មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ បើពលរដ្ឋឈប់ហូបសាច់សត្វព្រៃ ទើបគ្មានការបរបាញ់បន្តទៀត…

មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ បើពលរដ្ឋឈប់ហូបសាច់សត្វព្រៃ ទើបគ្មានការបរបាញ់បន្តទៀត…

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា បើប្រជាពលរដ្ឋនាំគ្នាឈប់បរិភោគសាច់សត្វព្រៃ នឹងគ្មានការបរបាញ់ដោយខុសច្បាប់ទៀតឡើយ។

ការបញ្ជាក់នេះ ធ្វើឡើងដោយមើលថា សកម្មភាពការជួញដូរសត្វព្រៃនៅតែកើតមាន ទោះបីជាមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធខិតខំប្រឹងប្រែងអនុវត្តច្បាប់ និងពង្រឹងការចុះល្បាតនៅតាមដែនជម្រកសត្វព្រៃនានា។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសទទួលអណ្តើកហ្លួងពីប្រជាពលរដ្ឋកាលពីថ្ងៃទី២៤ ខែមិថុនា ឯកឧត្តម បានលើកឡើងថា ប្រជាពលរដ្ឋនៅតែបន្តលួចចូលទៅក្នុងព្រៃដោយដើម្បីដាក់អន្ទាក់ និងបរបាញ់សត្វព្រៃ។ ឯកឧត្តមបន្តថា បើគ្មានតម្រូវការទីផ្សារ និងប្រជាពលរដ្ឋឈប់បរិភោគសាច់សត្វព្រៃ នោះការបរបាញ់ និងការជួញដូរខុសច្បាប់នឹងបញ្ចប់។
សំឡេង៖ បើសិនជាគ្មានតម្រូវការទីផ្សារ បើសិនប្រជាពលរដ្ឋឈប់បរិភោគសាច់សត្វព្រៃនោះ ខ្ញុំជឿថា ជនមួយចំនួន ព្រានព្រៃមួយចំនួន នឹងមិនទៅបរបាញ់សត្វទៀតនោះទេ! ក៏ប៉ុន្តែដោយសារតែនៅតាមភោជនីយដ្ឋានមួយចំនួន កន្លែងកម្សាន្តមួយចំនួន ជាពិសេសនៅតាមតំបន់ទេសចរណ៍ធម្មជាតិ តែងតែមានការលួចលាក់ការលក់សាច់សត្វធ្វើជាម្ហូបអាហារ។ ចឹងចំណុចនេះហើយដែលជាចំណុចមួយលើកទឹកចិត្តឱ្យព្រានព្រៃកាន់តែចូលទៅក្នុងព្រៃនៅក្នុងការបរបាញ់សត្វទៀត។ ចឹងបើសិនជាបងប្អូនប្រជាពលរដ្ឋស្រលាញ់សត្វព្រៃ ស្រលាញ់ធនធានធម្មជាតិ ជាពិសេសការពារសត្វព្រៃ គឺសូមកុំបរិភោគសាច់សត្វ បដិសេធ ហើយចូលរួមនៅក្នុងការរាយការណ៍ចំពោះជនទាំងឡាយណាដែលគាត់ប្រព្រឹត្តបទល្មើសធនធានធម្មជាតិដូចជា ការបរបាញ់សត្វ ការដាក់អន្ទាក់ គឺយើងត្រូវតែសហការដើម្បីបង្ក្រាប ដើម្បីយើងទប់ស្កាត់ យើងការពារធនធានធម្មជាតិរបស់យើង»។
ឯកឧត្តម ជឿជាក់ថា ការធ្វើឱ្យប្រជាពលរដ្ឋក្នុងសហគមន៍មានជីវភាពធូរធារ នឹងអាចទប់ស្កាត់បាននូវការបំផ្លាញព្រៃឈើ និងការសម្លាប់សត្វព្រៃដែលកំពុងប្រឈមការជិតផុតពូជនៅលើផែនដី។

គិតចាប់ពីខែធ្នូ ឆ្នាំ២០១៩ មកដល់ខែឧសភា ឆ្នាំ២០២០នេះ ក្រុមឧទ្យានុរក្ស បានដោះអន្ទាក់ចេញពីក្នុងព្រៃសរុបចំនួន៣.៦៥០អន្ទាក់។ នេះបើយោងតាមរបាយការណ៍របស់អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ហៅកាត់ WWF។ តួលេខនេះ បានបង្ហាញឱ្យឃើញការកើនឡើងចំនួន១៥ភាគរយ ប្រៀបធៀបទៅនឹងចំនួនអន្ទាក់ ដែលប្រមូលបាន ក្នុងរយៈកាលដូចគ្នាកាលពីមួយឆ្នាំមុន។
លោក សេង ទៀក នាយកអង្គការ WWF នៅកម្ពុជា បានគាំទ្រឱ្យមានការដាក់ចេញវិធានការបន្ទាន់ និងចាំបាច់នានា ដើម្បីបញ្ឈប់ការបរបាញ់ និងជួញដូរសត្វព្រៃគ្រប់ប្រភេទដែលកំពុងមានវត្តមាននៅកម្ពុជា។ លោកថា ការបរិភោគសាច់សត្វព្រៃ មិនបានជួយអីដល់សុខភាពនោះឡើយ ផ្ទុយមកវិញវាអាចបង្កផលប៉ះពាល់ដល់សុខភាពពីការចម្លងមេរោគផ្សេង។

ចាប់តាំងពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២០នេះ សត្វព្រៃជាច្រើនក្បាលត្រូវបានស្លាប់ដោយជាប់អន្ទាក់ព្រាន និងការលួចបរបាញ់របស់ជនល្មើសក្នុងដែនជម្រកការពារធនធានធម្មជាតិ ក្នុងនោះមានទន្សោងចំនួន១០ក្បាល ត្រូវបានសម្លាប់ដោយគ្រាប់កាំភ្លើង និងស្លាប់ដោយជាប់អន្ទាក់ក្នុងដែនជម្រកសត្វព្រៃផ្សេងៗគ្នាដូចជា ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នក្នុងខេត្តឧត្តរ ដែនជម្រកសត្វព្រៃភ្នំព្រេច ដែនជម្រកសត្វព្រៃលំផាត់ក្នុងខេត្តមណ្ឌលគិរី និងក្នុងតំបន់ព្រៃឈើក្នុងខេត្តកំពង់ស្ពឺ។
កាលពីថ្ងៃទី២៣ ខែមិថុនានេះ ក៏មានសត្វខ្ទីងដ៏ធំមួយក្បាល ត្រូវបានក្រុមជនល្មើសសម្លាប់ និងពន្លះសាច់ជាដុំៗ ក្នុងដែនជម្រកសត្វព្រៃភ្នំក្រវាញ ខេត្តពោធិ៍សាត់៕