ប្រធាន FIFA គាំទ្រទង្វើប្រឆាំងការរើសអើងពូជសាសន៍របស់ Sancho និងអះអាងថា «មិនត្រូវជាប់ពិន័យឡើយ»….

ប្រធាន FIFA គាំទ្រទង្វើប្រឆាំងការរើសអើងពូជសាសន៍របស់ Sancho និងអះអាងថា «មិនត្រូវជាប់ពិន័យឡើយ»

(ហ្ស៊ូរិច)៖ លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA បានថ្លែងថា កីឡាករ Jadon Sancho ដែលបានកំពុងក្នុងលីគកំពូលអាល្លឺម៉ង់ Bundesliga នោះ គួរតែទទួលបានការសាទរ និងមិនជាប់ទណ្ឌកម្មនោះទេ ពីទង្វើដែលរូបគេបានចូលរួមរកយុត្តិធម៌ឲ្យជនជាតិស្បែកខ្មៅ George Floyd ដែលត្រូវបានប៉ូលិសស្បែកសអាមេរិក សង្កត់កដល់ស្លាប់នោះ។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានដកស្រង់ចេញផ្សាយដោយវេបសាយ Livescore ថា «ដើម្បីចៀសវាងការសង្ស័យនៅក្នុងការប្រកួតរបស់ FIFA ការបង្ហាញអាកប្បកិរិយារបស់កីឡាករនាពេលថ្មីៗនេះ នៅក្នុងការប្រកួតក្របខណ្ឌ Bundesliga នឹងសមទទួលបានការសាទរ និងមិនមែនជាទណ្ឌកម្មទេ។ យើងត្រូវតែនិយាយថាទេ ចំពោះការរើសអើងជាតិសាសន៍ និងគ្រប់ទម្រង់នៃការរើសអើង។ យើងទាំងអស់គ្នាត្រូវតែនិយាយថាទេ ចំពោះអំពើហិង្សាគ្រប់រូបភាពនៃអំពើហិង្សា»។

លើសពីនេះទៀត FIFA ក៏បានជំរុញឲ្យសមាគមជាតិ និងអន្តរជាតិនានា ប្រកាន់យកវិធីសាស្រ្តរួមគ្នា ដើម្បីដោះស្រាយជាមួយនឹងការតវ៉ា និងបាតុកម្មនៅលើទីលាន ស្របពេលដែលអាមេរិក កំពុងមានភាពវឹកវរ ក្នុងការប្រឆាំងទៅនឹងការរើសអើពូជសាសន៍នោះ។

កីឡាករអង់គ្លេស Jadon Sancho និងមិត្តរួមក្រុម Achraf Hakimi របស់ក្លិប Borussia Dortmund សុទ្ធតែបានបង្ហាញសារ ដែលបានសរសេរក្នុងអាវកាក់របស់ពួកគេថា «Justice for George Floyd» នៅពេលអបអរគ្រាប់បាល់ដែលរកបានក្នុងអំឡុងក្លិបប្រកួតទល់នឹង Paderborn កាលពីថ្ងៃអាទិត្យ ដូចកីឡាករ Weston McKennie របស់ក្លិប Schalke បានធ្វើសញ្ញាជាអាវុធ និងកីឡាករខ្សែប្រយុទ្ធ Marcus Thuram របស់ក្លិប Borussia Monchengladbach បានលុតជង្គង់បន្ទាប់ពីស៊ុតបញ្ចូលទីទល់នឹងក្រុម Union Berlin ទៀតផង៕