លោកស្រី កុយ ពិសី : «គ្រប់ដង្ហើមចេញចូលរបស់ខ្ញុំមិនដែលភ្លេចនូវកាតព្វកិច្ចរបស់ខ្លួនឡើយ»

(ភ្នំពេញ)៖ លោកស្រី កុយ ពិសី អនុប្រធានអចិន្រ្តៃយ៍លេខាធិការរដ្ឋានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានថ្លែងថា លោកស្រី និងថ្នាក់ដឹកនាំព្រំដែន ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានដាក់ទាំងជីវិតដើម្បីការពារទឹកដីមួយនេះរហូតមក ដូច្នេះគ្រប់ដង្ហើមចេញចូលរបស់លោកស្រី មិនដែលភ្លេចនូវកាតព្វកិច្ចរបស់ខ្លួនឡើយ។

ការថ្លែងរបស់ អនុប្រធានអចិន្រ្តៃយ៍លេខាធិការរដ្ឋានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនរូបនេះ បានធ្វើឡើងបន្ទាប់ពី លោក មៀច សុវណ្ណារ៉ា អតីតសមាជិក នៃអតីតគណបក្សប្រឆាំង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ បានរិះគន់ចំពោះការថ្លែងរបស់លោកស្រីជាមួយវិទ្យុបារាំង នៅលើបណ្តាញសង្គម Facebook ដោយចោទថា «គណ:កម្មាធិការព្រំដែនតំណាងជាតិ ឬតំណាងបក្ស បានជាពន្យល់រឿងយួនបោះតង់ របៀបក្មេងបៀមដៃ?»

លោកស្រី កុយ ពិសី បានចាត់ទុកការរិះគន់នេះថា បំផ្លើសសម្តីរបស់លោកស្រី ដោយបានច្បិចយកតែចំណុចតូចមួយ នៃបទសម្ភាសរបស់លោកស្រីជាមួយវិទ្យុបារាំង មកអត្ថាធិប្បាយធ្វើឲ្យអ្នកលេងហ្វេសបុកមានការយល់ច្រឡំ។

លោកស្រី បានបញ្ជាក់ទៅវិញថា៖ «យើងខ្ញុំ និងថ្នាក់ដឹកនាំព្រំដែន ជាពិសេសសម្តេចតេជោ បានដាក់ទាំងជីវិតដើម្បីការពារទឹកដីមួយនេះរហូតមក ដូច្នេះគ្រប់ដង្ហើមចេញចូលរបស់ខ្ញុំមិនដែលភ្លេចនូវកាតព្វកិច្ចរបស់ខ្លួនឡើយ គឺការពារឲ្យបាន បូរណភាពទឹកដី និងមិនឲ្យបរទេសណាមកបំពានកម្ពុជា ហើយកម្ពុជាក៏មិនបំពានទឹកដីគេវិញដែរ»

លោកស្រីបានបន្តទៀតថា៖ «សំណួរដែល RFI សួរខ្ញុំថា គណៈកម្មការព្រំដែនអត់ច្បាប់ដែលកំពុងរស់នៅលើទឹកដីគេនោះ បានស្នើឲ្យរដ្ឋាភិបាលប្តឹងទៅអន្តរជាតិពីការដែលវៀតណាមបោះតង់ក្នុងដីកម្ពុជា តើខ្ញុំយល់ថាម៉េច? ខ្ញុំថា រឿងនេះ ខាងព្រំដែន ខាងមហាផ្ទៃ បាននិងកំពុងធ្វើការងារនេះ ហើយៗវាជារឿងដែលយើងអាចនិយាយគ្នាបានជា ទ្វេភាគី មិនមែនធំដុំដោះស្រាយមិនចេញ ហើយចាំបាច់ទៅរកគេជួយនោះទេ។ កម្ពុជាបានធ្វើការតវ៉ាតាមរយៈក្រសួងការបរទេសមួយដងជាពីរដងទៅវៀតណាមហើយៗ វៀតណាមថា អស់ Covid គេនឹងដក ចេញ»

លោកស្រីបានបញ្ជាក់បន្ថែមទៀតថា «តង់ដែលវៀតណាមបោះជាង ៤០ កន្លែងនោះ គឺនៅតំបន់មិនទាន់ឯកភាពគ្នាលើខ្សែព្រំដែន មានន័យថា ទីនោះមិនមែនជាដីវៀតណាម ហើយក៍មិនទាន់ជាដីកម្ពុជា ពេញលេញនោះដែរ ប្រទេសទាំងពីរត្រូវបន្តការពិភាក្សារកចំណុចឯកភាពបន្តទៅទៀត។ ហេតុនេះ ជនអគតិទាំងនោះ កុំចេះតែបំភ្លៃរឿង កុំចេះតែញុះញង់មិនមែនចេះស្រលាញ់ជាតិអីតែអស់លោកឯងនោះទេ យើងខ្ញុំទាំងអស់គ្នានៅទីនេះ ប្រឹងប្រែងណាស់ទើបកសាងជាតិបានប៉ុណ្ណេះ ជាមោទនៈសម្រាប់កម្ពុជាណាស់ទៅហើយ។ សូមកុំបំផ្លាញជាតិច្រើនជាងនេះ នោះអ្នកនឹងគ្មានវាសនាល្អឡើយ»។

សូមបញ្ជាក់ថា លោកស្រីបណ្ឌិត កុយ ពិសី គឺជាស្ត្រីខ្មែរ១រូប ដែលបានចំណាយពេលវេលាស្ទើរពាក់កណ្តាលជីវិត លើកិច្ចការព្រំដែនកម្ពុជា។ បេសកកម្មលោកស្រីបានចាប់ផ្តើមតាំងពីដើមឆ្នាំ១៩៩៦ ពោលគិតមកដល់ពេលនេះ មានប្រមាណជាង២០ឆ្នាំហើយ ដែលខិតខំបំពេញកិច្ចការបម្រើជាតិមាតុភូមិ។ បច្ចុប្បន្ន លោកស្រី កុយ ពិសី មានតួនាទីជាអនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍៕

#FN