តើអាចកម្ទេចលោកត្រាំ ដូចលោកត្រាំកម្ទេច មេទ័ពខ្លួនដែរទេ?

អ៊ីរ៉ង់ទើបចេញដីកាចាប់ខ្លួនលោក ដូណាល់ ត្រាំ ជុំវិញការធ្វើឃាតមេទ័ពខ្លួនគឺលោក Soleimani កាលពីដើមឆ្នាំនេះ…

(តេហេរ៉ង់)៖ ប្រទេសអ៊ីរ៉ង់ទើបតែបានសម្រេចចេញដីកាចាប់ខ្លួន និងបានស្នើស្ថាប័នប៉ូលិសអន្តរជាតិ Interpol ឲ្យជួយ ដើម្បីចាប់លោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក និងមនុស្សរាប់សិបនាក់ទៀត ដែលមានជាប់ពាក់ព័ន្ធក្នុងការធ្វើឃាតលោក Qassem Soleimani ជាមេទ័ពកំពូលម្នាក់របស់អ៊ីរ៉ង់ នៅឯទីក្រុងបាកដាដនៃប្រទេសអ៊ីរ៉ាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌ មាន Aljazeera នៅថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០។


ប្រមុខរដ្ឋអាជ្ញានៃទីក្រុងតេហេរ៉ង់ លោក Ali Alqasimehr នៅថ្ងៃចន្ទនេះ បាននិយាយថា លោក ត្រាំ និងបុគ្គលជាង៣០នាក់ទៀត ដែល មានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារដោយយន្តហោះដ្រូនកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ដែលបានផ្តាច់ជីវិតលោក Soleimani គឺ ត្រូវចោទប្រកាន់ពីបទឃាតកម្មនិងភេរវកម្ម។

បើតាមលោក Ali អ៊ីរ៉ង់បានចេញដីកាចាប់ខ្លួនលោក ត្រាំ និងបុគ្គលពាក់ព័ន្ធដទៃទៀត ហើយឈ្មោះពួកគេត្រូវបានបញ្ជូនទៅកាន់ស្ថាប័ន Interpol ដែលមានមូលដ្ឋាននៅទីក្រុង Lyon នៃប្រទេសបារាំងថែមទៀតផង។ អ៊ីរ៉ង់ដែលជាសមាជិក Interpol ដែរនោះ បានស្នើឲ្យខាង Interpol ចេញសេចក្តីប្រកាស «ពណ៌ក្រហម» ជាការអំពាវនាវឲ្យ ចាប់ខ្លួន។


គួរជម្រាបថា យោធាអាមេរិកបានសម្លាប់លោក Soleimani និងបុគ្គលប៉ុន្មានរូបទៀត ដោយប្រើយន្តហោះដ្រូន នៅក្បែរអាកាសយានដ្ឋាន អន្តរជាតិបាដាដ។ ការវាយប្រហារនេះ បានធ្វើឲ្យអ៊ីរ៉ង់បាញ់មីស៊ីលស្រោចលើមូលដ្ឋានទ័ពអាមេរិក នៅប្រទេសអ៊ីរ៉ាក់ ដែលបណ្តាលឲ្យ ទាហានអាមេរិកមួយចំនួនរងរបួស៕