ទីបំផុត Thai Airways ត្រូវបានគណៈរដ្ឋមន្ត្រីថៃ យល់ព្រមឲ្យប្រកាសក្ស័យធន…

ទីបំផុត Thai Airways ត្រូវបានគណៈរដ្ឋមន្ត្រីថៃ យល់ព្រមឲ្យប្រកាសក្ស័យធន…

នៅទីបំផុត គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារ ម្សិលមិញនេះ បានសម្រេចឲ្យក្រុមហ៊ុនអាកាសចរណ៍ Thai Airways ត្រូវតែធ្វើការស្ដារនីតិសម្បទា តាមរយៈការប្រកាសក្ស័យធនដោយតុលាការ ដោយការសម្រេចនេះ ត្រូវបានលោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ចាត់ទុកថា គឺជាការលំបាកមួយ តែវាជារឿងចាំបាច់ត្រូវតែធ្វើ។

លោក ប្រាយុទ្ធ ក៏បានទទូច​ឲ្យ​គណៈរដ្ឋមន្ត្រីថៃ​សម្រេចចិត្ត​បោះបង់​ចោល​ការផ្ដល់​ហិរញ្ញវត្ថុ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways នេះ ព្រោះតែ​ត្រូវការ​សន្សំប្រាក់ទុក​សម្រាប់​គម្រោង​ផ្ដល់ជំនួយ​ដែលចាំបាច់​ ដើម្បី​កាត់បន្ថយ​វិបត្តិ​កូវីដ-១៩ និងពង្រឹង​សេដ្ឋកិច្ចរបស់ប្រទេស​ឡើងវិញ។

លោក ប្រាយុទ្ធ និយាយថា «នៅថ្ងៃនេះ ខ្ញុំ​បាន​ធ្វើការ​សម្រេច​ចិត្តដ៏លំបាកមួយ ទាក់ទង​នឹង​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways។ ប៉ុន្ដែ វា​គឺជា​អ្វីតែមួយ ដែលខ្ញុំដឹងថា វាគឺជា​ផលប្រយោជន៍ធំធេង​សម្រាប់​សាធារណជន និង​ប្រទេសជាតិ​របស់យើង»។


លោក​នាយករដ្ឋមន្ត្រីថៃ​បន្ថែមថា រាជរដ្ឋាភិបាល មាន​ជម្រើសបី គឺទី១ រកលុយ​បន្ថែមទៀត​ ដើម្បី​យកមក​រក្សា​ដង្ហើម​រស់​របស់ក្រុមហ៊ុននេះ, ទី២ គឺ​ទុកឲ្យវា​ក្ស័យធនដោយខ្លួនឯង និងទី៣ ​ឲ្យក្រុមហ៊ុននេះ​ត្រូវបានប្រកាស​ក្ស័យធន​ដោយតុលាការ និងអនុម័ត​ឲ្យមានគម្រោង​ការស្ដារ​នីតិសម្បទា។ ហើយជាចុងក្រោយ រាជរដ្ឋាភិបាលថៃ បាន​ជ្រើសយក​ជម្រើសទី៣។

បើតាម​ក្រសួង​ដឹកជញ្ជូនថៃ ​​​ពាក្យបណ្ដឹង​ក្ស័យធន ដើម្បី​ឲ្យ​មានការ​ស្ដារនីតិសម្បទា​ឡើងវិញនេះ នឹងត្រូវដាក់ទៅកាន់តុលាការ​ទាំងនៅក្នុងប្រទេស​ថៃផង និងសហរដ្ឋ​អាមេរិកផង ខណៈដែល​មាន​ប្រមាណ ៣៥% នៃ​ម្ចាស់បំណុល​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways នេះ គឺមាន​នៅ​សហរដ្ឋអាមេរិក។

កន្លងមក​គោលបំណង​ក្នុងការជួយសង្គ្រោះ​ក្រុមហ៊ុន​អាកាសចរណ៍ជាតិថៃមួយនេះ មិនមានប្រសិទ្ធភាព​ដោយសារតែ​មានការ​រាំងស្ទះ​ផ្នែក​ច្បាប់ ពិសេស​ច្បាប់ការងារ និងច្បាប់​សហគ្រាសរដ្ឋ ដែលវាបាន​ធ្វើឲ្យ​កិច្ចខិតខំ​ប្រឹងប្រែង​មានភាព​ស្មុគស្មាញ ក្នុងការកែទម្រង់ក្រុមហ៊ុននេះ។

ការស្ដារនីតិសម្បទានេះ នឹងពាក់ព័ន្ធ​នឹងការ​កាត់បន្ថយ​ចំណែក​ភាគហ៊ុន​ធំ​របស់​ក្រសួង​ហិរញ្ញវត្ថុថៃ នៅក្នុង​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​មួយនេះ និង​​ធ្វើឲ្យ​ក្រុមហ៊ុននេះ បាត់បង់​នូវភាព​ជា​សហគ្រាសរដ្ឋរបស់ខ្លួន។

នាយករដ្ឋមន្ត្រីថៃ បញ្ជាក់ថា ក្រុមហ៊ុន​ Thai Airways គួរតែ​ត្រូវបាន​អនុញ្ញាត​ឲ្យ​បន្តប្រតិបត្តិការ​ដើម្បី​បង្កើត​ប្រាក់ចំណូល ដូច្នេះ​វាអាច​ទទួលការពង្រឹង​អាជីវកម្ម​ឡើងវិញ។

សេចក្ដីសម្រេច​របស់គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារទី ១៩ ខែឧសភានេះ បានដាក់ចេញ​នូវផែនការ​ស្ដារឡើងវិញ​ដែលត្រូវបាន​រៀបចំ​ដោយ​ក្រុមហ៊ុន Thai Airways និង​គណៈកម្មាធិការ​គោលនយោបាយ​សហគ្រាសរដ្ឋ ដែលអនុគ្រោះ​ដល់​ក្រសួង​ហិរញ្ញវត្ថុ ដើរតួជា​អ្នកធានា​សម្រាប់​ប្រាក់កម្ចី​ ៥៤ ពាន់លានបាត​(១,៧ ពាន់លាន​ដុល្លារអាមេរិក) ដើម្បីជួយ​ក្រុមហ៊ុន​​អាកាសចរណ៍នេះ។



លោក​ប្រាយុទ្ធ បាន​ទទូចថា រាជរដ្ឋាភិបាល ត្រូវតែមានការ​ប្រុងប្រយ័ត្ន ជាមួយនឹង​ការចំណាយ​របស់ខ្លួន ដោយផ្ដល់​ប្រាក់កម្ចី​សង្គ្រោះ​កូវីដ-១៩ ដ៏ធំសម្បើម ដែលខ្លួន​​បាន​ដកយកទៅ​ជួយ​ក្រុមហ៊ុន​នេះ។ លោកបានបញ្ជាក់​ទៀតថា ប្រាក់ដែលបានបម្រុង​ទុក សម្រាប់​ការផ្ដល់​កម្ចី​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ថៃមួយនេះ អាច​នឹងត្រូវ​​ចំណាយ​កាន់តែប្រសើរ​ក្នុងការជួយដល់​អ្នកដែលរង​ផល​ប៉ះពាល់​ដោយ​ជំងឺរាតត្បាត។

លោកប្រាយុទ្ធ និយាយយ៉ាងដូច្នេះថា «យើងត្រូវការ​គិត​លើការចំណាយ​របស់យើង ដោយមាន​ការ​ប្រុងប្រយ័ត្ន ឥឡូវនេះ ការរាតត្បាត​បានធ្វើឲ្យមានផលប៉ះពាល់។ ការចំណាយនេះ គឺសម្រាប់​ស្ថានភាពសម្លាប់​រស់​របស់​ប្រជាជន​​របស់យើង»។

បើតាម​ការអះអាង​របស់​លោក អ៊ុតតាម៉ា សុវណ្ណា យ៉ាណា រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុថៃ បាននិយាយថា ការិយាល័យ​គោល​នយោបាយ​សហគ្រាសរដ្ឋ នឹង​ដាក់ចេញ​ផែនការ​ កាត់បន្ថយ​ចំណែកភាគហ៊ុន​របស់​ក្រសួង​ហិរញ្ញវត្ថុ​នៅក្នុង​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways ពី​ ៥១,០៣% នាពេល​បច្ចុប្បន្ន មកនៅក្រោម ៥០%វិញ ដែលវា​អាចនឹង​បញ្ចប់​ភាព​ជាសហគ្រាស​រដ្ឋ​របស់ក្រុមហ៊ុននេះផងដែរ៕