ជីវិត និង ការតស៊ូ ! ទម្លាក់ដាវចុះ ដកប៊ិចឡើងវិញ…

ជីវិត និងការតស៊ូ…

ផល្លា ជាកូនស្រីច្បងនៃគ្រួសារក្រីក្រមួយ នាងជាសិស្សឧស្សាហ៍ព្យាយាម នាងមានចរិយាមាយាទល្អ ចេះស្តាប់ ដំបូន្មានឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងអ្នកដទៃ មិនតែប៉ុណ្ណោះនាងក៏ជាសិស្ស ដែលរៀនពូកែម្នាក់ នៅក្នុងថ្នាក់ទៀតផង។ ពូចាន់និងប្រពន្ធរបស់គាត់បានប្រកបមុខរបរធ្វើចម្ការដាំ​ដំណាំ និងបន្លែបង្ការ ផ្សេងៗទៀតជាច្រើនមុខ។

ក្រៅពីផ្គត់ផ្គង់ក្នុងគ្រួសារ ពួកគាត់បានយកភោគផលទាំងនោះ ទៅលក់នៅទីផ្សារ និងភូមិដទៃក្បែរៗនោះដើម្បីយកប្រាក់មកជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារ។


នៅពេលទំនេរពីការងារធ្វើចម្ការ ពួកគាត់ទាំងពីរបានទៅរកអុសក្នុងព្រៃដើម្បីយកមក ប្រើប្រាស់ក្នុង​​គ្រួសារ បើសល់ពីការប្រើប្រាស់ពួកគាត់បានយកអុសទាំងនោះទៅលក់នៅឯភូមិដទៃៗទៀត​។​

មានពេល​ខ្លះ​ដោយសារតែប្រាក់កាសមានមិនគ្រប់គ្រាន់សម្រាប់ការចាយវាយ​ គាត់ក៏បានប្រកបមុខរបរ បន្ទាប់បន្សំមួយទៀត គឺរកទិញរបស់អេតចាយយកទៅលក់ ដើម្បីបានប្រាក់កំរៃយកមកជួយទ្រទ្រង់​ជីវភាពគ្រួសារបន្ថែមទៀត។

ឯនាងផល្លាវិញ តែងតែ ក្រោកពីព្រឹកព្រលឹម ដើម្បីជួយបោសសម្អាតផ្ទះសំបែង បន្ទាប់មក ទើបនាងងូតទឹកសំអាតកាយ រៀបចំខ្លួនប្រាណទៅរៀននៅអនុវិទ្យាល័យ ក្រឡាញ់​។

មានថ្ងៃមួយនោះ​ ពេលនាងចាកចេញពីផ្ទះ ទៅសាលារៀន ស្រាប់តែមានភ្លៀងធ្លាក់មួយមេយ៉ាងធំ​ ដែលធ្វើឱ្យផល្លាមានការពិបាកធ្វើដំណើរទៅកាន់សាលារៀន ដោយសារផ្លូវស្អិតមានដីជាប់ទៅនឹងកង់របស់នាងធ្វើឱ្យនាងរុញកង់ទៅមុខ ក៏មិនរួច រុញទៅក្រោយ ក៏មិនបាន រំពេចនោះផល្លាស្រាប់តែមានគំនិតមួយថា

”មានតែការខិតខំប្រឹងប្រែងរៀនសូត្រទេ ទើបធ្វើឱ្យខ្លួននិងគ្រួសារ រួចផុតពីភាពក្រលំបាកទាំងអស់នេះ”

ដូចនេះ ខ្ញុំត្រូវតែតស៊ូពុះពារគ្រប់ឧបសគ្គ ដែលបានកើតមាននៅចំពោះមុខ។ គិតរួចហើយនាងក៏បានយកឈើ មកឆ្កឹះដីដែលជាប់នឹងកង់ចេញ ធ្វើយ៉ាងណាឱ្យវាអាច វិលទៅមុខបាន។

បន្ទាប់មកនាងផល្លាក៏បានបន្តដំណើរ ទៅមុខទៀតទាំងសម្លៀកបំពាក់ទទឹកជោគជាហេតុធ្វើឱ្យនាងមានការខ្មាស់អៀនចំពោះអ្នកដទៃជាខ្លាំង ប៉ុន្តែនាងនៅតែមិនព្រមបោះបង់ចោល ការសិក្សារបស់នាងឡើយ។ ពេលដែលនាងទៅមិនទាន់ម៉ោងគោរពទង់ជាតិ ពេលនោះសាលារៀន ក៏បានបិទទ្វាររបង ព្រោះសាលា រៀនមានវិន័យចែងថា បើសិស្សណាមកមិនទាន់ម៉ោងគោរពទង់ជាតិ គឺត្រូវឈរនៅខាងក្រៅទីធ្លាសាលារៀន ហើយក៏មិនត្រូវបានអនុញ្ញាតឱ្យចូលរៀនឡើយ ម្យ៉ាងទៀតនឹងត្រូវកត់អវត្តមានចំពោះសិស្សទាំងនោះទៀតផង។

នាងផល្លាមិនទាន់វិលត្រឡប់ទៅ​ផ្ទះនាងវិញទេ គឺនាងនៅតែបន្តឈរនៅខាងក្រៅរបងសាលារៀន ដោយទឹកមុខស្រពាប់ស្រពោនជាខ្លាំង។ រំពេចនោះលោកនាយកសាលាក៏បានដើរចេញមកខាងក្រៅ ក៏បានឃើញនាងកំពុងឈរខាងក្រៅរបង ហើយក៏បានដើរសំដៅមករកនាង រួចសួរនាងថា ហេតុអ្វីបានជាប្អូនឈរនៅខាងក្រៅ​ម្ត៉េចក៏មិនចូលរៀន? នាងក៏បានឆ្លើយតបវិញថា សូមទោសលោកនាយក ថ្ងៃនេះនាងខ្ញុំ មកមិនទាន់ម៉ោង ដោយសារមានភ្លៀងធ្លាក់ច្រើននៅតាម ផ្លូវមកសាលារៀន ហើយមានដីស្អិតជាប់នឹងកង់ ពិបាកជិះកង់ទៅមុខរួចណាស់ ទើបធ្វើឱ្យនាងខ្ញុំមកមិនទាន់ម៉ោង។

លោកនាយកយល់ហេតុការណ៍ ក៏បាននិយាយតបវិញថាបានហើយប្អូនចូលមកក្នុង សាលារៀនចុះមិនអីទេ។ នាងក៏បានឆ្លើយតបវិញថា សូមអរគុណលោកនាយក។ ពេលនាងចូលទៅដល់មុខថ្នាក់រៀន នាងក៏បានសុំអនុញ្ញាតពីលោកគ្រូ ដើម្បីចូលរៀន។ លោកគ្រូឃើញខ្លួន នាងទទឹកជោគអស់ លោកគ្រូក៏បានដឹងដែរថា ការធ្វើដំណើរតាមផ្លូវមានដីស្អិតនៅពេលកំពុងមានភ្លៀងធ្លាក់ ហើយផ្ទះនាងក៏នៅឆ្ងាយពីសាលារៀនទៀត។ ក្រៅពីការសិក្សានៅសាលារៀន នាងតែងតែជួយធ្វើការងារឪពុកម្តាយ ជានិច្ច ដូចជា ជួយស្រោចដំណាំ ជួយមើលប្អូនតូចៗ និងជួយកិច្ចការផ្ទះដទៃៗទៀត ដែលនាងអាចធ្វើបាន។


វាជាសំណាងអាក្រក់សម្រាប់ផល្លា ថ្ងៃមួយឪពុករបស់នាង បានធ្លាក់ខ្លួនឈឺជាទម្ងន់ ដោយសារគាត់ប្រឹងប្រែង ធ្វើការធ្ងន់ធ្ងរពេករហូតដល់ធ្វើឱ្យគាត់ធ្លាក់ឈាមចេញមកតាម មាត់ ហើយថែមទាំងមានជំងឺក្រពះ ពោះវៀនទៀតផង។ ពេលនោះម្តាយរបស់នាង ក៏បានឱ្យនាងឈប់រៀនជាបន្ទាន់ ដើម្បីឱ្យនាងជួយមើលថែទាំឪពុកនាង។

គ្រាន់តែឮពាក្យដែលម្តាយនាង និយាយឲ្យឈប់រៀន ធ្វើឱ្យផល្លាមានការរន្ធត់ចិត្ត​ជាខ្លាំង ព្រោះនាងមិនដែលគិតថាចង់ឈប់រៀនទេ ប៉ុន្តែនាងមិនអាច និយាយប្រាប់ម្តាយភ្លាមៗបានទេនៅពេលនោះ។  ចាប់ពីពេលនោះមក ផល្លា ខកខានមិនបានទៅសាលារៀនអស់ រយៈពេលបីថ្ងៃជាប់ៗគ្នា ស្រាប់តែនៅថ្ងៃទីបួន នាងផល្លា សែនចំឡែកក្នុងចិត្តអស្ចារ្យ ដោយបានឃើញវត្តមាន លោកគ្រូ អ្នកគ្រូ និងមិត្តរួមថ្នាក់របស់នាង បានមកដល់ផ្ទះនាងយ៉ាងច្រើន។ ពេលនោះលោកគ្រូ អ្នកគ្រូនិងមិត្ត ទាំងអស់ក៏បានសាកសួរផល្លា និងម្តាយនាង។ ក្រោយពេលស្តាប់ ផល្លា និងម្តាយផល្លា និយាយប្រាប់រឿងរ៉ាវ តាមហេតុការណ៍ដែលបានកើតឡើងចំពោះគ្រួសារនាងរួចមកអ្នកទាំងអស់មានការអាណិតអាសូរយ៉ាងខ្លាំង ដល់គ្រួសារនាង ពិសេសនាងផល្លា ដែលជាសិស្សឧស្សាហ៍ព្យាយាម ខិតខំតស៊ូក្នុងការរៀនសូត្រជាពន់ពេក។

បន្តិចក្រោយមក មានលោកគ្រូម្នាក់ បាននិយាយប្រាប់ឪពុកម្តាយផល្លាថាពួកគាត់ទាំងអស់គ្នានឹងជួយដោះស្រាយបញ្ហាទាំងអស់នោះ ដោយជួយ រៃអង្គាសចូលវិភាគទាន ជាថវិកាក្នុងមួយខែម្នាក់ចំនួនប្រាំរយរៀល សម្រាប់ជួយឧបត្ថម្ភដល់គ្រួសារលោកពូ អ្នកមីង និង ឱ្យផល្លាបានចូលរៀនវិញ។ ឮពាក្យដូច្នោះ ពូចាន់សែន សប្បាយរីករាយយ៉ាងខ្លាំង ដែលវាជាឱកាសល្អសម្រាប់កូនស្រីគាត់អាចបន្តការសិក្សាទៅមុខទៀតឱ្យដល់គោលដៅរបស់នាង។

ទីបំផុតនាងផល្លាក៏បានសម្រេចបំណង តាមគោលដៅជីវិតដែលនាងបានរំពឹងទុកជាយូរយារ ណាស់មកហើយ។ សព្វថ្ងៃនាងផល្លា បានក្លាយជាសាស្ត្រាចារ្យដ៏ល្អម្នាក់ ឯកទេសមុខវិជ្ជា អក្សរសាស្ត្រ ហើយក៏កំពុងបង្រៀននិស្សិត នៅសាកលវិទ្យាល័យ មួយ ។