ទំពាំង​ស្នង​ឫស្សី ត្រូវ​បាន​ប្រជែង​និង​កែ​លម្អ​ហើយ…

ទំពាំង​ស្នង​ឫស្សី ត្រូវ​បាន​ប្រជែង​និង​កែ​លម្អ​ហើយ…

នេះជាទំពាំងរលួយ មិនអាចលូតលាស់បាន

ទំពាំង​ស្នង​ឫស្សី​អ្នក​ក្រោយ​ស្នង​អ្នក​មុន ជា​សុភាសិត​ដែល​ខ្មែរ​ភាគ​ច្រើន​យល់ តែ​ខ្មែរ​ភាគ​តិច​ប៉ុណ្ណោះ​ដែល​អនុវត្ត​បាន។ ដី​មាន​ជី​ជាតិ មិន​មែន​ទំពាំង​ទាំង​អស់​សុទ្ធ​តែ​មាន​វាសនា​ដុះ​លើ​នោះ​ទេ ក៏​រឹត​តែ​មិន​មែន​ចេះ​តែ​មាន​ដី​ទំនេរ​ចោល​នោះ​ដែរ មាន​ឫស្សី​ជាច្រើន​រស់​អាស្រ័យ​មុន សឹង​មិន​មាន​កន្លែង​សល់​សម្រាប់​ទំពាំង​ខ្ចី​អាច​លេច​ត្រួយ​បាន។
ល្មម​ដល់​ពេល ទស្សនៈ ទំពាំង​ស្នង​ឫស្សី ត្រូវ​បាន​ប្រជែង​និង​កែ​លម្អ​ហើយ។

-ទីមួយ គឺ​សុភាសិត​នេះ​សាមញ្ញ​ពេក​ដែល​មិន​ឆ្លុះ​បញ្ចាំង​ពី​តថភាព​ជាក់​ស្តែង។ មិន​មែន​ឫស្សី​ឬ​ទំពាំង​ជា​ប្រភេទ​តែ​មួយ ឬ មាន​ប្រភេទ​តែ​មួយ​នោះ​ទេ។ ទំពាំង​ដែល​ជា​ពន្លក​ចេញ​ពី​ឫស្សី​ដែល​ដុះ​នៅ​កន្លែង​មាន​ជី​ជាតិ ប្រាកដ​ណាស់​ពួកគេ​នឹង​បាន​ស្នង​កន្លែង​ឫស្សី​មេ​របស់​ពួក​គេ ទោះ​បី​មាន​ឧបសគ្គ​ឬ​អ្នក​រារាំង​ដូច​ម្តេច ក៏​ឫស្សី​ចេះ​ទុក​ដាក់​កូន​ទំពាំង​របស់​ខ្លួន​ដែរ។ តែ​ចំណែកឯ​ទំពាំង​ឫស្សី​ចាស់​ទ្រុឌ​ទ្រោម​ដុះ​នៅ​ដី​ដែល​មិន​ត្រូវ​ប៉ាន់​វិញ នឹង​មិន​ងាយ​បាន​ស្នង​ឫស្សី​នៅ​ដី​ជី​ជាតិ​ឡើយ ផ្ទុយ​ទៅ​វិញ ឫស្សី​ធំៗ​ទាំង​នោះ​នឹង​ពង្រីក​ដែន​អំណាច​មិន​ឱយ​មាន​ចន្លោះ​សល់​ដល់​ទំពាំង​ក្រៅ​ខោ​នោះ​ឡើយ។ ដី​ល្អ​តែង​មាន​អ្នក​កក់​ទុក!

ទំពាំងអាចប្រើការបាន

-ទីពីរ ទំពាំង​ស្នង​ឫស្សី បង្កប់​លាក់​ខ្លឹមសារ​ត្រួត​ត្រា​មួយ​គឺ មាន​តែ​ឫស្សី​ប៉ុណ្ណោះ​ដែល​ទំពាំង​ត្រូវ​តែ​ស្នង​ឬ​ធ្វើ​តាម ពោល​គឺ​អ្នក​ជំនាន់​ក្រោយ​ត្រូវ​តែ​ជា​ទំពាំង មិន​អាច​ជា​រុក្ខជាតិ​ផ្សេងៗជា​ច្រើន​ទៀត ដែល​មាន​ប្រយោជន៍ ខុស​ពី​នេះ​ឡើយ ហើយ​ក៏​ត្រូវ​ជំនួស​ឫស្សី ឬ​ធ្វើ​តាម​អ្វី​ដែល​ឫស្សី​បង្គាប់​ដែរ។ គ្មាន​ទេ​អត្តសញ្ញាណ​ខ្លួន​ឯង ទំពាំង​ត្រូវ​តែ​ដើរ​តាម​ស្មារតី​ឫស្សី​មិន​អាច​ជំទាស់​បាន​ជា​ដាច់​ខាត។ ដូច្នេះ ទំពាំង​កើត​មក​គ្រាន់​តែ​ដើម្បី​ស្នង​ប៉ុណ្ណោះ!

-ទីបី ទំពាំង​និង​ឫស្សី​មិន​មែន​សុទ្ធ​តែ​ល្អ​ទាំង​អស់​ទេ អាច​មាន​មិន​ត្រឹម​តែ​ទំពាំង​រលួយ​នោះ​ទេ មាន​ទាំង​ឫស្សី​ពុក​ផុយ​ផង​ដែរ ដែល​ទាំង​នេះ​បង្កើត​ពុម្ព​ផ្សេង​គ្នា។ ក្នុង​ករណី​ឫស្សី​ពុម្ព​មិន​ល្អ​ផង គេ​ពុំ​អាច​បន្ទោស​ថា ទំពាំង​មិន​កើត​ឡើយ។
ពាក្យ​ស្នង គ្រាន់​តែ​ជំនួស​កន្លែង​មែន​ទេ? វា​មិន​បាន​បញ្ជាក់​ច្បាស់​ថា​ ចំណុច​ណា​គួរ​ចម្លង ចំណុច​ណា​មិន​គួរ​ទេ។ ស្នង​ដូចម្តេច បើ​គ្មាន​ចំណុច​ល្អ​ឱយ​ស្នង​ផង​នោះ? ឫស្សី​មាន​បក្ស​ពួក​ចែក​គុម្ព រើស​អើង​ក្រុម បង្កើត​ខ្សែ​ស្រឡាយ បំពុល​ទំពាំង ស្រូប​យក​ជី​ជាតិ​មិន​បន្សល់​ឱយ​ទំពាំង​ក្រោយ…មាន​គំរូ​ល្អ​តិច​ណាស់​ដែល​ទំពាំង​គួរ​ស្នង ឬ​ក៏​តម្រូវ​ឱយ​ទំពាំង​ចម្លង​ឱយ​ដូច​បេះ​បិទ​ឬ?

ទំពាំងល្អ តែមានជនមិនល្អ បង្វែងដានឫស្សី (ផ្សាំ)

បីចំណុចយ៉ាងសង្ខេបនេះពុំអាចឱបក្រសោប​អស់​សេចក្តី​ឡើយ តែ​ហោច​ណាស់ មាន​ខ្លឹមសារ​ដ៏​សំខាន់​មួយ​ដែល​យើង​មិន​គួរ​ភ្លេច៖ ពិចារណា​ថ្លឹង​ថ្លែង​អំពី​គំនិត​ណា​មួយ​ឱយ​បាន​ច្បាស់​លាស់ ជៀស​វាង​ការ​ចេះ​តែ​យល់​ស្រប​មិន​ហ៊ាន​ប្រជែង​ឬ​ប្រឆាំង​នឹង​គំនិត​ឆ្គាំ​ឆ្គង​ណា​មួយ ទោះ​បី​គំនិត​នោះ​ជា​គំនិត​ដែល​គេ​ទទួល​ស្គាល់​យល់​ស្រប​ទាំង​អស់​គ្នា​ក៏​ដោយ។
ដល់​ពេល​ហើយ​ដែល​គេ​គួរ​ផ្លាស់​ប្តូរ​អ្នក​ស្នង។

ទន្ទឹម​នឹង​ឫស្សី​មាន​ស្នាម​ពុក​ផុយ​ច្រើន គេ​ពិបាក នឹង​រំពឹង​ថា អាច​បង្កើត​ទំពាំង​ល្អ​ណាស់។ បើ​ទំពាំង​ពន្លា​ពុម្ព​ថ្មី សាង​អ្វី​ល្អៗ ពន្លាត​ដី​មាន​ជីជាតិ បង្កើត​ការ​វិវត្ត​ថ្មី​ស្រឡាង​វិញ នោះ​ទើប​លំនាំ​ផ្សេង​អាច​លេច​ឡើង។ ក្នុង​លំនាំ​នេះ​ក៏​អាច​នាំ​ឱយ​មាន​សេរីភាព​ក្នុង​ជ្រើស​រើស​ប្រភេទ​ផ្សេង​ដែរ ពោល​គឺ​មិន​មែន​ធ្វើ​ជា​ទំពាំង​រហូត​នោះ​ឡើយ។ ទំពាំង​អាច​ជម្នះ​បាន គឺ​ប្រហែល​ឫស្សី​ដែល​ត្រូវ​ស្នង​ទំពាំង៕
ដោយ និស្សិតបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រសង្គម