អ្នកស្រី អ៊ាន សៀវម៉ី ផ្ដល់ថវិកាជូនរាជរដ្ឋាភិបាលចំនួន ៥ពាន់ដុល្លារ ដើម្បីជួយទប់ស្កាត់កូវីដ១៩…

អ្នកស្រី អ៊ាន សៀវម៉ី ផ្ដល់ថវិកាជូនរាជរដ្ឋាភិបាលចំនួន ៥ពាន់ដុល្លារ ដើម្បីជួយទប់ស្កាត់កូវីដ១៩…

(ភ្នំពេញ)៖ អ្នកស្រី អ៊ាន សៀវម៉ី អាជីវករលក់ដូរផលិតផលថែរក្សាសម្រស់លើបណ្ដាញសង្គម Online បានឧបត្ថម្ភថវិកាចំនួន៥ពាន់ដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ ដែលកំពុងរាតត្បាតពិភពលោក និងនៅកម្ពុជាផងដែរ។

អ្នកស្រី អ៊ាន សៀវម៉ី បានផ្ដល់ថវិកា៥ពាន់ដុល្លារនេះ ជូនដល់ដៃលោក សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជានាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ថ្មីៗនេះ។

អ្នកស្រី អ៊ាន សៀវម៉ី បាន អរគុណសន្តិភាព, អរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំស្រុកទេសយើងឱ្យមានសន្តិភាព ហើយកត្តាសន្តិភាពនេះហើយ នាំឱ្យមានការរីកចំរើនសេដ្ឋកិច្ច រីកចំរើនលើគ្រប់វិស័យ ពលរដ្ឋកាន់តែមានជីវភាពធូរធាឡើងៗ ដែលនេះជាស្នាដៃដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន។

អ្នកស្រីបន្តថា នេះជាទឹកចិត្តចែករម្លែកដែលបានមកពីផលចំណេញលក់ផលិតផលបន្តិចបន្តួច យកមកជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩ ដែលបាននិងកំពុងវាយលុកសាកលលោក ខណៈដែលកម្ពុជាពិតជាមានសមត្ថភាពខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនេះ ខណៈមនុស្សចំនួន១២២នាក់ហើយ បានជាសះស្បើយ រីឯការឆ្លងគ្មានជាទ្រង់ទ្រាយធំនោះទេ ពិសេសគឺកម្ពុជាគ្មានមនុស្សស្លាប់ដោយសារវីរុសកូវីដ១៩សោះឡើយ ដែលនេះពិតជាកើតចេញពីការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន និង មន្ត្រីពាក់ព័ន្ធទាំងអស់ ដែលខំប្រឹងធ្វើការលើរឿងនេះទាំងថ្ងៃទាំងយប់គ្មានបានសំរាក ក្នុងបុព្វហេតុជាតិ បុព្វហេតុស្រលាញ់ប្រជាជនកម្ពុជាទាំងអស់។

អ្នកស្រី សៀវ ម៉ី ក៏បានអំពាវនាវដល់បណ្ដាសប្បុរសជននានាទាំងក្នុង និងក្រៅស្រុកទាំងអស់មេត្តាបើកចិត្ត ចែករម្លែកជាថវិការតាមសទ្ធាជ្រះថ្លា ជូនដល់រដ្ឋាភិបាលកម្ពុជាយើងផង ដើម្បីជួយគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩នេះ ខណៈដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងក្រុមមន្ត្រីពាក់ព័ន្ធទាំងអស់ បាននិងកំពុងខិតខំទាំងថ្ងៃទាំងយប់ ក្នុងទប់ស្កាត់មេរោគសាហាវនេះ មិនឱ្យរីករាលក្នុងប្រទេសយើងនោះទេ។

គួរជម្រាបថា អ្នកស្រី អ៊ាន សៀវម៉ី កាលពីពេលថ្មីៗ ទើបតែផ្ដល់ថវិកាចំនួន១ម៉ឺនដុល្លារ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ព្រមទាំងជួយផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ រាប់រយគ្រួសារនៅឯខេត្តកំពង់ឆ្នាំង ដែលកាយវិការមនុស្សធម៌នេះទៀតសោត អ្នកស្រីទទួលបានលិខិតថ្លែងអំណរគុណ ពីព្រះតេជគុណ នួន សុផល តំណាងព្រះសង្ឃទាំងអស់ និងតំណាងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង ដែលអ្នកស្រីបានជួយជ្រោមជ្រែងចែកអំណោយមនុស្សធម៌ដល់ពលរដ្ឋក្រីក្រ ចាស់ជរា ជនមានពិការភាព និងក្មេងកំព្រាទាំងអស់ទៀតផង៕
Credit: #FN