អភិបាលខេត្តកំពង់ចាម ! ពាក់ព័ន្ធ និង​ វិវាទដីធ្លីនៅស្រុកបាធាយ បានដាក់ចេញនូវគោលការណ៍៤ចំណុច…

អភិបាលខេត្តកំពង់ចាម ដាក់ចេញគោលការណ៍៤ចំណុច ពាក់ព័ន្ធវិវាទដីធ្លីនៅស្រុកបាធាយ


(កំពង់ចាម)៖ ក្នុងកិច្ចប្រជុំពិនិត្យស្ថានភាពដីធ្លីតំបន់ខុនមាស ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់ចេញគោលការណ៍៤ ចំណុច ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងសហគមន៍ ។

ក្នុងកិច្ចប្រជុំ ដែលមានការចូលរួមពីសំណាក់អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អាជ្ញាធរស្រុកបាធាយ និងតំណាងប្រជាពលរដ្ឋជាម្ចាស់បណ្តឹងផងនោះ
ជាលទ្ធផល លោកអភិបាលខេត្ត បានដាក់ចេញនូវគោលការណ៍ដូចខាងក្រោម៖

*ទី១៖ ចាត់តាំង លោក កែវ នាឬទ្ធិ អភិបាលរងខេត្ត ជាតំណាងអភិបាលខេត្ត ដឹកនាំក្រុមការងារមួយ ចូលរួមដោយមន្ទីរជំនាញ ដោយមានវត្តមានប្រធានមន្ទីរ និងអាជ្ញាធរស្រុក ឃុំ សហការ ជាមួយព្រះរាជអាជ្ញា និងកម្លាំងមានសមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្ដែង ថាតើតំបន់នោះជាដីមេទឹកពិតប្រាកដឬអត់? ហើយមាននៅក្នុងផែនទីក្រសួងធនធានទឹកដែរឬទេ?
មានទំហំប៉ុន្មាន? ត្រូវកំណត់ឲ្យច្បាស់និងរាយការណ៍មករដ្ឋភិបាលខេត្តវិញ។ ក្នុងករណីដីខាងលើនេះជាដីមេទឹក សូមរក្សាទុកជាសម្បត្តិរបស់រដ្ឋ។ តែបើពិនិត្យឃើញថា ដីខាងលើនេះមិនមានក្នុងផែនទី ថាជាដីមេទឹកទេ ត្រូវផ្ដល់ជូនដល់ប្រជាពលរដ្ឋទាំង១៨ គ្រួសារ។

*ទី២៖ ចំពោះអ្នកទាំង៤០ គ្រួសារផ្សេងទៀត នៅពេលក្រុមការងារសម្រេចយ៉ាងណាហើយនោះ គឺអ្នកទាំងនោះមិនមានសិទ្ធិមកកាងដីខាងលើនោះទៀតបានទេ។ ប្រសិនបើមានអ្នកណាមកកាងដីនេះទុកឲ្យឈ្មួញ អាជ្ញាធរខេត្តនឹងអនុវត្តតាមផ្លូវច្បាប់ដោយត្រូវឃាត់ខ្លួនតែម្ដង។ តែបើអ្នកទាំង៤០ គ្រួសារនោះការពារដីខាងលើទុកជាសម្បត្តិរបស់រដ្ឋ អាជ្ញាធរខេត្តសូមគាំទ្រទាំងស្រុង។

*ទី៣៖ ត្រូវមានការចូល និងការសហការពី ព្រះរាជអាជ្ញា និងកងកម្លាំងមានសមត្ថកិច្ច មុនចុះអនុវត្តការងារ។

*ទី៤៖ មិនត្រូវធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់សហគមន៍ឡើយ​ ។