កម្ពុជាកាន់តែខ្លាំង!! អាមេរិក ស្នើសុំឲ្យមានជើងហោះហើរត្រង់មកកម្ពុជា មិនចុះចតប្រទេសជិតខាងទៀតទេ

កម្ពុជាកាន់តែខ្លាំង!! អាមេរិក ស្នើសុំឲ្យមានជើងហោះហើរត្រង់មកកម្ពុជា មិនចុះចតប្រទេសជិតខាងទៀតទេ…



ភ្នំពេញ៖ សហរដ្ឋអាមេរិកចង់ឃើញវត្តមានយន្តហោះBoeing ដែលជាផលិតផលរបស់ខ្លួនបម្រើសេវាកម្មទេសចរណ៍នៅកម្ពុជា។ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានលើកពីដំណើរការអាកាសចរណ៍មកពិភាក្សាជាមួយលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី១៨ ឧសភា។

ក្នុងជំនួបពិភាក្សាគ្នានោះឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាសន្យាជំរុញឱ្យក្រុមហ៊ុនអាកាសចរអាមេរិកមកពិភាក្សាដោយផ្ទាល់ជាមួយក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា ក្រោមកិច្ចសម្របសម្រួលពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

លោក W. Patrick Murphyបាននិយាយដូច្នេះថា៖«គួរមានការប្រើប្រាស់អាកាសយានប្រភេទ Boeing នៅប្រទេសកម្ពុជា»។

កម្ពុជាក៏ចង់ប្រើប្រាស់យន្តហោះប្រភេទBoeing នេះដែរ។ នេះជាការបញ្ជាក់របស់លោក ម៉ៅ ហាវណ្ណាល់ ដែលស្នើឱ្យលោកទូតអាមេរិករូបនេះបញ្ជូនក្រុមហ៊ុនផលិតយន្តហោះBoeing មកកម្ពុជា ដើម្បីពិភាក្សាគ្នា។

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាបានស្រង់សម្តីលោក ម៉ៅ ហាវណ្ណាល់ មកសរសេរលើហ្វេសប៊ុកដូច្នេះថា៖«សូមស្វាគមន៍ និងសូមឲ្យក្រុមហ៊ុន Boeing មកសហការនិងធ្វើបទបង្ហាញដល់អ្នកប្រើប្រាស់។ ចំពោះឯកឧត្តមបណ្ឌិតផ្ទាល់ក៏ពេញចិត្តចំពោះការធ្វើដំណើរតាមយន្តហោះ ប្រភេទBoeing ដែរជាពិសេសប្រភេទយន្តហោះ B777 ដែលផ្តល់ផាសុខភាពក្នុងការធ្វើដំណើរ»។

ក្រៅពីនេះលោក W. Patrick Murphy ក៏ពិភាក្សាពីការវិវត្តន៍វិស័យអាកាសចរស៊ីវិលនៅកម្ពុជា ជាពិសេសក្នុងអំឡុងពេល Covid-19,ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ, កិច្ចព្រមព្រៀងផ្លូវអាកាសរវាងកម្ពុជានិងអាមេរិក និងការផ្តល់សច្ចាប័ននៃការអនុវត្តអនុសញ្ញា Cape Town Convention ជាប្រយោជន៏សម្រាប់ហិរញ្ញប្បទានក្នុងការជួលអាកាសយានដែរ។ ចំពោះសំណើគិតគូរពីអនុសញ្ញាខេបថោន (Cape Town Convention) កម្ពុជាមិនជំទាស់ឡើយ។ តែលោក ម៉ៅ ហាវណ្ណាល់ ស្នើឲ្យលោកឯកអគ្គរដ្ឋទូតអាមេរិក ផ្តល់អ្នកប្រឹ ក្សានិងជំនួយបច្ចេកទេសរៀបចំដំណើរការនេះ។

ជាការឆ្លើយតបលោក W. Patrick Murphy សន្យារៀបចំអ្នកទំនាក់ទំនងមករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជំនួយបច្ចេកទេសសម្រាប់ការផ្តល់សច្ចាប័នអនុសញ្ញា Cape Town។ ងាកមកនិយាយពីកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសវិញ បច្ចុប្បន្ននេះកម្ពុជាបានចុះហត្ថលេខាទាំងទ្វេរភាគី និងពហុភាគីបានចំនួន៤៤ប្រទេសហើយ ក្នុងនោះជាមួយបណ្តាប្រទេសអាស៊ាន មានកិច្ចព្រមព្រៀងចំនួន៦ ជាលក្ខណៈពហុភាគី។ កម្ពុជាក៏បានពិភាក្សាលើកិច្ចព្រមព្រៀងជាមួយអាមេរិកវិញ តាំងពីឆ្នាំ២០១៤មកម្លេះ ដោយមានចំណុចឯកភាពគ្នាច្រើន លើកលែងតែពាក្យនិយមន័យ ទឹកដីនិងការស្នើសុំធ្វើសេវាកម្មផ្ទៃដី ដោយភាគីអាមេរិកផ្ទាល់។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ៕