ត្រូវឈប់ សរសេរ ពាក្យ « ឱយ និង អោយ » ព្រោះ វចនានុក្រម ចាត់ទុកថា មិន ត្រឹមត្រូវ…

ត្រូវឈប់ សរសេរ ពាក្យ « ឱយ និង អោយ » ព្រោះ វចនានុក្រម ចាត់ទុកថា មិន ត្រឹមត្រូវ

ពាក្យ « ឱយ » អាចមិនសូវមានអ្នកសរសេរ ប៉ុន្តែពាក្យ « អោយ » វិញ អ្នកណាក៏ធ្លាប់សរសេរនៅក្នុងសំណេររបស់ខ្លួនដែរ ។ ប៉ុន្តែ ពាក្យ « ឱយ និង អោយ » នេះ វចនានុក្រមខ្មែររបស់ សម្ដេចព្រះសង្ឃរាជ ជួន ណាត មិនបានអនុញ្ញាតឲ្យប្រើប្រាស់នោះទេ ។

វចនានុក្រមខ្មែររបស់ សម្ដេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា មិនយល់ព្រមឲ្យប្រើពាក្យ « ឱយ និង អោយ » ឡើយ ។ ដោយអនុវត្តតាមការពិភាក្សា និងសម្រេចដោយគណៈកម្មការ រៀបចំវចនានុក្រមខ្មែរគ្រាដំបូងបំផុត កាល ព.ស. ២៤៥៩ គ.ស. ១៩១៥ គឺតម្រូវប្រើពាក្យ « ឱ្យ និង ឲ្យ » វិញ ។

ឧទាហរណ៍៖ ធ្វើអំណោយ គឺលះអ្វីៗដល់អ្នកដទៃ ឲ្យ ប្រាក់ , ឲ្យ ស្បៀង , ឲ្យ ទ្រព្យសម្បត្តិ , ឲ្យ គ្រឿង ស្លៀកពាក់ … ជាដើម ។ ប្រសិនបើប្រើក្នុងន័យ បង្គាប់ ឲ្យ ធ្វើ , ឲ្យ រៀន , ឲ្យ ទៅ , ឲ្យ មក … ។ ឲ្យ កាន់ការមានន័យថា ឲ្យទទួលកាន់មុខការ ។ ឲ្យ ការណ៍ មានន័យថា ប្រាប់ដំណើរការណ៍ , ប្រាប់រឿងហេតុ​ សាក្សីឆ្លើយឲ្យការណ៍តាមពិត ។

ពាក្យនេះ គេអាចសរសេរដូចជា​ ឲ្យ ជើង , ឲ្យ ដៃ , ឲ្យ តម្រួយ , ឲ្យ ន័យ , ឲ្យ នាម , ឲ្យ ឧបាយ , ឲ្យ អំណាច … ។

បញ្ជាក់ថា ៖ ពាក្យ « ឱ្យ និង ឲ្យ » គឺជាប្រភេទអញ្ញត្រសព្ទ “ សព្ទដោយឡែក គឺពាក្យខ្លះដែលសរសេរខុសពីបែបប្រើអក្សរ ខុសពីសំឡេងនិយាយ ។ ឧទាហរណ៍ « អញ , អ្នក , នេះ , នោះ , ឲ្យ , ហោង » ដែល មិនត្រូវ សរសេរ តាមសូរ ថា « អា ញ់ , នាក់ , និះ , នុះ , ឱយ , អ្ហង » ។ ”

អត្ថបទ (ហ្វេសប៊ុក)  : លោក កេង អេងឈុន