មាតាបិតា និងអ្នកអាណាព្យាបាល សិស្សសាលាអន្តរជាតិ ស៉ី អាយ អេ ហ្វឺសត៍ ប្រមាណ៩០% ទទួលយកដំណោះស្រាយរបស់សាលា (Video inside)

មាតាបិតា និងអ្នកអាណាព្យាបាល សិស្សសាលាអន្តរជាតិ ស៉ី អាយ អេ ហ្វឺសត៍ ប្រមាណ៩០% ទទួលយកដំណោះស្រាយរបស់សាលា (Video inside)

(ភ្នំពេញ)៖ មាតាបិតា និងអ្នកអាណាព្យាបាលសិស្សរបស់សាលាអន្តរជាតិ ស៉ី អាយ អេ ហ្វឺសត៍ ប្រមាណ៩០% បានទទួលយកដំណោះស្រាយរបស់សាលា ក្នុងពេលប្រឈមនឹងការលំបាករួម ដោយសារការរីករាលដាលនៃវីរុសកូវីដ១៩ និងបានបង់ថ្លៃសិក្សា របស់បុត្រធីតារួចរាល់ហើយ។

ការទទួលយកដំណោះស្រាយរបស់មាតាបិតាសិស្ស ធ្វើឡើងបន្ទាប់ពីសាលាអន្តរជាតិ ស៉ី អាយ អេ ហ្វឺសត៍ បានសម្រេច ដូចខាងក្រោម៖

*សម្រាប់ ថ្នាក់ K3-K4K5 សាលាបញ្ចុះតម្លៃជូន ២៥%
*សម្រាប់ថ្នាក់ពីទី១ ដល់ ថ្នាក់ទី១២ សាលាបញ្ចុះតម្លៃជូន ១៥+៥% ។

សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ បានឲ្យដឹងទៀតថា ចំនួនដែលនៅសល់ប្រមាណ ១០%ទៀត សាលាទុកពេលជូនរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៧៖០០ និងបានចេញសេចក្ដីជូនដំណឹង ព្រមទាំងរំលឹកជាច្រើនលើកច្រើនសារ ប៉ុន្តែដោយគ្មានការឆ្លើយតប សាលាបានសម្រេចអនុវត្តវិធានការរដ្ឋបាលរបស់ខ្លួន ដោយមិនទទួលខុសត្រូវចំពោះការយឺតយ៉ាវ បន្តទៅទៀតទេ ហើយនេះជាការងាររដ្ឋបាលធម្មតាដូចបានអនុវត្តនាពេលកន្លងមក។

ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីសាលាបានផ្តល់ដំណោះស្រាយបញ្ចប់ ជាចុងក្រោយរបស់ខ្លួន ដូចមានការជូនដំណឹងទៅមាតាបិតា ដែលមានកូនរៀននៅសាលាអន្តរជាតិ ស៉ី អាយ អេ ហ្វឺសត៍ ជាផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។ ចំណាត់ការរដ្ឋបាលនេះ ធ្វើឡើងដើម្បីចៀសវាងផលប៉ះពាល់ ដល់ឆ្នាំសិក្សារបស់សិស្សានុសិស្ស ក៏ដូចជាគោរពការសម្រេចចិត្តទទួលយករបស់មាតាបិតា និងអ្នកអាណាព្យាបាលសិស្សដ៏ច្រើនលើសលប់ ក្នុងពេលប្រឈមនឹងការលំបាករួមនៃការរាតត្បាតកូវីដ១៩ បែបនេះ។

សេចក្តីជូនដំណឹងដដែល បានឲ្យដឹងទៀតថា ក្រៅពីនេះ ទង្វើទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ ដល់ដំណើរការសិក្សារបស់សិស្សានុសិស្ស ដែលនឹងបញ្ចប់ឆ្នាំសិក្សានៅចុងខែមិថុនា ឆ្នាំ២០២០ និងប៉ះពាល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងមុខមាត់សាលា, សាលានឹងការពារខ្លួនតាមរយៈការអនុវត្តច្បាប់ ដែលមានជាធរមាន៕