ថៃផ្អាកធ្វើសមយុទ្ធជាមួយសហរដ្ឋអាមេរិក ដោយសារទាហានឆ្លងវីរុស

ប្រទេសថៃបានផ្អាកផែនការបណ្តុះបណ្តាលរួមគ្នាជាមួយយោធាអាមេរិក ដោយសារទាហានរបស់ខ្លួន ៩ នាក់ បានឆ្លងវីរុស Covid-19 បន្ទាប់ពីវិលត្រឡប់ពីកោះហាវ៉ៃ ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិថៃថា ទាហាន ៩ នាក់ដែលមាន ឆ្លងវីរុសកូវីដ១៩ ស្ថិតក្នុងចំណោមមន្ត្រីថៃ ១៥១ នាក់ដែលទើបតែវិលត្រឡប់មកពីសមយុទ្ធរួមគ្នាមួយមានឈ្មោះថា Lightning Forge 2020 រវាងថៃនិងយោធាអាមេរិក នៅហាវ៉ៃក្នុងអំឡុងពេល ៣ សប្តាហ៍ដំបូងនៃខែកក្កដា។

អ្នកនាំពាក្យក្រសួងការពារជាតិលោក Kongcheep Tantawanich បាននិយាយថា«យោធាបានពន្យារពេលផែនការទាំងអស់សម្រាប់ការបញ្ជូនកងទ័ពទៅបរទេសរហូតដល់ស្ថានការណ៍បានប្រសើរឡើង»។ លោកបានបន្ថែមថា យោធាថៃគ្មានផែនការធ្វើសមយុទ្ធរួមគ្នាជាមួយប្រទេសដទៃទៀតទេ លើកលែងតែសហរដ្ឋអាមេរិក។

Image may contain: 9 people

លោក Nattapon Srisawat ប្រធានអង្គភាពឆ្លើយតបកូវីដ១៩ របស់យោធាថៃបានប្រាប់រ៉យទ័រថា យោធារបស់ប្រទេសនេះត្រូវបានបង្ខំឱ្យនៅប្រុងប្រយ័ត្នក្នុងបរិបទនៃការផ្ទុះឡើងទូទាំងពិភពលោក ។

នៅអាស៊ីក៏ដូចជាអឺរ៉ុបបណ្តាប្រទេសនិងដែនដីកំពុងប្រឈមនឹងរលកទី ២ នៃកូវីដ១៩ ។ កាលពីម្សិលមិញរដ្ឋាភិបាលហ្វីលីពីនបានសម្រេចចិត្តបិទផ្លូវតំបន់ទីក្រុងម៉ានីល ដែលមានប្រជាជនប្រហែល ១២ លាននាក់ដោយសារតែការកើនឡើងយ៉ាងខ្លាំងនៃចំនួនកូវីដ១៩ នៅក្នុងសហគមន៍។

រីឯរដ្ឋាភិបាលតំបន់ពិសេសហុងកុង ក៏បានដាក់ចេញវិធានការណ៍ដាច់ដោយឡែកពីគ្នាបន្ទាប់ពីចំនួនអ្នកឆ្លង Covid-19 បានកើនឡើងយ៉ាងឆាប់រហ័សក្នុងនោះមានករណីបាត់បង់ប្រភពជាច្រើន។

The Reuters

បកប្រែដោយ សុកាន