បេះដូងគ្រូបង្រៀននៅត្បូងឃ្មុំ៖ ជិះម៉ូតូ ២០គីឡូម៉ែត្រ ទៅបង្រៀនក្មេងដល់ផ្ទះ

ដោយ សូរ្យរិទ្ធ៖

សេចក្តីរាយការណ៍ពីកាសែតស៊ីនហួ (XIN HUA) របស់ចិន បានចុះផ្សាយអំពីរឿងរ៉ាវលោកគ្រូជនជាតិខ្មែរម្នាក់ឈ្មោះ សេន វណ្ណា នៅសាលាបឋមសិក្សាមួយនៅតំបន់ជនបទនៃខេត្តត្បូងឃ្មុំ បានធ្វើដំណើរទៅបង្រៀនសិស្សដល់ផ្ទះរៀងរាល់ថ្ងៃ បន្ទាប់ពីសាលារៀនត្រូវបានបិទទ្វារដោយសារតែស្ថានភាពរបស់មេរោគកូវីដ ។

ក្រសួងអប់រំបានជំរុញឱ្យសិស្សរៀនតាមប្រព័ន្ធអ៊ីនធឺណេត ឬប៉ុស្តិ៍ទូរទស្សន៍ ប៉ុន្តែលោកគ្រូ វណ្ណា បាននិយាយថា សិស្សនៅក្នុងតំបន់របស់គាត់ស្ថិតនៅឆ្ងាយ បើគិតពីទីរួមខេត្តត្បូងឃ្មុំ ចម្ងាយប្រមាណ ៦៧ គីឡូម៉ែត្រ មានបញ្ហាក្នុងការប្រើអ៊ិនធើរណេត និងប៉ុស្តិ៍ទូរទស្សន៍ ។

Image may contain: one or more people and people sitting

បន្ទាប់ពីទទួលបានដំបូន្មានពីមន្ទីរអប់រំខេត្ត លោកគ្រូ វណ្ណា និង គ្រូៗដទៃទៀតនៅសាលាបឋមសិក្សា ហ៊ុនសែន ឈើទាល ក្នុងសហគមន៍ពាមជីកង ខេត្តត្បូងឃ្មុំ ដូច្នេះបានចាប់ផ្តើមធ្វើដំណើរទៅដល់ផ្ទះរបស់សិស្ស ដើម្បីបង្រៀនចាប់ពីដើមខែនេះ ។

«សិស្សនៅក្នុងសហគមន៍នេះមិនអាចរៀនតាមអ៊ិនធើរណេតបានទេ ដោយសារតែពួកគេមិនមានស្មាតហ្វូន និងសេវាកម្មអ៊ីនធើរ​ណេត បើមានក៏យឺត ពិបាកប្រើដែរ ។ ចំណែកការរៀនតាមកញ្ចក់ទូរទស្សន៍ ក៏មិនអាចទៅរួចដែរ ព្រោះមិនមានសញ្ញាអ្វីសោះ» លោកគ្រូវ័យ ៦៤ ឆ្នាំ ផ្តល់សម្ភាសន៍ជាមួយអ្នកកាសែតស៊ីនហួ ធីវី កាលពីពេលថ្មីៗនេះ។  «ដូច្នេះ នៅពេលទទួលបានដំបូន្មានពីមន្ទីរអប់រំខេត្តមក គ្រូសាលាបានសម្រេចចិត្តទៅបង្រៀនសិស្សនៅតាមផ្ទះជាក្រុមតូចៗ» ។

Image may contain: one or more people and people sitting

លោកគ្រូ វណ្ណា បង្រៀននៅថ្នាក់ទី ៤ មានប្រសាសន៍ថា គាត់ត្រូវបើកបរម៉ូតូចម្ងាយប្រហែល ២០ គីឡូម៉ែត្រ​រៀងរាល់ថ្ងៃ ដើម្បីធ្វើដំណើរទៅវិញទៅមករវាងផ្ទះគាត់ និងផ្ទះរបស់សិស្ស ។ គាត់រកមើលផ្ទះអ្នកភូមិណាដែលមានកន្លែងអង្គុយគ្រប់គ្រាន់សម្រាប់បង្រៀនក្មេងមួយក្រុមតូច មានគ្នា ៤-៥ នាក់។

«ខ្ញុំបានបង្រៀនក្រុមនីមួយៗប្រហែលកន្លះម៉ោង បន្ទាប់មកក៏បានទៅបង្រៀនក្មេងៗមួយក្រុមទៀត ពេញមួយព្រឹក ខ្ញុំអាចបង្រៀន​សិស្សបាន ៤ ក្រុម» ។

លោកគ្រូ វណ្ណា បាននិយាយថា គាត់យកចិត្តទុកដាក់អនាម័យគ្រប់ប្រការក្នុងពេលបង្រៀន គាត់ និងសិស្សរបស់គាត់ពាក់ម៉ាស និងរក្សាចម្ងាយល្អពីគ្នាជានិច្ច ។

Image may contain: 1 person, sitting, shoes, table and outdoor

លោកគ្រូម្នាក់នេះនិយាយថា គាត់មានសិស្សជាង ៤០ នាក់ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមានឱកាសមកចូលរួមរៀនទេ ព្រោះមានអ្នកខ្លះត្រូវជួយឪពុកម្តាយ ធ្វើស្រែ ចម្ការក្នុងកំឡុងឆ្នាំនេះ ។

ជាការពិតណាស់ សម្រាប់គ្រូ វណ្ណា ការធ្វើដំណើរឆ្ងាយពីផ្ទះមួយ ទៅផ្ទះមួយនៅភូមិផ្សេងៗគ្នា គឺនឿយហត់ណាស់ ប៉ុន្តែនេះជាកាតព្វ​កិច្ច និងឆន្ទៈនូវអ្វីដែលគាត់ត្រូវធ្វើក្នុងនាមជាគ្រូបង្រៀន ។ «វាជាកាតព្វកិច្ចរបស់ខ្ញុំ ហើយខ្ញុំអាណិតក្មេងៗដែលមិនបានសិក្សាអស់រយៈពេលជាច្រើនខែមកហើយ ដោយសារតែមេរោគកូវីដ១៩» ។

Image may contain: 1 person, sitting

កាលពីថ្ងៃព្រហស្បតិ៍ ទី ១៤ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅ លោក រស់ សុវិជ្ជា អ្នកនាំពាក្យក្រសួងអប់រំបានមានប្រសាសន៍ថា សិស្សនៅតាមជនបទមិនអាចរៀនតាមអ៊ិនធើរណេត ឬគ្មានទូរទស្សន៍មើលទេ  អាចត្រូវបានដាក់ជាក្រុមជាមួយគ្នាដើម្បីរៀន តែមិន​លើសពី ១០ នាក់ទេ ហើយក្មេងគ្រប់រូប ត្រូវតែរក្សាចម្ងាយសង្គម និងធ្វើតាមដំបូន្មានរបស់ក្រសួងសុខាភិបាល ដែលត្រូវបានរៀបចំដោយមន្ទីរសុខាភិបាលខេត្ត ។

Image may contain: one or more people, people sitting and shoes

ប្រទេសកម្ពុជាបានបិទស្ថាប័នអប់រំគ្រប់កន្លែងតាំងពីកណ្តាលខែមីនា ដើម្បីទប់ស្កាត់ការឆ្លងរោគកូវីដ ១៩ ។ ឯកឧត្តម ហង ជួន​ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជា បានថ្លែងនៅក្នុងលិខិតមួយកាលពីពេលថ្មីៗនេះថាទោះបីគ្មានរបាយការណ៍ស្តីពីការរកឃើញអ្នកជំងឺកូវីដ១០ ក៏ដោយ ក៏បទបញ្ជាឱ្យសាលាបិទនឹងចូលជាធរមានរហូតដល់ខែវិច្ឆិកា ដើម្បីទប់ស្កាត់ស្ថានភាពរាតត្បាតរលកទី២ ៕

Image may contain: one or more people and people sitting