន់ប្រដាប់អាវុធ ដោយដុត ឡាន ធនាគារ ប៉ុនប៉ងរឹបអូសយកអគាររដ្ឋាភិបាល និងស្ថាប័នជាច្រើនទៀត។ ប៉ុន្តែស្ថានការណ៍នៅបេឡារុសពេលនេះកំពុងមានស្ថិរភាពហើយ ។

ពាក្យសម្តីរបស់លោក ពូទីន បានកើតឡើងក្នុងពេលបេឡារុសកំពុងប្រឈមមុខនឹងវិបត្តិនយោបាយ ដែលបណ្តាលមកពីមូលហេតុនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី ៩ ខែសីហា ដែលលោក លូកាសេនកូ គ្រប់គ្រងប្រទេសអស់រយៈពេល ២៦ ឆ្នាំ បានឈ្នះជាង ៨០% ដែលបណ្តាលឱ្យក្រុមប្រឆាំងចោទប្រកាន់ការលួចបន្លំសន្លឹកឆ្នោត នាំឱ្យមានការតវ៉ាដ៏ធំនៅទីក្រុងមីន និងទីក្រុងផ្សេងទៀតទូទាំងប្រទេស ខណៈកាលពីថ្ងៃអង្គារ ទី២៥ សីហា អ្នកកាសែត ១៣ នាក់ត្រូវបានប៉ូលីសឃុំខ្លួននៅស្នាក់ការប៉ូលិសនានាក្នុងរដ្ឋធានី មុនការតវ៉ានៅថ្ងៃព្រហស្បតិ៍ ទី ២៧ សីហា ។

រុស្ស៊ី និង បេឡារុស ជាសមាជិកអង្គការសន្ធិសញ្ញាសន្តិសុខរួម (CSTO) ដែលកើតពីការរួមខ្លួនរបស់អតីតសហភាពសូវៀត រួមទាំងធានាដល់សិទ្ធិរស់នៅរបស់ប្រជាជនទាំងពីរទៀតផង ៕