មេFacebook ! ប្រកាសបើកមុខជំនួញថ្មីតាមរយៈហាងអនឡាញ Facebook Shop…

មេFacebookប្រកាសបើកមុខជំនួញថ្មីតាមរយៈហាងអនឡាញ Facebook Shop…

ភ្នំពេញ៖ មេក្រុមហ៊ុនFacebook លោក Mark Zuckerberg បានប្រកាសដាក់ឱ្យប្រើប្រាស់ Facebook Shop សម្រាប់អ្នកដែលមានបំណងចង់ធ្វើអាជីវកម្មខ្នាតតូចតាមប្រព័ន្ធអនឡាញនៅលើបណ្តាញសង្គមដ៏ល្បីហ្វេសប៊ុក ស្របពេលជាមួយនឹងការផ្ទុះចេញនូវជំងឺឆ្លង កូវីត-១៩ ដែលធ្វើឱ្យមនុស្សមិនអាចចេញទៅក្រៅដើម្បីដើរផ្សារទិញអីវ៉ាន់បាន។

Zuckerberg នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២០ ម្សិលមិញនេះឱ្យដឹងថា Facebook Shop វាគឺជាកម្មវិធីមួយសម្រាប់ឱ្យអ្នកធ្វើអាជីវកម្មខ្នាតតូចផ្ទាល់ខ្លួន អាចបង្កើតហាងខ្លួនឯងបានដើម្បីលក់ផលិតផលដោយផ្ទាល់ ឬឱ្យអតិថិជនអាចចូលទៅរកមើលផលិតផលដែលគេចង់បាននៅក្នុងហាងនោះបានផងដែរ ។

លោកបន្តថា និយាយទៅវាស្រដៀងទៅនឹង Facebook Page ដែរ គ្រាន់តែវាមានលក្ខណៈស្តង់ដារជាការលក់លើអនឡា⁸ញជាង ដោយមានភ្ជាប់មកជាមួយនឹងមុខងារបញ្ជារទិញ កាតាឡុកផលិតផលតាំងបង្ហាញ ព្រមទាំងមានមុខងារក្នុងការទូទាត់ប្រាក់ សំខាន់ៗមួយចំនួនដែលស្រដៀងគ្នាទៅនឹងវេបសាយលក់អនឡាញនានាផ្សេងដែរ។

លោកអ្នកអាចដំឡើងកម្មវិធី Facebook Shop ដោយឥតគិតថ្លៃ ដើម្បីរៀបចំជាហាងផ្ទាល់ខ្លួន ហើយវានឹងបង្ហាញប្រាប់នៅលើ គណនី ហ្វេសប៊ុក និង អ៊ីនស្តាក្រាម របស់លោកអ្នកដើម្បីចាប់ផ្តើមដំណើរការហាងនោះ ហើយមិនយូរមិនឆាប់វាក៏មាននៅលើ Messenger និង WhatsApp ផងដែរ សម្រាប់ធ្វើការទាក់ទងជាមួយអតិថិជនរបស់លោកអ្នក៕